អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសៅរ៍ទៅនេះ បានអំពាវនាវស្វែងរកជំនួយ និងការគាំទ្រមួយនៅក្នុងកិច្ចពិភាក្សាដោយសម្ងាត់ដោយមិនឱ្យឥណ្ឌារារាំងដល់លោកខាងលិចនៅក្នុងការយកចិត្តទុកដាក់ក្នុងការដាក់ប្រទេសរុស្សី ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីធ្វើការឈ្លានពានយ៉ាងសាហាវទៅលើប្រទេសអ៊ុយក្រែន។
នៅក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌាលោកNarendra Modi,លោក Scholz បានសង្កត់ធ្ងន់ទៅលើផលអវិជ្ជមាននៅក្នុងប្រទេសអ៊ុយក្រែនដែលបណ្តាលមកពីសង្គ្រាមរបស់ប្រទេសរុស្សី និងសង្ឃឹមថា ឥណ្ឌានឹងជួយដល់ការផ្គត់ផ្គង់តាមការស្នើសុំពីបណ្តាប្រទេសអាស៊ី អាហ្រ្វិក និងអាមេរិកផងដែរ។
លោក Modi បានឆ្លើយតបដោយប្រុងប្រយ័ត្ន ដោយលោកសង្ឃឹមថា សង្គ្រាមនេះ នឹងត្រូវបានបញ្ចប់តាមរយៈការ សន្ទនារវាងការទូត។ លោកក៏បានបដិសេធផងដែរដោយមិនឱ្យមានការរិះគន់ចំៗណាមួយទៅលើរុស្សីឡើយ ដោយសារទីក្រុងម៉ូស្គូជាអ្នកផ្គត់ផ្គង់អាវុធ ប្រេង និងតម្រូវការសេដ្ឋកិច្ចផ្សេងៗទៅដល់ឥណ្ឌា។ ប៉ុន្តែលោក Scholz បាននិយាយថា សង្គ្រាមអ៊ុយក្រែនបានរំលោភបំពានទៅលើគោលការណ៏ជាមូលដ្ឋាន លើការមិនផ្លាស់ប្តូរព្រំដែនតាមរយៈការប្រើប្រាស់អំពើហិង្សា។
នៅក្នុងជំនួបពិភាក្សាលើកទី៤របស់ លោក Scholz និងលោក Modi នេះ ក៏បានលើកឡើងពីការធ្វើពាណិជ្ជកម្មដោយសេរីរវាងប្រទេសឥណ្ឌា និងសហភាពអ៊ឺរ៉ុប ផងដែរ។
សូមបញ្ជាក់ផងដែរថា លោក Scholz ការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌានេះ បានបង្ហាញពីចំណាប់អារម្មណ៏ដ៏ខ្លាំងក្លារបស់ប្រទេសអាល្លឺម៉ង់ទៅកាន់ទីក្រុងញីវដែលី។
យោងតាមការចេញផ្សាយរបស់កាសែត The Times Of India កាលពីសៅរ៍បានបង្ហាញពីលោក Scholz មានភាពជឿជាក់យ៉ាងរឹងមាំនៅក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗដូចជាវិស័យ ថាមពល ឱសថ និងសេដ្ឋកិច្ចឌីជីថលជាដើមជាមួយប្រទេសឥណ្ឌា។
ក្រោយការធ្វើសន្និសីទតាមរយៈអនឡាញរបស់ក្រុមមហាអំណាចឧស្សាហកម្មទាំង៧ កាលពីសុក្រនេះ បានឱ្យដឹងថា មុនពេលចាកចេញពីទីក្រុងប៊ែរឡាំង លោក Scholz បានលើកឡើងថា ៖«អន្តរជាតិ និងយើងកំពុងព្យាយាមធ្វើឱ្យច្បាស់ថា រុស្ស៊ីនឹងទទួលខុសត្រូវចំពោះមុខពិភពលោកជាមួយនឹងការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន»។
គួររំឭកផងដែរថា ប្រទេសឥណ្ឌាទទួលបានវិស័យថាមពលពីការផ្គត់ផ្គង់របស់ប្រទេសរុស្សី ហើយនៅក្នុងកិច្ចពិភាក្សានេះអាល្លឺម៉ង់បានសន្យាថា ខ្លួននិងជួយឥណ្ឌានៅក្នុងការផលិតថាមពលឡើងវិញ។
មិនតែប៉ុណ្ណោះអាល្លឺម៉ង់ក៏ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតក៏កំពុងជុំរុញសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសដទៃ ដើម្បីចៀសវាងពឹងផ្អែកសេដ្ឋកិច្ចទាំងស្រុងទៅលើប្រទេសចិនផងដែរ។
ប្រទេសឥណ្ឌាក៏គ្រោងនឹងទទួលបានជំនួយចំនួន ១០,៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍន៍ការប្រើប្រាស់ទឹកស្អាតពីភាគីអាល្លឺម៉ង់កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅផងដែរ។ ក្រៅពីនេះគណៈប្រតិភូរបស់លោក Scholz រួមមានមេដឹកនាំធុរៈកិច្ចអាល្លឺម៉ង់ជាច្រើននាក់ទៀត ក៏បានកំពុងព្យាយាមលក់នាវាជ្រមុជបន្ថែមទៀតទៅដល់ប្រទេសឥណ្ឌាផងដែរ៕