​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បានចេញ​ផ្សាយ​ថា ប្រទេស​ចិន​ជា​ប្រទេស​ទីបី​ហើយ​ដែល​បាន​បញ្ជូន​មនុស្ស​ទៅកាន់​លម្ហ​អាកាស បន្ទាប់ពី​សហភាព​សូវៀត និង​សហរដ្ឋអាមេរិក​។ សព្វថ្ងៃនេះ ចិន​កំពុង​រៀបចំ​សាងសង់​ស្ថានីយ​ទាក់ទង​បណ្តាញ​ផ្កាយរណប​ពី​ភពផែនដី​មួយ​នៅ​តំបន់​អង់តាក់ទិក ដើម្បី​ទុកជា​ទីតាំង​ផ្ដល់​ការគាំទ្រ​ផ្នែក​បណ្តាញ​ផ្សេងៗ​ទៅកាន់​ផ្កាយរណប​ដែល​កំពុង​ធ្វើការ​ឆ្លុះ​មើល និង​ត្រួតពិនិត្យ​ទៅ​លើផ្ទៃ​មហាសមុទ្រ។

​យ៉ាងណា​ក៏ដោយ ការកើនឡើង​នៃ​ស្ថានីយ​ទាក់ទង​បណ្តាញ​ផ្កាយរណប​ពី​ភពផែនដី​ផ្ទាល់​របស់​ចិន ដែល​បង្កើត​ឡើង​ដើម្បី​គាំទ្រ​មុខងារ​បន្ថែមទៀត​ដល់​ផ្កាយរណប​នៅលើ​អាកាស​ជាច្រើន ជាពិសេស​មហិច្ឆតា​ចង់​ពង្រីក​វិស័យ​អវកាស​របស់​ចិន បាន​ធ្វើឱ្យ​បណ្ដា​ប្រទេស​មួយចំនួន​មានការ​ព្រួយបារម្ភ​ថា ចិន​អាច​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​នេះ សម្រាប់ធ្វើ​ចារកម្ម​។ ប៉ុន្តែ​ការលើក​ឡើង​ពីការ​ព្រួយបារម្ភ​នេះ ត្រូវបាន​ចិន​បដិសេធថា​ជា​រឿង​មិន​ពិត​ទាំងស្រុង។

​គួររំឭកថា កាលពី​ឆ្នាំ ២០២០ ក្រុមហ៊ុន​អវកាស​របស់​ប្រទេស​ស៊ុយអែត ធ្លាប់បាន​ផ្គត់ផ្គង់​ស្ថានីយ​ទាក់ទង​បណ្តាញ​ផ្ដាយរណប​ពី​ភពផែនដី​ដែល​អាចជួយ​គាំទ្រ​ដល់​យានអវកាស​របស់​ចិន ដូចជា​ការជួយ​សម្រួល​ដល់​ការបញ្ជូន​ទិន្នន័យ​ជាដើម​។ ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុន​នេះ​បាន​បដិសេធ​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ប្រទេស​ចិន ឬ​ទទួល​បាន​សំណើ​អាជីវកម្ម​ថ្មីៗ​ពី​ប្រទេស​ចិន​ទៀត​នោះទេ ដោយសារតែ​មូលហេតុ​នៃការ​ផ្លាស់ប្តូរ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ។

​យោងតាម​សារព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​ឈ្មោះថា China Space News បាន​រាយការណ៍​ថា ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អវកាស​ចិន (China Aerospace Science and Technology Group) នឹងធ្វើ​ការសាងសង់​ស្ថានីយ​សម្រាប់​ជា​មូលដ្ឋាន​ស្រាវជ្រាវ​នៅឯ​ទីក្រុង​ចុងសាន (Zhongshan) ដែលជា​ស្ថានីយ​ស្រាវជ្រាវ​អចិន្ត្រៃយ៍​មួយ​ក្នុង​ចំណោម​ពីរ​ទៀត​ស្ថិតនៅ​ទ្វីប​អង់តាក់ទិក​។ គម្រោង​សាងសង់​នេះ​បាន​ផ្ដួចផ្ដើម​ឡើង បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ឈ្នះ​ការ​ដេញថ្លៃ ក្នុងតម្លៃ ៦,៥៣ លានដុល្លារ​សហរដ្ឋអាមេរិក។

​យ៉ាងណាមិញ គេ​សង្កេតឃើញថា មិនទាន់មាន​ព័ត៌មាន​លម្អិត​អំពី​បច្ចេកទេស​នៃ​គម្រោង​នេះ ត្រូវបាន​ចេញ​ផ្សាយ​នៅក្នុង​របាយការណ៍​នៅឡើយ​ទេ បើ​ទោះបី​ជា​សារព័ត៌មាន China Space News បាន​បោះពុម្ព​ផ្សាយ​រូបភាព​ចំនួន​ពីរ ដែល​បាន​រចនា​ឡើង​ដោយ​វិចិត្រករ​ម្នាក់​។ ក្នុង​រូបភាព​នោះ បាន​បង្ហាញ​អំពី​ស្ថានីយ​ចំនួន ៤ កន្លែង​ស្ថិតនៅ​ទីក្រុង​ចុងសាន ដែលមាន​ទីតាំង​នៅ​ភាគ​ខាងកើត​ឆ្នេរ Prydz Bay នៃ​ទ្វីប​អង់តាក់ទិក និង​ដែល​ត្រូវជា​ភាគ​ខាងត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា។

​គួរ​ដឹង​ដែរ​ថា គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​ទូលំទូលាយ​យ៉ាងច្រើន​ទៀត​របស់​ប្រទេស​ចិន ក្នុង​គោលបំណង​កសាង​សេដ្ឋកិច្ច​សមុទ្រ និង​ប្រែក្លាយ​ប្រទេស​ចិន​ទៅជា​មហាអំណាច​សមុទ្រ នេះ​បើ​យោងតាម​សារព័ត៌មាន​រដ្ឋ​ដដែល​ខាងលើ។

​ជាក់ស្ដែង ស្ថានីយ​មួយ​ដែល​សាងសង់​ដោយ​ចិន​ស្ថិតនៅ​តំបន់ Patagonia របស់​ប្រទេស​អាហ្សង់ទីន បាន​ធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​គោលបំណង​របស់​ចិន បើទោះបីជា​មាន​ការ​អះអាង​ម្ដង​ហើយ​ម្ដងទៀត​ពី​ភាគី​ចិន​ថា គោលដៅ​របស់​ស្ថានីយ​នេះ​គឺ​បង្កើត​ឡើង​ដើម្បី​សង្កេត​មើល​ដំណើរ​អវកាស​ប្រកបដោយ​សន្តិភាព និង​ជួយ​សម្រួល​ដល់​បេសកកម្ម​យានអវកាស​តែប៉ុណ្ណោះ​ក៏ដោយ។

​គួរ​រំឭក​ផងដែរ​ថា កាលពី​ឆ្នាំមុន ចិន​បាន​សំចត​កប៉ាល់​តាមដាន​យោធា​មួយគ្រឿង​នៅឯ​កំពង់ផែ​ហាំបាន់តូតា (Hambantota) ក្នុង​ប្រទេស​ស្រីលង្កា ដែលជា​កំពង់ផែ​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន​។ អ្នកវិភាគ​មួយចំនួន​យល់ឃើញ​ថា កប៉ាល់​នេះ​បាន​ប្រើប្រាស់​សម្រាប់​ឃ្លាំមើល​ការបាញ់​បង្ហោះ​ផ្កាយរណប គ្រាប់​រ៉ុក្កែត និង​គ្រាប់មីស៊ីល ប៉ុន្តែ​វា​បាន​បង្ក​ឱ្យមាន​ប្រតិកម្ម​ប្រឆាំង​យ៉ាងខ្លាំង​ពីសំណាក់​ប្រទេស​ជិតខាង ជាពិសេស​ប្រទេស​ឥណ្ឌា ដែលការ​ព្រួយបារម្ភ​ទាំងអស់​នោះ​គឺ​ផ្ដោត​ទៅលើ​សក្តានុពល​នៃ​ចារកម្ម​របស់​ចិន។

​កាលពី​ខែតុលា ប្រទេស​ចិន​បាន​បើក​ដំណើរការ​ស្ថានីយ​អវកាស​ចំនួន​ ៣​ ទីតាំង ដែលជា​ស្ថានីយ​ចុងក្រោយ​បង្អស់​របស់​ខ្លួន​។ វា​បាន​ក្លាយជា​ស្ថានីយ​ទីពីរ​ហើយ​ដែល​មាន​មនុស្ស​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅក្នុង​គន្លង​វិល​ជុំវិញ​ផែនដី​កម្រិត​ទាប បន្ទាប់ពី​ស្ថានីយ​អវកាស​អន្តរជាតិ​ដឹកនាំ​ដោយ​ក្រុមហ៊ុន​អវកាស​ណាសា (NASA)៕​

វីដេអូ៖