ខណៈ​ដែលប្រទេស​ថៃ​កំពុង​ឈាន​ចូល​ដល់​រដូវកាល​បោះឆ្នោត ច្បាប់​ស្តី​ពី​កញ្ឆា​ឯណោះ​វិញ ស្ថិតនៅ​ជាប់​គាំង មិនទាន់​អាច​អនុម័ត​ទៅរួច ដូច្នេះ​ហើយ ភាព​ចម្រូងចម្រាស​ជុំវិញ​បញ្ហា​ការធ្វើ​នីត្យានុកូលកម្ម​កាលពី​ឆ្នាំ​មុន នឹង​ក្លាយជា​បញ្ហា​ក្នុងពេល​យុទ្ធនាការ​បោះឆ្នោត ចំពេល​ដែល​មាន​ការកើនឡើង​ខ្លាំង​នៃ​ការលក់ និង​ការប្រើប្រាស់​ផលិតផល​កញ្ឆា​ពាសពេញ​ផ្ទៃ​ប្រទេស។

នៅថ្ងៃ​ទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សភា​ថៃ​ បាន​បិទ​បញ្ចប់​សម័យ​ប្រជុំ​ចុងក្រោយ​របស់​ខ្លួន​លើ​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​កញ្ឆា​មុនថ្ងៃ​បោះឆ្នោត​ឈាន​មក​ដល់ ពោល​គឺ​នៅ​ថ្ងៃ​ទី៧ ខែឧសភា ខាងមុខ​នេះ ប៉ុន្តែ​សភា​ថៃ​នៅតែ​មិនទាន់​អាច​អនុម័ត​យល់ព្រម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីកញ្ឆា​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឱ្យ​ប្រទេស​ថៃ​គ្មាន​ច្បាប់​ជាមូលដ្ឋាន​ដើម្បី​គ្រប់គ្រង​ការប្រើប្រាស់​សារធាតុ​មួយនេះ​នោះទេ។

គួរដឹងដែរ​ថា កាលពី​ឆ្នាំមុន ប្រទេស​ថៃ​ បានក្លាយជា​ប្រទេស​អាស៊ីអាគ្នេយ៍​ដំបូងគេ​ដែលបាន​ធ្វើ​នីត្យានុកូលកម្ម ឬ ការផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ការប្រើប្រាស់​កញ្ឆា ប៉ុន្តែ​រយៈពេល​មួយ​សប្តាហ៍​បន្ទាប់ពី​សេចក្ដី​សម្រេច​នោះ ថៃ​បាន​ដាក់​ចេញ​បទ​ប្បញ្ញត្តិ​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ដែលមិនបាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ជាពិសេស​គឺ​កុមារ។

គួរកត់សម្គាល់​ថា ហាង និង​អាជីវកម្ម​កញ្ឆា​រាប់​ពាន់​កន្លែងបានលេចរូបរាងឡើងក្នុងទីក្រុងបាងកក និង​កន្លែង​ទេសចរណ៍​នានា ដែលភាគច្រើន​បាន​បើកដំណើរការ​ភ្លាមៗ​បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយការ​ធ្វើ​នីត្យានុកូលកម្ម​លើ​កញ្ឆា។

អ្នក​វិភាគមួយ​ចំនួន​បាន​យល់ឃើញ​ថា ដំណើរ​ឆ្ពោះ​ទៅរក​ការអនុម័ត​ច្បាប់​ស្តី​ពី​កញ្ឆា ដែល​ត្រូវបាន​ឆ្លងកាត់​ការត្រួត​ពិនិត្យ​ដោយសភា​លើក​ទី ១ កាល​ពី​ខែ​មិថុនា កន្លងទៅ បាន​ក្លាយជា​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​កាន់តែ​ស៊ីជម្រៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ ការណ៍នេះ​បាន​ឆ្លុះ​បញ្ចាំង​ពីផ្នត់​គំនិត​ប្រឆាំង​គ្រឿងញៀន​ដែល​អាចនឹង​មាន​ផលប៉ះពាល់​ដល់​ប្រទេស​ថៃ​ក្នុង​រយៈពេល​យូរទៅថ្ងៃ​អនាគត។

គណបក្ស​មោទនភាព​ថៃ ឬ ភូមចៃថៃ (Bhumjaithai Party) ដែល​ទទួល​បាន​ជោគជ័យ​ក្នុងការ​ជំរុញឱ្យ​មានភាព​ស្របច្បាប់​ក្នុង​ការប្រើប្រាស់​កញ្ឆា និង​ធ្វើ​យុទ្ធនាការ​លើ​បញ្ហា​នេះ​អំឡុង​ពេល​សម័យកាល​បោះឆ្នោត​ឆ្នាំ២០១៩ ត្រូវបាន​ទទួលរង​ការរិះគន់​ពី​គណបក្ស​ប្រឆាំង និង​គណបក្ស​ដៃគូ​ចម្រុះរបស់​ខ្លួន​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​ផងដែរ។

គណបក្ស​ដើម្បី​ប្រជាជនថៃ ឬភឿថៃ (Pheu Thai Party) ជា​គណបក្ស​ប្រឆាំង​ដែល​មាន​ប្រជាប្រិយភាព​នាំមុខ​គេ និង​រំពឹង​ខ្ពស់​ក្នុង​ការជាប់ឆ្នោត​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នាពេល​ខាងមុខ។ គណបក្សនេះ​បាន​លើក​ឡើង​ថា ការប្រើប្រាស់​កញ្ឆា​ជាការកម្សាន្ត​បាន​បង្ក​ការគំរាមកំហែង​ដល់​សង្គម ជាពិសេស​គឺ​យុវជន​តែម្ដង។

អ្នកនាំ​ពាក្យ​គណបក្ស​ភឿថៃ លោក Trichada Sritada បាន​ថ្លែង​ថា «គណបក្ស​ភឿថៃ​គាំទ្រ​តែការប្រើប្រាស់​កញ្ឆា​សម្រាប់​គោលបំណង​វេជ្ជសាស្រ្ត​តែប៉ុណ្ណោះ»។

លោក Satit Wongnongtoey សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ (Democrat Party) ដែលជាដៃគូ​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស ភូមចៃថៃ បានលើក​ឡើង​ថា ការផ្ដល់​ភាព​ស្របច្បាប់​ដល់​ការប្រើប្រាស់​កញ្ឆា​ដោយគ្មាន​ច្បាប់​ត្រឹមត្រូវ គឺជា​កំហុស​មួយ ហើយ​លោក​បានប្តេជ្ញា​ថា​នឹង​ដោះស្រាយបញ្ហា​នេះ​បន្ទាប់ពី​បោះឆ្នោត​រួច​នាពេល​ខាងមុខ។ លោក​បន្ត​ថា គណបក្ស​របស់​លោក​គាំទ្រ​ការប្រើប្រាស់​កញ្ឆា​ក្នុង​គោលបំណង​ធ្វើ​ថ្នាំពេទ្យ​តែប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ភូមចៃថៃ លោក Supachai Jaisamut បាន​ឱ្យ​ដឹងថា គណបក្ស​របស់​លោក​កំពុង​គ្រោង​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅកាន់​សភា​សាជាថ្មី​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅក្នុង​សភា​បង្កើត​ថ្មី​បន្ទាប់ពី​ការបោះឆ្នោត​នាពេល​ខាងមុខ​រួច។

លោកបាន​មាន​ប្រសាសន៍​ថា «ប្រសិនបើ​មាន​ច្បាប់​កញ្ឆា យើង​អាច​គ្រប់គ្រង​វា​បាន ១០០ ភាគរយ។ ប៉ុន្តែជាមួយ​នឹង​អ្វី​ដែល​យើង​មាន​បច្ចុប្បន្ន​នេះ គឺ​យើង​អាច​គ្រប់គ្រង​វាបាន ៧០ ភាគរយ​រួច​ទៅ​ហើយ»៕