
លោក Pervez Musharraf (ស្តាំ) ឈរ បន្ទាប់ពីស្បថជាប្រធានាធិបតីនៅវិមានប្រធានាធិបតីក្នុងទីក្រុងអុីស្លាម៉ាបាដ នៅថ្ងៃទី២៩ វិច្ឆិកា ២០០៧។ AFP
ឧត្តមសេនីយ៍ផ្កាយ ៤ ដែលបានគ្រប់គ្រងប្រទេសប៉ាគីស្ថានអស់រយៈពេលជិត ១ ទសវត្សរ៍ បន្ទាប់ពីបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារគ្មានឈាមក្នុងឆ្នាំ ១៩៩៩ បានមើលការខុសត្រូវលើកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងបានព្យាយាមនាំយកតម្លៃសង្គមសេរីនិយម នៅក្នុងប្រទេសមូស្លីមអភិរក្សនិយមនេះ។
លោកMusharraf អាយុ ៧៩ ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីជំងឺយ៉ាងយូរ ក្រោយពីចំណាយពេលជាច្រើនឆ្នាំក្នុងការនិរទេសខ្លួន ដែលប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន បានរាយការណ៍កាលពីថ្ងៃអាទិត្យ។ លោករីករាយនឹងការគាំទ្រយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ លោករងការគំរាមកំហែងពីក្រុមអាល់កៃដា និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដទៃទៀត ដែលបានព្យាយាមសម្លាប់លោក យ៉ាងតិច ៣ ដង។
ប៉ុន្តែការប្រើកម្លាំងយោធាដ៏ធ្ងន់របស់លោក ដើម្បីបង្ក្រាបការប្រឆាំង ក៏ដូចជាការបន្តគាំទ្រ អាមេរិក ក្នុងការប្រយុទ្ធ ប្រឆាំងនឹងអាល់កៃដា និងក្រុមតាលីបង់អាហ្វហ្គានីស្ថាននៅទីបំផុត បានធ្វើឱ្យលោកដួលរលំ។.
ដោយ កើតនៅទីក្រុងញូវដែលី ក្នុងឆ្នាំ ១៩៤៣លោក Musharraf មានអាយុ៤ ឆ្នាំនៅពេលដែលឪពុកម្តាយរបស់លោក បានចូលរួមក្នុងការចំណាកស្រុក ដ៏ធំដោយជនមូស្លីមទៅកាន់រដ្ឋដែលទើបបង្កើតថ្មីនៃប្រទេសប៉ាគីស្ថាន។ ឪពុករបស់គាត់បានបម្រើការនៅក្នុងក្រសួងការបរទេស ខណៈដែលម្តាយរបស់លោក ជាគ្រូបង្រៀន។
លោកបានចូលបម្រើការក្នុងកងទ័ពនៅអាយុ១៨ឆ្នាំ និងបានបន្តដឹកនាំកងកុម៉្មង់ដូពិសេសមុននឹងក្លាយជាប្រធានអង្គភាពនេះ។ លោកបានឡើងកាន់អំណាច ដោយបានបណ្តេញអតីតនាយករដ្ឋមន្ត្រី លោក Nawaz Sharif ដែលបានព្យាយាមបណ្តេញរូបលោកចេញតំណែងជុំវិញការអនុញ្ញាតឱ្យមានកិច្ចប្រតិបត្តិការឈ្លានពានតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដោយនាំឱ្យប៉ាគីស្ថាន និងឥណ្ឌាធ្លាក់ចូលមាត់ជ្រោះនៃសង្គ្រាម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងក្នុងរដ្ឋាភិបាល លោក Musharraf ទទួលបានការសរសើរពីអន្តរជាតិចំពោះកិច្ចប្រឹងប្រែងកំណែទម្រង់របស់លោកដោយបានស្នើឱ្យអនុម័តច្បាប់ដើម្បីការពារសិទ្ធិស្ត្រី និងអនុញ្ញាតឱ្យបណ្តាញសារព័ត៌មានឯកជន ដំណើរការជាលើកដំបូង៕