ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា ​មនុស្សយ៉ាងតិច ៥៣ នាក់បាន​ស្លាប់​នៅ​ក្នុង​ផ្នែក​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេសស៊ីរី ខណៈដែលអគារ​ជាច្រើន​បាន​ដួលរលំ​បន្ទាប់ពីការ​រញ្ជួយដីកម្រិត ៧,៨ រុិចទ័រ។

ទី​ភ្នាក់ងារ​សារព័ត៌​មាន​រដ្ឋ SANA បាន​និយាយ​ដោយ​ដកស្រង់​សម្តី​មន្ត្រី​ក្រសួង​សុខាភិបាល​ថា៖ «​អ្នក​ស្លាប់​ចំនួន ៥៣ នាក់ និង​របួសជាង ២០០ នាក់ ត្រូវ​បាន​រាយការណ៍​នៅក្នុង​ទីក្រុង​អាឡិប​ប៉ូហា​ម៉ា​ និង​ Latakia។

ទីភ្នាក់ងារ​វាស់ស្ទង់​ភូមិ​សាស្ត្រ​អាមេរិក (USGS) បាន​និយាយថា គ្រោះរញ្ជួយដី​កម្លាំង​ ៧,៨​ រ៉ិចទ័រ បាន​វាយ​ប្រហារភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួកគី កាល​​ពីថ្ងៃចន្ទ។

ទីភ្នាក់ងារ​អាមេរិកនេះ បាន​និយាយថា គ្រោះរញ្ជួយដីនេះ បាន​កើតឡើង​នៅ​ម៉ោង​ ០៤:១៧​ នាទី​ព្រឹក ម៉ោង​ក្នុង​ស្រុក (០១១៧ ម៉ោង​សកល) នៅ​ជម្រៅ​ប្រហែល ១៧,​៩ គីឡូម៉ែត្រ ជា​មួយ​នឹង​ការ​រញ្ជួយ​ដី​កម្លាំង​ ៦,៧​ រ៉ិចទ័រ បាន​កើត​ឡើង ១៥​ នាទី​ក្រោយមក​។

មជ្ឈមណ្ឌល​សេវា​កម្ម​សង្គ្រោះ​បន្ទាន់ ​AFAD​ របស់​ប្រទេស​តួកគី ​បាន​ដាក់​កម្រិត​រញ្ជួយដី​លើក​ដំបូង​នៅ​កម្លាំង​ ៧,៤ ​រុិចទ័រ។

មន្ត្រីតួក​គី​ បានរាយការណ៍ថា​មិន​មាន​តួលេខ​អ្នកស្លាប់​ភ្លាមៗនោះ​ទេ ប៉ុន្តែ​រូបភាព​ដំបូង​បាន​បង្ហាញ​ពី​អគារ​បាក់បែក និង​ភ្លើងឆេះ​នៅ​ តាម​ទីក្រុង​ជា​ច្រើន​។

រូបភាព​នៅ​លើ​ទូរទស្សន៍​តួកគី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​ពី​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ជីកក​កាយ​តាម​គំនរបាក់បែក​នៃអគារ​នៅ​ក្នុង​ទីក្រុង Kahramanmaras និង Gaziantep ដែល​នៅ​ជិតខាង​។

ប្រធានាធិប​តីតួកី​ លោក​ រ៉េសិបតៃយីប អេរ​ដូ​ហ្គែន ​បាន​សរសេរ​នៅលើ​ធ្វីធើរ​ថា៖ «ខ្ញុំសូមជូន​ពរ​យ៉ាងជ្រាលជ្រៅ​ដល់​ប្រជាពល​រដ្ឋ​របស់​យើងទាំងអស់​ដែលបាន​រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​ ឱ្យ​ទទួល​បាន​នូវ​សុវត្ថិភាព​គ្រប់ៗគ្នា៕