សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន បានដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ ​ទី​ ៣១ មករា ជាការ​គម្រប់​ខួប​ ២ ​ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា ដោយ​ដាក់​គោលដៅ​លើ​មន្ត្រី​នៃ​ក្រសួង​ថាមពល និង​សមាជិក​នៃ​របប​សឹក​ជាដើម​។

​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​រតនាគារ​អាមេរិក បានដាក់​ទណ្ឌកម្ម​លើ​គណៈកម្មការ​បោះឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា សហគ្រាស​រុករក​រ៉ែ​ទី​១ និង​ទី​២ និង​មន្ត្រី​នៃ​ក្រសួង​ថាមពល​ក្នុងចំណោម​អ្នក​ដទៃទៀត​។ អ្នកនាំពាក្យ​ក្រសួង​រតនាគារ​បាន​ថ្លែងថា វា​ជា​លើកដំបូង​ដែល​សហរដ្ឋអាមេរិក បានកំណត់​គោលដៅ​ទៅលើ​មន្ត្រី​សហគ្រាស​ប្រេង និង​ឧស្ម័ន​មី​យ៉ាន់​ម៉ា​ (MOGE) ក្រោម​កញ្ចប់​ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា នាពេល​បច្ចុប្បន្ន​។​

​ក្រសួង​រតនាគារ​អាមេរិក​គូសបញ្ជាក់ថា ទណ្ឌកម្ម​ចុងក្រោយ​រប​ស់​សហរដ្ឋអាមេរិក បានកំណត់​គោលដៅ​ទៅលើ​នាយក​គ្រប់គ្រង និង​នាយករង​គ្រប់គ្រង​នៃ​ MOGE ដែលជា​ក្រុមហ៊ុន​បង្កើត​ប្រាក់ចំណូល​ធំ​បំផុត​តែមួយគត់​របស់​របប​យោធា​ដែល​ដឹកនាំ​ដោយ​លោក មីន អ៊ុង​ឡាំង​។ គួរ​គូសបញ្ជាក់ថា កន្លងមក ក្រុម​អ្នកតស៊ូ​មតិ​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​លើ​MOGE ប៉ុន្តែ​សហរដ្ឋអាមេរិក​មិន​បានធ្វើ​ដូច្នេះ​ទេ​។

​ក្រសួង​រតនាគារ បាន​បន្តថា មន្ត្រី​ក្រសួង​ថាមពល​ដែល​រង​ទណ្ឌកម្ម​តំណាងឱ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុងការ​ចូលរួម​លើ​វិស័យ​ថាមពល​អន្តរជាតិ និង​ក្នុងស្រុក និង​គ្រប់គ្រង​អង្គភាព​របស់​រដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​ការផលិត និង​ការនាំចេញ​ប្រេង និង​ឧស្ម័ន​។

​ទណ្ឌកម្ម​ចុងក្រោយ ក៏​កំណត់​គោលដៅ​លើ​មន្ត្រី​ចាស់ និង​បច្ចុប្បន្ន​នៃ​យោធា​មី យ៉ាន់​ម៉ា​ផងដែរ ដោយ​ចោទប្រកាន់​កងទ័ពអាកាស​ថា បាន​បន្ត​ការវាយប្រហារ​ដោយ​ប្រើ​យន្តហោះ​ផលិត​ដោយ​រុស្ស៊ី​ប្រឆាំងនឹង​កងកម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​សម្លាប់​ទាំង​ជន​ស៊ីវិល​។​

ប្រទេស​កាណាដា អូស្ត្រាលី និង​ចក្រភព​អង់គ្លេស ក៏​ចូលរួម​ដាក់ទណ្ឌកម្ម​ថ្មី​ជាមួយ​អាមេរិក​ផងដែរ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។ កាណាដា​បានកំណត់​គោលដៅ​ទណ្ឌកម្ម​លើ​បុគ្គល​ចំនួន ​៦ ​នាក់ ហើយ​ហាមឃាត់​ការនាំចេញ ការលក់ ការផ្គត់ផ្គង់ ឬ​ការដឹកជញ្ជូន​ឥន្ធនៈ​អាកាសចរណ៍ ខណៈ​អូស្ត្រាលី បានកំណត់​គោលដៅ​សមាជិក​របប​យោធា និង​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​យោធា​។​

​ដូចគ្នា​ដែរ ចក្រភព​អង់គ្លេស​បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ​២ និង​បុគ្គល​ ២ ​រូប ចំពោះ​ការជួយ​ផ្គត់ផ្គង់​ឥន្ធនៈ​អាកាសចរណ៍​ដល់​កម្លាំង​ទ័ពអាកាស​របស់​មី​យ៉ាន់​ម៉ា​ដែល​ធ្វើ​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​ប្រឆាំងនឹង​ពលរដ្ឋ​ខ្លួន​។​

​ទោះជា​យ៉ាងណាក៏ដោយ នាយក​តស៊ូ​មតិ​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លោក​ John Sifton បាន​ថ្លែងថា បូក​រួមទាំង​ទណ្ឌកម្ម​ថ្មី​នៅ​ថ្ងៃ​អង្គារ​សហរដ្ឋអាមេរិក​នៅតែ​មិន​ផ្គូផ្គង​នឹង​ទណ្ឌកម្ម​កាន់តែខ្លាំង​ដែល​ដាក់​ដោយ​សហភាព​អឺរ៉ុប ជាពិសេស​នៅពេល​និយាយ​អំពី​ប្រាក់ចំណូល​ពី​ឧស្ម័ន​ធម្មជាតិ និង​ធនាគារ​ដែល​ដំណើរការ​ការទូទាត់​ប្រាក់​បរទេស​ក្នុង​ឧស្សាហកម្ម​និស្សា​រណកម្ម ដែល​រួមមាន​ការរុករក​រ៉ែ ឧស្ម័ន​ធម្មជាតិ​ជាដើម​។

​គួររំឭកថា ក្រុម​យោធា​បានធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​នៅ​ថ្ងៃទី​ ១ កុម្ភៈ ឆ្នាំ ​២០២១ ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។ ចាប់តាំងពី​ពេលនោះ​មក មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូលទៅក្នុង​ភាពចលាចល ជាមួយនឹង​ការបង្ក្រាប​យ៉ាង​ហិង្សា​ឃោរឃៅ​លើ​សំឡេង​ប្រឆាំង និង​ការតវ៉ា ដែល​ជំទាស់​នឹង​ការគ្រប់គ្រង​របស់រប​ប​សឹក ស្រប​ពេលដែល​ចលនា​តស៊ូ​ប្រដាប់អាវុធ​ជាច្រើន​បានកើត​មាននៅ​តាម​តំបន់​នានា​នៃ​ប្រទេស​។

​នាពេលនេះ របប​សឹក​មី​យ៉ាន់​ម៉ា កំពុង​រៀបចំ​ការបោះឆ្នោត​តាម​គម្រោង​នៅ​ខែសីហា ដោយមាន​គណៈកម្មការ​បោះឆ្នោត​សហភាព ដែល​ក្រុម​យោធា​ចាត់ចែង​ឡើង និង​រង​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក ជា​អ្នករៀបចំ​។ ប៉ុន្តែ​ដោយសារ​ការតស៊ូ​ប្រដាប់អាវុធ​នៅ​ទូទាំងប្រទេស អ្នកវិភាគ​និយាយថា ប្រជាជន​នៅក្នុង​តំបន់​ជាច្រើន​ទំនងជា​មិន​ទៅ​បោះឆ្នោត​ព្រោះ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ​។

​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការបោះឆ្នោត​ដែល​គ្រប់គ្រង​ដោយ​យោធា​នឹង «​បញ្ឆេះ​អំពើហិង្សា​កាន់តែខ្លាំង អូសបន្លាយ​ជម្លោះ និង​ធ្វើឱ្យ​ការវិលត្រឡប់​ទៅរក​លទ្ធិប្រជាធិបតេយ្យ និង​ស្ថិរភាព​កាន់តែ​ពិបាក​»៕

វីដេអូ៖