អាជ្ញាធរថៃប្រកាសថា កំហាប់ខ្យល់អាក្រក់កើនឡើងនៅទីក្រុងបាងកក ជាសញ្ញាដែលប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលក្រុងបាងកក កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣។
ប្រភពពីប្រទេសថៃឱ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់(AQI)នៅទីក្រុងបាងកកឡើងដល់១៦៦ ដែលជាតួលេខមួយបង្ហាញថា បរិយាកាសនៅទីនោះមានកំហាប់ខ្យល់ពុល PM2.5 កម្រិតខ្ពស់។
តាមការស្រាវជ្រាវផ្នែកបរិស្ថានបង្ហាញថា បើសិនជាសន្ទស្សន៍គុណភាពខ្យល់ (AQI)លើស១០០ បានន័យថា បរិយាកាសនៅតំបន់នៅស្ថិតនៅក្នុងកម្រិតមិនល្អ បើសន្ទស្សន៍គុណភាពខ្យល់ (AQI)លើសពី២០០ បានន័យថា បរិយាកាសនៅតំបន់នោះមានកម្រិតអាក្រក់ ខណៈដែលសន្ទស្សន៍គុណភាពខ្យល់ (AQI)ឡើងដល់៣០០នោះ បានន័យថា ជាសញ្ញាអាសន្នសម្រាប់សុខមាលភាពមនុស្សសត្វ ឬកម្រិតគ្រោះថ្នាក់។
ចំពោះ កំហាប់PM2.5 ជាទម្រង់នៃការបំពុលខ្យល់ដែលអាក្រក់បំផុត ដែលមានន័យថា គឺជាការរកឃើញនូវភាគល្អិតតូចនៅក្នុងបរិយាកាសដែលមានអង្កត់ផ្ចិតត្រឹម២,៥មីក្រូម៉ែត្រ ឬ មានន័យថា បរិយាកាសនៅតំបន់នោះ សម្បូរទៅដោយភាគល្អិតដែលតូចៗទំហំប៉ុន៣០%នៃសរសៃសក់របស់មនុស្សយើង។ភាគល្អិតទាំងអស់នេះងាយជ្រាបចូលទៅក្នុងសួត ឬ ចូលទៅក្នុងចរន្ដឈាម។
អ្នកវិទ្យាសាស្ត្រព្រមានថា បើសិនជាមនុស្សស្រូបយក កំហាប់PM2.5 កាន់តែយូរនឹងអាចបណ្ដាលឱ្យកើតជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម និងមហារីកជាដើម។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានព្រមានសាធារណជនអំពីខ្យល់អាកាសមិនល្អ ដោយជំរុញឱ្យប្រជាជនតាមដានសុខភាពប្រសិនបើពួកគេលំបាកដកដង្ហើម ក្រហាយភ្នែក ឬ ក្អកជាដើម។ លោកក៏ព្រមានឱ្យមនុស្សកាត់បន្ថយសកម្មភាពក្រៅផ្ទះ ឬពាក់ម៉ាស់ពេលចេញទៅក្រៅផ្ទះ។
ការិយាល័យទំនាក់ទំនងសាធារណៈនៃរដ្ឋបាលក្រុងបាងកក (BMA)បញ្ជាក់ថា ៖«អភិបាលក្រុង លើកទឹកចិត្តសាធា រណជនឱ្យធ្វើការពីផ្ទះ និងប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ។ ទីក្រុងបាងកក និងខេត្តនៅជិតៗនេះ អាចថានឹងជួបប្រទះនូវខ្យល់អាកាសមិនល្អចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍»។
អាជ្ញាធរថៃព្រមានទៀតថា ក្រុមដែលងាយរងគ្រោះដោយសារខ្យល់ពុលនេះមានកុមារតូចៗ ស្ត្រីមានផ្ទៃពោះ និង មនុស្សចាស់។ អាជ្ញាធរស្នើឱ្យក្រុមមនុស្សទាំងអស់នេះពាក់ម៉ាស់ដែលមានសមត្ថភាពចម្រោះជាតិពុលPM2.5៕
វីដេអូ៖