​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ លោក Ilham Aliyev បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា អា​ស៊ែ​បៃ​ហ្ស​ង់បាន​យល់ព្រមឱ្យ​ប្រទេស​អា​មេ​នី​បើក​ប៉ុស្តិ៍ត្រួតពិនិត្យនៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំង ​២​។​

​ដោយ​ឆ្លើយតប​ទៅនឹង​សំណួ​រ​របស់​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​សន្និសីទ​សន្តិសុខ​ទីក្រុង​មុយ​និ​ច ក្នុងប្រទេស​អាល្លឺម៉ង់ បន្ទាប់ពី​កិច្ចប្រជុំ​ត្រីភាគី​រវាង​អាមេ​រិ​កអា​ ស៊ែ​បៃ​ហ្ស​ង់ និង​អា​មេ​នី លោក Aliyev បាន​និយាយថា យេ​រ៉េ​វ៉ាន់មិនទាន់​ឆ្លើយតប​ទៅនឹង​ការយល់ព្រម​នោះទេ​។​

​លោក Aliyev បាន​និយាយថា​៖ «​ប្រសិនបើ​យើង​កំពុងនិយាយ​អំពី​ការបើក​ទំនាក់ ទំនង ជាការ​ពិតណាស់ ប៉ុស្តិ៍​ត្រួតពិនិត្យគួរតែ​ត្រូវបាន​បង្កើតឡើង​នៅ​ចុង​ទាំង ​២ ​នៃ​ច្រករបៀង Zangezur និង​នៅ​ព្រំដែន​រវាង​ស្រុក Lachin និង​ប្រទេស​អា​មេ​នី​»​។​

​លោក Aliyev បាន​បញ្ជាក់ថា​៖ «​មានការ​រីកចម្រើន​ខ្លះ​ទាក់ទង​នឹង​សន្ធិសញ្ញា​សន្តិ ភាព​រវាង​អា​ស៊ែ​បៃ​ហ្ស​ង់ និង អា​មេ​នី ដោយ​បន្ថែមថា ការលើកឡើង​ណាមួយ​អំពី​តំបន់ Karabakh នៅក្នុង​សន្ធិ សញ្ញា​សន្តិភាព​នឹង​«​មិនអាច​ទទួលយកបាន​ទេ​»​។​

​លោក​ក៏បាន​អំពាវនាវ​ឱ្យ​អា​មេ​នី​បញ្ឈប់​ការជីក​យក​ធនធាន​របស់​អា​ស៊ែ​បៃ​ហ្ស​ង់​ដោយ​ខុសច្បាប់​។​

​មុននេះ លោក Aliyev បាន​ជួប​ជាមួយ​លោកនាយក រដ្ឋមន្ត្រី​អា​មេ​នី Nikol Pashinyan និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក អង់​តូ​នី ប្ល៊ី​ន​កែន នៅក្រៅ​សង្វៀន​សន្និសីទ​សន្តិសុខ​ទីក្រុង​មុយ​និ​ច​។​

​ដោយ​បើក​កិច្ចប្រជុំ​នោះ លោក ប្ល៊ី​ន​កែន បាន​និយាយថា ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និងអា​មេ​នី​មាន «​ឱកាស​ជា​ប្រវត្តិសាស្ត្រ​» ដើម្បី​បង្កើត​សន្តិ ភាព​យូរអង្វែង ក្រោយពី​ជម្លោះ​ជាង ​៣០ ​ឆ្នាំ​។​

​លោក​បាន​បន្ថែមថា ឥឡូវនេះ ភាគី​ទាំង ​២ បាន​ផ្តោតទៅលើ​ដំណើរការ​សន្តិភាព រួមទាំង​តាមរយៈ​ការចរចា​ដោយផ្ទាល់ ហើយ​ក៏មាន​ការចូល រួម​ពី​សហភាព​អឺរ៉ុប និងអាមេរិក​ផងដែរ​៕