បេសកកម្មរក្សាស្ថិរភាពចម្រុះរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសម៉ាលី (MINUSMA) បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារថា កងរក្សាសន្តិភាព UN ចំនួន ៣ នាក់ និង ៥ នាក់ទៀតរងរបួស ដោយសារការបំផ្ទុះគ្រាប់បែកលើក្បួនរថយន្តផ្គត់ផ្គង់តាមដងផ្លូវនៅក្បែរភូមិ Songobia ក្នុងតំបន់ Moptiភាគកណ្ដាលនៃប្រទេសម៉ាលីកាលពីថ្ងៃអង្គារ។
ក្រុមប្រឹក្សាសន្តិសុខUN និងអគ្គលេខាធិការរបស់អង្គការ លោក អង់តូនីញ៉ូ ហ្គុយតឺរេស បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកថា ការវាយប្រហារប្រឆាំងនឹងកងរក្សាសន្តិភាពរបស់ UN អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។
សមាជិកក្រុបប្រឹក្សា ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលអន្តរកាលរបស់ម៉ាលី ស៊ើបអង្កេតឱ្យបានឆាប់រហ័សនូវការវាយប្រហារនេះ ដោយមានការគាំទ្រពីMINUSMA ហើយនាំជនល្មើសមកកាត់ទោស។
បន្ថែមពីនេះ ក្រុមប្រឹក្សាបានសម្តែងការព្រួយបារម្ភអំពីស្ថានការណ៍សន្តិសុខនៅម៉ាលី និងទិដ្ឋភាពនៃការគំរាមកំហែងភេរវកម្មក្នុងតំបន់សាហែលអាហ្រ្វិក។ ស្ថាប័នដដែលបានគូសបញ្ជាក់ថា សន្តិភាពក្នុងតំបន់នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការរួមបញ្ចូលគ្នានៃកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ សន្តិសុខ ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ ដែលផ្តល់ផលប្រយោជន៍ដល់គ្រប់តំបន់នៃប្រទេសម៉ាលី ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៥។
មុននោះ ប្រធាន MINUSMA លោកEl-Ghassim Wane បានថ្លែងថា៖ «ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារ និងបងប្អូនមួយខៀវដែលបានស្លាប់បាត់បង់ជីវិត»។
គួរគូសបញ្ជាក់ថា អំពើហឹង្សាក្រុមសកម្មប្រយុទ្ធមានទំនាក់ទំនងនឹងក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ិស្លាមបានវាយលុកប្រទេសម៉ាលីអស់រយៈពេល១ទសវត្សរ៍មកហើយ និងសម្លាប់មនុស្សរាប់ពាន់នាក់។ ប្រទេសអាហ្វ្រិកខាងលិចដែលហែកហួរដោយសង្រ្គាមមួយនេះគឺជាកន្លែងដ៏គ្រោះថ្នាក់បំផុតមួយរបស់ពិភពលោកដែលមានដាក់ពង្រាយបេសកកម្មរក្សាសន្តិភាព៕