កងទ័ពអុីស្រាអែល បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍ថា ​ខ្លួនបាន​ស្ទាក់​ចាប់​យន្តហោះខ្នាត​តូច​ ១​គ្រឿង​ពី​ខាងលើតំបន់​ហ្គាហ្សា ជា​កន្លែង​ដែល​សាក្សី​បាន​ប្រាប់សា​រព័ត៌មានAFP ថា ​ពួកគេ​បាន​ឮការផ្ទុះ​នៅ​​ក្បែរ​​ព្រំដែន​។

កង​ទ័ព បាន​បញ្ជាក់​ថា វា​មិន​មែន​ជា​គ្រាប់​រ៉ុក្កែត ឬ​ការ​បាញ់​ផ្សេង​ទៀត ​ដែល​បង្ក​ការ​គំរាម​កំហែង​ដល់​ជន​ជាតិ​អុីស្រាអែល​ឡើយ ហើយ​ក៏​មិនមែន​ជា​ការ​បាញ់​មីស៊ីល​ដែរទេ​។

កង​ទ័ព ​មិន​បាន​និយាយ​ថា យន្តហោះ​នោះ ​បាន​ទៅ​ណា ឬ​មក​ពី​ណា​ទេ?

ទាក់​ទង​ការ​​ចាប់​បាន​យន្ត​ហោះ​នេះ​ មិន​មាន​ការ​អះអាង​ពី​ការ​ទទួល​ខុស​ត្រូវ​ភ្លាមៗ​ពី​ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្គាហ្សា​ទេ។

កាល​ពី​ព្រឹក​ថ្ងៃសៅរ៍ ក្រុមជីហាដ​អ៊ីស្លាម​ដែល​មាន​មូលដ្ឋាន​នៅ​ហ្គាហ្សា ​បាន​និយាយថា​ មេដឹកនាំ​របស់​ខ្លួន Ziad al-Nakhala បាន​ធ្វើ​ដំណើរ​ទៅកាន់​ទី​ក្រុងគែរ ​ដើម្បី​ជួបជា​មួយ​ប្រធាន​ចារកម្ម​អេហ្ស៊ីប​លោក​ Abbas Kamel។

ក្រុម​នោះ បាន​និយាយថា ​ភាគីទាំង​២​ បាន​ពិភាក្សា​អំពី​ស្ថានភាព​នៅទី​ក្រុងហ្ស៊េរុយ​សាឡិម​ និង​តំបន់​វេសបែង ជា​ពិសេស Jenin ដែលជា​ទីក្រុង​និង​ជំរំ​ជនភៀស​ខ្លួន​ ដែល​អ៊ីស្រាអែល​កាល​ពី​ខែ​មុន ​បាន​ធ្វើ​ប្រតិបត្តិការ តែ១​គត់​របស់​ខ្លួន នៅ​តំបន់​វេសបែង​ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ ដោយ​បណ្តាល​ឱ្យ​មនុស្ស​ ១០​នាក់ ​ស្លាប់​។

ការធ្វើ​ដំណើរ​នេះ​ បាន​កើតឡើង​បន្ទាប់ពី​ទស្សនកិច្ច​របស់​លោក​ Kamel​ ទៅ​កាន់​ទីក្រុង​រ៉ាមាឡាហ៍​នៃ​តំបន់​វេ​​សបែង​កាល​ពី​ថ្ងៃ​អង្គារ​ ជា​ទី​ដែល​លោក​ បាន​ជួប​ជា​មួយ​ប្រធានាធិបតី​ប៉ាឡេស្ទីន​ លោក​ ម៉ាមុដ​ អាបាស​ ដើម្បី​ ពិភាក្សា​អំពី​ការ​កើន​ឡើង​អំពើ​ហិង្សា​ថ្មីៗនេះ​។

កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ​អុីស្រាអែល​បានធ្វើ​ការ​វាយប្រហារ​ផ្លូវ​អាកាស​លើ​តំបន់​ហ្គាហ្សា ប៉ុន្មាន​ម៉ោង​បន្ទាប់​ពីការ​ស្ទាក់​ចាប់​បាន​គ្រាប់រ៉ុក្កែត​ ១​គ្រាប់​ ដែល​បាញ់ចេញ​ពី​ទឹកដី​ប៉ាឡេស្ទីន​។

ចាប់​តាំងពី​ដើមឆ្នាំ​មក ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ បាន​បណ្តាល​ឱ្យ​ប្រជាជន​ប៉ាឡេស្ទីន ​៣៦​នាក់​ស្លាប់​ ក្នុង​នោះ​មាន​ អ្នក​វាយប្រហារ ក្រុម​សកម្ម​ប្រយុទ្ធ និង​ជនស៊ីវិល​។

ជនស៊ីវិល​អ៊ីស្រាអែល ​៦​នាក់ ​ក្នុង​នោះ​មាន​ក្មេង​ម្នាក់ ​និង​ជន​ស៊ីវិល​អ៊ុយ​ក្រែន​ម្នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​រយៈពេល​ដូច​គ្នានេះ​។

តំបន់ហ្គាហ្សា​ដែលមាន​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន ផ្តល់​ជម្រក​ដល់​ជនជាតិ​ប៉ាឡេស្ទីន​ ២,៣​លាននាក់​ ត្រូវ​ អ៊ីស្រាអែល​បិទផ្លូវ​ ចាប់តាំងពី​ក្រុម​ហាម៉ាស បាន​បណ្តេញ​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​លោក​អាបាស​ក្នុង​ឆ្នាំ ២០២៧៕