
ប្រធានក្រុមហ៊ុនMeta លោក Mark Zuckerberg។ AFP
មេធំរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ប្រកាសដាក់លក់សេវាកម្ម Meta Verified។ ការប្រកាសនេះ ធ្វើឡើងតាមរយៈគណនេយ្យផ្លូវការរបស់ Mark Zuckerberg កាលពីយប់ថ្ងៃទី ១៩ ខែកុម្ភៈ ម៉ោងនៅកម្ពុជា។
លោក Mark Zuckerberg លើកឡើងថា ក្រុមហ៊ុនមេតានឹងដាក់ឱ្យអ្នកប្រើប្រាស់អាចទិញសេវាកម្មMeta Verified ក្នុងតម្លៃចាប់ពី១១,៩៩ដុល្លារ រហូតដល់១៤,៩៩ដុល្លារ។ លោកបញ្ជាក់ថាអ្នកប្រើប្រាស់សេវានេះ អាចទទួលបានកិច្ចការពារការក្លែងបន្លំ ព្រមទាំងទទួលបានការចូលប្រើដោយផ្ទាល់ទៅកាន់ផ្នែកជំនួយអតិថិជន។
លោកMark Zuckerberg៖ «សប្តាហ៍នេះ យើងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ Meta Verified ដែលជាសេវាកម្មជាវដែលអនុញ្ញាតឱ្យអ្នកផ្ទៀងផ្ទាត់គណនីរបស់អ្នកមានអត្តសញ្ញាណប័ណ្ណ ហើយទទួលបានផ្លាកសញ្ញាពណ៌ខៀវ» ។
លោកបន្ថែមថា សេវាកម្មថ្មីដើម្បីប្រមូលលុយពីអ្នកប្រើប្រាស់នេះ នឹងចាប់ផ្ដើមដំបូងនៅប្រទេសអូស្ត្រាលី និងណូវែលសេឡង់ ហើយនឹងពង្រីកទៅកាន់ប្រទេសដ៏ទៃទៀត។
លោកMark Zuckerberg៖«មុខងារថ្មីនេះគឺអំពីការបង្កើនភាពត្រឹមត្រូវ និងសុវត្ថិភាពនៅគ្រប់សេវាកម្មរបស់យើង»។
រយៈពេល១១ម៉ោងក្រោយពីមេធំក្រុមហ៊ុនមេតា ប្រកាសពីសេវាកម្មMeta Verified មានមនុស្សរាប់ម៉ឺននាក់ បានចូលរួមបញ្ចេញទស្សនៈយល់ឃើញក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Mark Zuckerberg។ មតិខ្លះរិះគន់ថា ក្រុមហ៊ុនមេតា រៀនតាមធ្វីធើរដែលដឹកនាំដោយElon Musk ។
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់លើកឡើងថា ក្រុមហ៊ុនមេតាមិនគួរណាប្រមូលប្រាក់ពីអ្នកប្រើប្រាស់ឡើយ ព្រោះសេវាកម្មទាំងអស់នេះគួរតែជាសេវាកម្មចម្បងដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាស់។ ឆ្លើយនឹងមតិបែបនេះ លោក Mark Zuckerberg លើកឡើងថា ក្រុមហ៊ុនមេតាបានផ្ដល់កិច្ចការពារជាមូលដ្ឋានជូនអ្នកប្រើប្រាស់រួចហើយ ប៉ុន្តែសេវាកម្មថ្មីនេះជាសេវាកម្មបន្ថែម ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តនិងមានសុវត្ថិភាព។
លោកបញ្ជាក់ថា ៖«យើងផ្តល់ការការពារ និងការគាំទ្រមួយចំនួនសម្រាប់អ្នករាល់គ្នារួចហើយ។ ប៉ុន្តែការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ និងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលប្រើប្រាស់ដោយផ្ទាល់នៅផ្នែកគាំទ្រអតិថិជនសម្រាប់មនុស្សរាប់លាននាក់ ឬរាប់ពាន់លាននាក់ ត្រូវចំណាយប្រាក់យ៉ាងច្រើន»៕