លោក​ប្រធានា​ធិបតី​​រ៉េសិប​តៃយីប​ អេរដូហ្គែន ​កាល​ពី​ថ្ងៃ​ពុធ​ បាន​សារ​ភាព​​ថា ​មាន​ចំណុច​ខ្វះ​ខាត​ ក្រោយ​ពី​មាន​ការ​រិះគន់​ចំពោះ​ការ​ឆ្លើយ​តប​របស់​រដ្ឋា​ភិបាល​ទៅ​នឹង​រញ្ជួយ​ដី​ដ៏​​ខ្លាំងក្លា​​ ដែល​បាន​បណ្តាល​ឱ្យ​​មនុស្ស​ជាង​ ១៥ ០០០ នាក់​ស្លាប់​នៅ​ក្នុង​ប្រទេស​តួកគី​ និង​ស៊ីរី​។ ​​

គ្រោះម​ហន្តរាយ​ដែល​បាន​បំផ្លិចបំផ្លាញ​អគារ​រាប់ពាន់ខ្នង ​និង​ចំនួនមនុស្សជាប់​នៅក្នុង​គំនរ​បានបាក់បែក​មិនត្រូវ​បាន​ដឹង ​បានធ្វើឱ្យ​ប្រតិបត្តិ​ការ​ជួយសង្គ្រោះ​ជាប់​គាំង​ ដោយ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ពេក​ ។

អ្នកនៅ​រស់រាន​មាន​ជីវិត ត្រូវ​ស្វះ ស្វែង​រកអាហារ និងទីជម្រក​ ហើយ​ក្នុងករណីខ្លះ​មើលដោយ​មិន​អស់សង្ឃឹម នៅពេល​ដែល​សាច់​ញាតិ​របស់ពួក​គេ​អំពាវនាវ​ឱ្យ​ជួយ​សង្រ្គោះ ​ហើយ​នៅ​ទី​បំផុត​បាន​ស្ងប់ស្ងាត់​នៅ​ក្រោម​កម្ទេច​កម្ទី​ថ្មអគារ​។

Semire Coban ជា​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​នៅ​ទីក្រុង​Hatayនៃ​ប្រទេស​តួកគី ​បាន​និយាយ​ថា ៖«​ក្មួយ​ប្រុស​របស់ខ្ញុំ ប្អូនថ្លៃ​របស់ខ្ញុំ និង​ប្អូន​ស្រី​បង្កើត​របស់​ខ្ញុំ​គឺ​ស្ថិត​នៅ​ក្នុង​គំនរ​បាក់បែក»​។

អ្នកស្រី ​បាន​និយាយថា៖​«យើង​មិន​អាច​ទៅ​ជួយ​ពួកគេ​បាន។​ យើង​ព្យាយាម​និយាយ​ទៅកាន់​ពួកគេ ​ប៉ុន្តែ​ពួកគេ​មិន​បាន​ឆ្លើយ​តប​មក​វិញ​ទេ... យើង​កំពុង​រង់ចាំ​ជំនួយ។ ​ឥឡូវ​នេះ ​វា​មាន​រយៈពេល​ ៤៨​ម៉ោង​»​។

"

ទោះបីជា​យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​រុករក បាន​បន្ត​ទាញ​អ្នកនៅ​រស់រាន​មាន​ជីវិត​ចេញ​ពី​កម្ទេចកម្ទី ៣​ថ្ងៃ ហើយ​ ក្រោយ​ពី​ រញ្ជួយដី​កម្រិត ៧,៨ រ៉ិចទ័រ ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​សតវត្សរ៍នេះ ខណៈដែល​ចំនួន​អ្នកស្លាប់​ នៅតែ​បន្តកើន​ឡើង​តទៅ​ទៀតនោះ។

ខណៈដែល​ការ​រិះគន់​បាន​កើន​ឡើង​នៅ​តាម​អនឡាញ ​លោក​អេរដូហ្គែន ​បាន​ចុះ​ទៅ​មើល​កន្លែង​១​ក្នុង​ចំណោម​កន្លែង​ដែល​រងការ​ប៉ះ​ពាល់​ខ្លាំង​បំផុត ​​គឺ​ចំណុច​កណ្តាល​នៃ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​ Kahramanmaras ​បាន​ទទួល​ស្គាល់​បញ្ហា​នានា​ក្នុង​ការ​ឆ្លើយតប​។

លោកបាននិយាយ​ថា៖ «​ជាការ​ពិតណាស់ មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​។ លក្ខខណ្ឌ គឺ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់ ប៉ុន្តែ​យើង​មិន​អាច​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ​បែប​នេះ​បាន​ទេ​» ។

Twitter ក៏​មិន​ដំណើរ​ការ​លើ​បណ្តាញ​ទូរស័ព្ទ​តួកគី​ដែរ។ នេះ​បើ​យោង​តាម​អ្នក​កាសែត ​AFP ​និង​ក្រុម​ឃ្លាំមើល​បណ្តាញ NetBlocks​។

ឱកាស​សម្រាប់​ក្រុម​ជួយ​សង្គ្រោះ​ក្នុង​ការ​ស្វែងរក​អ្នក​នៅរស់ កាន់​តែ​រួមតូច ខណៈ​ដែល​កិច្ចខិត​ខំប្រឹង​ប្រែង​ខិតជិតដល់ ៧២​ ម៉ោង ដែល​អ្នក​ជំនាញ​គ្រោះ​មហន្ត​រាយ​ចាត់​ទុកថា​ជា​រយៈពេល​ច្រើន​ បំផុ​តក្នុ​ង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។

ប៉ុន្តែ​កាលពី​ថ្ងៃពុធ ក្រុម​ជួយ​សង្គ្រោះ បាន​ទាញ​ក្មេងៗ​ចេញពី​ក្រោម​អគារ​ ដែល​ដួលរលំ​នៅក្នុង​ខេត្ត​ Hatay នៃ​ប្រទេស​តួកគី​។

ចំណែក​មន្ត្រី និងក្រុមគ្រូពេទ្យ បាននិយាយថា មនុស្ស ​១២​ ៣៩១ នាក់ បានស្លាប់នៅក្នុងប្រទេសតួកគី និង​​មនុស្ស​​​យ៉ាង​តិច ២ ៩៩២នាក់ស្លាប់ នៅ ប្រទេសស៊ីរីពីការរញ្ជួយដីកម្រិត៧,៨ រិុចទ័រកាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១៥ ៣៨៣​នាក់ ហើយ​អ្នក​ជំនាញ​បារម្ភថា​ចំនួននេះ​នឹង​បន្តកើន​ឡើង​ថែម​ទៀត​ ។

ការរញ្ជួយ​ដីកាល​ពីថ្ងៃ​ចន្ទ​ គឺ​ជា​រញ្ជួយដីដ៏​ធំបំផុត​ នៅ​ក្នុង​ប្រទេសតួ​កគី ​ចាប់តាំង​ពី​ឆ្នាំ ១៩៣៩ ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ ៣៣ ០០០ នាក់ស្លាប់ ​នៅ​ក្នុង​ខេត្ត Erzincan ​ភាគ​ខាងកើត​។

នៅឆ្នាំ ១៩៩៩ រញ្ជួយ​ដី​កម្រិត ៧,៤ រ៉ិចទ័រ បាន​បណ្តាល​ឱ្យ​ ជាង​១៧​០០០​នាក់​ស្លាប់​៕

វីដេអូ៖