បាតុភូតរញ្ជួយដីដ៏ធំមួយបានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីថ្ងៃចន្ទ ដោយបានបណ្តាលឱ្យមនុស្ស ៤ ៣០០ នាក់ស្លាប់ និងអគាររាប់ពាន់ខ្នងបាក់រលំ ខណៈក្រុមអ្នកជួយសង្គ្រោះបានជីកកកាយរកអ្នកដែលនៅរស់។

ប្រទេសជាច្រើនបានសន្យាផ្តល់ជំនួយ ក្រោយរញ្ជួយដីកម្លាំង ៧,៨ រុិកទ័រ ដែលបានវាយប្រហារ ខណៈប្រជាជននៅកំពុងដេកលក់ និងស្របពេលអាកាសធាតុត្រជាក់ខ្លាំង ដែលបានបង្កជាឧបសគ្គដល់កិច្ចប្រឹងប្រែងសង្គ្រោះបន្ទាន់។

អគារអាផាតមិនច្រើនជាន់ពោរពេញដោយអ្នកស្រុកស្ថិតក្នុងចំណោមសំណង់ចំនួន ៥ ៦០៦ បានស្រុតបាក់ជាបំណែកថ្ម នៅក្នុងប្រទេសតួកគី ខណៈប្រទេសស៊ីរី បានប្រកាសអគាររាប់សិប បានបាក់រលំ រួមទាំងបានបណ្តាល ឱ្យខូចខាតដល់ទីតាំងបុរាណវិទ្យាជាច្រើន នៅក្នុងទីក្រុងអាឡិបប៉ូ។

Melisa Salman អ្នកសារព័ត៌មានវ័យ ២៣ ឆ្នាំ នៅទីក្រុង Kahramanmaras នៃប្រទេសតួកគីភាគអាគ្នេយ៍ បាននិយាយថា៖ «នោះ គឺជាលើកទី១ ដែលយើងបានជួបប្រទះ»។

«យើងគិតថា វាគឺគ្រោះហន្តរាយ»។

ប្រធានមជ្ឈមណ្ឌលរញ្ជួយដីជាតិរបស់ស៊ីរី លោក Raed Ahmed បានហៅវា ថា​ជារញ្ជួយដីធំបំផុតដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់មជ្ឈមណ្ឌលនេះ។

រញ្ជួយដីដំបូង បានកើតឡើង បន្ទាប់ពីមានការរញ្ជួយដីរាប់សិបលើកក្នុងនោះមានកម្លាំង ៧,៥ រុិកទ័ ដែលបានធ្វើញ័រនៅក្នុងតំបន់នេះ នៅពេលស្វែងរក និងជួយសង្គ្រោះកាលពីថ្ងៃចន្ទ៕