​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ថ្លែង​ក្នុង​​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ក្រោយ​ផ្អាក​ការចូល​រួម​របស់ខ្លួន​ក្នុង​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ (New START) រុស្ស៊ី នឹង​គិត​គូរ​អំពី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ណា​តូ​ផ្សេងៗ ទៀត​ដូច​បារាំង និង​អង់គ្លេស​ជាដើម មិន​ត្រឹមតែ​អាមេរិក​ប៉ុណ្ណោះ​ទេ​។ នេះ​បើតាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​ ​AP​។

​ការលើកឡើង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក ពូ​ទីន បាន​ថ្លែង​នៅពេល​ប្រកាស​ពី​ការផ្អាក​កិច្ចព្រមព្រៀង New START​​ នៅ​ដើម​សប្ដាហ៍​មុន​ថា បារាំង និង​អង់គ្លេស ដែល​មិនមែនជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ បាន​ចូលរួម​ជាមួយ​សហ​រដ្ឋ​អាមេរិក​ក្នុងការ​កំណត់​គោលដៅ​រុស្ស៊ី​ជាមួយនឹង​អាវុធ​នុយក្លេអ៊ែរ​។​

​លោក ពូ​ទីន បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រុស្ស៊ី​មួយ ដែល​ថត​កាលពី​ថ្ងៃ​ពុធ និង​ចាក់ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ថា លោក​បាន​ចាត់​វិធានការ ដើម្បី​ «​ថែរក្សា​ប្រទេស​របស់​យើង ធានា​សន្តិសុខ និង​ស្ថិរ​ភាពជា​យុទ្ធសាស្ត្រ​»​។​

​លោក​បន្ថែមថា​៖ «​ក្នុង​លក្ខ​ខណ្ឌ​នាពេល​បច្ចុប្បន្ននេះ​ពេល​ប្រទេស​ណា​តូ​នាំមុខគេ​ទាំង​​អស់​បានប្រកាស​ពី​គោលដៅ​ចម្បង​ក្នុងការ​ធ្វើឱ្យ​មានការ​បរាជ័យ​ជា​យុទ្ធសាស្ត្រ សម្រាប់​យើង ដើម្បី​ធ្វើឱ្យ​ប្រជាជន​របស់​យើង​រង​ទុក្ខ​...​ធ្វើ​ម៉េច​យើង​មិនអាច​គិតគូរ​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​បាន​?​ជាងនេះទៅទៀត ពួកគេ​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន ដែលមាន​តម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​»​។​

​ក្នុង​បទ​សម្ភាស៍​ដដែល លោក ពូ​ទីន បាន​និយាយ​ឡើងវិញ​ពីអ្វី​ដែល​លោក​ថា លោកខាងលិច​ព្យាយាម​បំផ្លាញរុស្ស៊ី ហើយ​ថា «​ប្រតិបត្តិការ​យោធា​ពិសេស​» នៅ​អ៊ុយ​ក្រែ​ន​រយៈពេល​ ១ ​ឆ្នាំ​កន្លងទៅនេះ គឺជា​ផ្នែក​មួយ​នៃ​ការប្រយុទ្ធ​ដើម្បី​អត្ថិភាព​របស់​រុស្ស៊ី​។ កាលពី ​១ ​ឆ្នាំមុន លោក​ប្រកែក​ថា គោល​ដៅ​សំខាន់​របស់លោក​ក្នុងការ​​ឈ្លានពាន​អ៊ុយ​ក្រែ​ន​គឺ​ដើម្បី​កាត់បន្ថយ «​ការគំរាមកំហែង​ដល់​សន្តិសុខ​រុស្ស៊ី​» ហើយ​ចាប់​តាំងពី​ពេលនោះ​មក លោក​បាន​លើក​ហេតុផល​ទាំងនោះ​ថា ជា​ហេតុផល​ប្រសិនបើ​អាវុធ​នុយក្លេអ៊ែរ ត្រូវ​ប្រើ​នៅ​អ៊ុយ​ក្រែ​ន​។

​នាយក​ទីភ្នាក់ងារ​សម្ងាត់ ​CIA លោក វីលៀម ប៊ឺ​នស៍ បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា បញ្ហា​ពិតប្រាកដ​នៅ​ពីក្រោយ​ការ​លុកលុយ​អ៊ុយ​ក្រែ​ន គឺ​ការ​បាត់បង់​ការគ្រប់គ្រង​របស់លោក ពូ​ទីន លើ​អ៊ុយ​ក្រែ​ន និង​ការ​ងើបឡើង​របស់​ប្រទេស​ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ និង​ប្រជា​ធិបតេយ្យ ដែល​ស្របតាម​លោកខាងលិច​។ ការលើកឡើង​បែបនេះ បន្ថែម​ពីលើ​ការ​​ថ្លែង​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន កាលពី​សប្ដាហ៍​មុន​ដែលថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត មិន​ស្វែង​រង​ការធ្វើឱ្យ​រុស្ស៊ី​ត្រូវ​បំផ្លិចបំផ្លាញ​នោះទេ​។

​គួរ​គូសបញ្ជាក់ថា New START គឺជា​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​ចុងក្រោយ​ដែល​នៅ​សេសសល់​រវាង​ទីក្រុង​ម៉ូស្គូ និង​វ៉ាស៊ីនតោន​។ ចំពោះ​ការ​ផ្អាក​ការចូលរួម​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ លោក ពូ​ទីន បាន​និយាយថា រុស្ស៊ី​មិនអាច​ទទួល​យក​ការត្រួតពិនិត្យ​របស់​ស​ហ​រដ្ឋ​អាមេរិក​លើ​ទីតាំង​នុយ​ក្លេ​អ៊ែរ​របស់ខ្លួន​បានទេ ខណៈ​អាមេរិក និង​សម្ព័ន្ធមិត្ត​ណា​តូ ចង់ឱ្យ​រុស្ស៊ី​បរាជ័យ​នៅ​អ៊ុយ​ក្រែ​ន​។ លោក​សង្កត់ធ្ងន់ថា ទីក្រុង​ម៉ូស្គូ​មិន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នោះទេ ហើយ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា រុស្ស៊ី​នឹង​គោរព​លក្ខខណ្ឌ​ស្តីពី​អាវុធ​នុយក្លេអ៊ែរ និង​បន្ត​ជូនដំណឹង​ដល់​សហ​​រដ្ឋ​អាមេរិក​អំពី​ការបាញ់​សាក​ល្បង​មី​ស៊ី​ល​ផ្លោង​។​

​ក្នុង​បទ​សម្ភាស៍​ជាមួយ​ទូរ​ទស្សន៍​រុស្ស៊ី​ដដែល លោក ពូ​ទីន មិនបាន​រៀបរាប់​លម្អិត​អំពី​របៀប​ដែល​លោក​នឹង «​គិតគូរ​» ពី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ណា​តូ​ដទៃ​ក្រៅពី​អាមេរិក​នោះទេ ប៉ុន្តែ​បានបង្ហាញ ថា លោក​បើកចំហ​ចំពោះ​ការ​ពិភាក្សា​អំពី​ប្រធានបទ​នេះ​៕

វីដេអូ៖