មន្ត្រី​រដ្ឋា​ភិបាល​បាននិ​យាយ​ថា កងកម្លាំង​តាលីបង់ បាន​សម្លាប់​មេបញ្ជាការ​កំពូល​ម្នាក់​របស់​ក្រុម ​IS ដែលត្រូវ​បាន​ចោទប្រកាន់​ថា​បាន​រៀបចំ​ផែនការ​វាយប្រហារ​ប្រឆាំង​នឹង​បេសកកម្ម​ការទូត​នៅក្នុ​ង​រដ្ឋ​ធានី​របស់​ប្រទេស​អាហ្វ​ហ្គា​នីស្ថាន​។

អំពើ​ហិង្សា​នៅ​អាហ្វហ្គានីស្ថាន ​បាន​ធ្លាក់​ចុះយ៉ាង​ខ្លាំង​ ​បន្ទាប់​ពី​ក្រុម​តាលីបង់ ​បាន​ដណ្តើម​អំណាច ​នៅ​ខែ​សីហា ឆ្នាំ​២០២១។

ប៉ុន្តែ​កាលពី​ឆ្នាំមុន សន្តិសុខ​កាន់​តែ​អាក្រក់ទៅៗ ​ដោយ​មាន​ការ​វាយ​ប្រហារ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ​ត្រូវ​បាន​​អះ អាង​ដោយ​សាខា​តំបន់​របស់​ក្រុម​IS​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​តាលីបង់ លោក Zabihullah Mujahid បាន​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ កាល​ពីថ្ងៃចន្ទថា កងកម្លាំង​តាលីបង់ បាន​សម្លាប់ Qari Fateh ជា ប្រធាន​ផ្នែក​ស៊ើប​ការណ៍ និង​ប្រតិបត្តិការ របស់ IS​ក្នុង​តំបន់ ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​មួយ កាលពី​យប់ថ្ងៃ​អាទិត្យ​។

លោក Mujahid បាន​និយាយ​ថា៖ «Fateh បាន​គ្រប់គ្រង​ដោយ​ផ្ទាល់​ទៅលើ​កិច្ច​ប្រតិបត្តិការ​កាល​ពី​ពេល​ថ្មីៗ​នៅក្នុង​ទីក្រុងកាប៊ុល​ រួមទាំង​ប្រឆាំងនឹង​បេសកកម្មការ​ទូត​នានា​ វិហារអ៊ិ​ស្លាម និង​គោលដៅ​ផ្សេងៗ​ទៀត​»។

សមាជិកក្រុម IS ម្នាក់ទៀត ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​នេះ​ ដែលមាន​មូលដ្ឋាន​ នៅ​តំបន់ Khair Khana នៃ​ទី​ក្រុង​កាប៊ុល។​ នេះ​បើយោង​តាម​សេចក្តីថ្លែង​ការណ៍​នោះ។

អ្នក​ស្រុក​នៅ​ក្នុង​សង្កាត់​នោះ ​បាន​រាយការណ៍​ពី​សំឡេង​កាំភ្លើង​ឮ​យ៉ាង​ខ្លាំង ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ។

ក្រុម​មន្ត្រី​តាលីបង់​ បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម Twitter ដែល​បង្ហាញ​ឱ្យ​ឃើញ​សាកសព​មនុស្ស​នាក់​ដែល​ដេក​ក្នុង​គំនរ​បាក់បែក​។

របាយការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០២២ បាន​ពណ៌នា​លោក Fateh ជា​មេដឹកនាំ​ក្រុម IS ​ដ៏សំខាន់​ម្នាក់​ ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទធ្វើ​ប្រតិបត្តិ​ការ​យោធា​នៅ​ក្នុង​តំបន់​ដែល​លាត​សន្ធឹង​លើ​ប្រទេស​ឥណ្ឌា ​អ៊ីរ៉ង់ និង​អាស៊ី​កណ្តាល​។

IS បាន​លេចឡើង ​ជា​បញ្ហា​ប្រឈម​ផ្នែកសន្តិសុខ​ដ៏ធំ​បំផុត​ចំពោះការ​គ្រប់គ្រង​របស់​តាលីបង់​ ដោយ​បាន​ធ្វើ​ការ​ វាយ​ប្រហារលើ​ជនបរទេស ជនជាតិ​ភាគ​តិច​សាសនា និង​ស្ថាប័ន​រដ្ឋាភិបាល​។

ក្រុមទាំង២​ចែករំលែកមនោគមន៍​វិជ្ជាអ៊ីស្លាមនិកាយស៊ុននីយ៉ាងតឹងរ៉ឹង ប៉ុន្តែក្រុមIS កំពុងប្រយុទ្ធដើម្បីបង្កើត «កាលីហ្វ» ជាសកល ខណៈ​ពេលដែល​ពួក​តាលីបង់​មាន​គោលដៅ​មើល​ទៅ​ខាង​ក្នុង​ជាង​ក្នុង​ការ​គ្រប់គ្រង ប្រទេស​អាហ្វហ្គានីស្ថាន​ឯករាជ្យ​មួយ​។

ក្រុម IS ​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​កាល​ពី​ខែ​ធ្នូ ទៅ​លើ​សណ្ឋាគារ​ក្រុង​កាប៊ុល ដែល​បាន​ធ្វើ​ឱ្យ​ជនជាតិ​ចិន ៥នាក់ ​រង​របួស​។

ក្នុងខែធ្នូ​នោះដែរ ក្រុមនេះ បាន​វាយប្រហារ​ស្ថានទូត​ប៉ាគីស្ថាន​ក្នុងទី​ក្រុងកាប៊ុល។ ​ទី​ក្រុង​អ៊ីស្លាម៉ាបាដ​ បាន​ពណ៌នា​ថា​វា​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​ឯក​អគ្គ​រដ្ឋទូត​របស់​ខ្លួន​។

ចំណែក​នៅក្នុង​ខែមករា ក្រុមនេះ បាន អះអាងពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅជិត​ក្រសួងការ​បរទេស​ក្នុង​ទី​ក្រុងកាប៊ុល ដែល​បានបណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ ១០នាក់ស្លាប់​។

បុគ្គលិក​ស្ថានទូត​រុស្ស៊ី​២ នាក់​ បានស្លាប់​នៅក្នុង​ការ​បំផ្ទុះគ្រាប់បែក​អត្តឃាត​នៅខាង​ក្រៅ​ស្ថានទូត​ របស់​ពួកគេកាល​ពី​ខែកញ្ញា​ឆ្នាំមុន ដែលជា​ការវាយប្រហារ​មួយ​ផ្សេងទៀត​ដែល​ត្រូវបាន​អះអាង​ដោយ​ក្រុម​IS។

ក្រុមតាលីបង់​ បានស្តី​បន្ទោស​ក្រុមនេះ​ចំពោះ​ការវាយ​ប្រហារអត្តឃាត​កាលពីខែក​ញ្ញា ឆ្នាំ ២០២២​ នៅទី​ក្រុងកាប៊ុល ​ដែលបាន​បណ្តាល​ មនុស្ស​ចំនួន៥៤ នាក់ស្លាប់​ ក្នុងនោះ​មានស្ត្រី និងក្មេង​ស្រីចំនួន ៥៤ នាក់​ផង​ដែរ​៕

វីដេអូ៖