ប្រធានាធិបតីប្រទេសប៉ូឡូញ បានបញ្ជាឱ្យបិទច្រកព្រំប្រទល់សំខាន់មួយរវាងប្រទេសបេឡារុស បន្ទាប់ពីអ្នកសារព័ត៌មានរបស់ខ្លួនមួយរូប ត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ពាក់ព័ន្ធបំផុសព័ត៌មានញុះញង់ជាតិសាសនា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃនេះថា ប្រទេសខ្លួននឹងសម្រេចចិត្តបិទច្រកព្រំដែនសំខាន់មួយជាមួយបេឡារុសនៅស្រុក Bobrowniki ចម្ងាយ ២០០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Warsaw ដែលជាច្រកឆ្លងកាត់ដ៏សំខាន់រវាងប្រទេសទាំងពីរ រហូតដល់មានការជូនដំណឹងជាថ្មី ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងនៃប្រទេសទាំងពីរកំពុងធ្លាក់ចុះដល់កម្រិតទាបជារៀងរាល់ថ្ងៃ។
ការកាត់ទោសអ្នកកាសែតប៉ូឡូញ Andrzej Poczobut ឱ្យជាប់ពន្ធនាគារកាលពីថ្ងៃពុធនេះ គឺដោយសារតែគេបានបំផុសព័ត៌មានញុះញង់ជាតិសាសនា ឱ្យប្រជាជនបេឡារុសឱ្យប្រឆាំងជាមួយនឹងណាស៊ី ដែលវាធ្វើឱ្យប៉ះពាល់ដល់នយោបាយបេឡារុស ហើយត្រូវបានតុលាការធ្វើការកាត់ក្តីឱ្យជាប់ទោសរយៈពេល ៨ ឆ្នាំ នៅក្នុងពន្ធនាគារនាប្រទេសខ្លួន។
លោកប្រធានាធិបតីប្រទេសប៉ូឡូញ Marius Kaminski បានបង្ហោះសាររៀបរាប់ពីការសម្រេចចិត្តរបស់ខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ Twitter ថា «ដោយសារតែផលប្រយោជន៍សំខាន់នៃសន្តិសុខរដ្ឋ ខ្ញុំបានសម្រេចចិត្តផ្អាកការឆ្លងដែនរហូតដល់មានការជូនដំណឹងបន្ថែមចាប់ពីម៉ោង ១១ ក្នុងស្រុក ថ្ងៃទី ១០ ខែកុម្ភៈតទៅ ដោយនឹងបិទការធ្វើដំណើរនៅច្រកព្រំដែនប៉ូឡូញ-បេឡារុសក្នុងស្រុក Bobrowniki»។
លោក Anton Bychkovsky អ្នកនាំពាក្យខាងព្រំដែនប្រទេសបេឡារុស បានប្រាប់ទៅដល់ប៉ុស្តិ៍ទូរទស្សន៍ STV ក្នុងស្រុកខ្លួនថា ការសម្រេចចិត្តបិទច្រកព្រំដែនមួយសំខាន់ជាងគេក្នុងចំណោមបង្គោលទាំង ៦ រវាងប្រទេសខ្លួននឹងធ្វើឱ្យមានការប៉ះពាល់ដល់សេវាកម្ម ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាដើម។
គួរបញ្ជាក់ផងដែរថា ប្រទេសប៉ូឡូញ បានក្លាយជាជម្រកដ៏សំខាន់សម្រាប់សម្ព័ន្ធមិត្តអ៊ុយក្រែនចាប់តាំងពីភាគីប្រទេសបេឡារុសនិងប្រទេសរុស្ស៊ី បានឈ្លានពានប្រទេសនេះកាលពីខែកុម្ភៈឆ្នាំមុន រហូតមកទល់ពេលនេះ។
កាលពីឆ្នាំ ២០២១ ប្រទេសប៉ូឡូញ និងសហភាពអឺរ៉ុបក៏បានធ្វើការរិះគន់ ទៅលើបេឡារុស ពីការព្រងើយកន្តើយទៅលើវិបត្តិជនភៀសខ្លួនតាមប្រទេសរបស់ខ្លួនផងដែរ។
ហើយថ្មីៗនេះប្រទេសប៉ូឡូញ ក៏បានថ្កោលទោសទៅលើប្រទេសបេឡារុស ពីការបំផ្លិចបំផ្លាញផ្នូររបស់ប្រជាជនប៉ូឡូញរបស់ខ្លួននៅទីនោះ ដែលដើមឡើយទឹកដីបេឡារុសមួយភាគតូចគឺជារបស់ប៉ូឡូញ រហូតដល់ចប់សង្គ្រាមលោកលើកទីពីរ ទើបត្រូវបានគូសគំនូសខណ្ឌចែកម្តងទៀត៕