ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​កូរ៉េខាង​ជើង KCNA ​​បាន​រាយការណ៍​​នៅ​​ថ្ងៃ​អង្គារ​ទី​ ២៨ កុម្ភៈ​ថា​ ​​លោក​មេ​ដឹក​នាំ​ គីម​ ជុងអ៊ុន ​បាន​ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​​ធ្វើ​​ «​ការ​ផ្លាស់​ប្តូរ​ជា​មូលដ្ឋាន​»​ ​ក្នុង​ផលិតកម្ម​កសិកម្ម​ ចំ​ពេល​​​មាន​ការ​ភ័យ​ខ្លាច​ថា​ វិបត្តិ​​កង្វះ​ស្បៀង​អាហារ​ក្នុង​ប្រទេស​កាន់​តែ​យ៉ាប់​ទៅ​ៗ​។ នេះ​បើ​តាម​រាយការណ៍​​បន្ត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

​លោក​ គីម​បាន​ថ្លែង​ក្នុង​​​ថ្ងៃ​ទី​​២​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧​ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​​​ទី​៨​ កាល​ពី​ថ្ងៃ​ចន្ទ​​ថា​ ​​ការ​​សម្រេច ​បាន​នូវ​​គោលដៅ​ផលិតកម្ម​​ស្បៀង​​​នៅ​ឆ្នាំ​នេះ​ គឺ​ជា​អាទិភាព​ចម្បង​មួយ​ ហើយ​បាន​សង្កត់​ធ្ងន់​លើ​សារៈ​សំ​ខា​ន់​​នៃ​ផលិតកម្ម​កសិកម្ម​ដែល​មាន​ស្ថិរភាព​។

​​ការ​រាយការណ៍​របស់​ KCNA មិន​បាន​​​បញ្ជាក់​​លម្អិត​​អំពី​​វិធានការ​​អ្វី​​ដែល​​កូរ៉េ​​ខាង​​ជើង​​ នឹង​​ចាត់​​ទុក​​​ទេ​ ប៉ុន្តែ​​លោក​គីម​បាន​​​ថ្លែង​ថា​ ​​​ការ​​ផ្លាស់​​ប្តូរ​​ត្រូវ​​តែ​​​ធ្វើ​​ឡើង​​នៅ​​ប៉ុន្មាន​​ឆ្នាំ​​ខាង​​មុខ​។​ លោក​ថា​​៖ «​គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ​ ដរាប​ណា​ប្រព័ន្ធ​ដឹក​នាំ​ដ៏​រឹង​មាំ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​គណបក្ស​ទាំង​មូល​ ហើយ​មាន​កម្លាំង​រួប​រួម​របស់​ប្រជាជន​ទាំង​អស់​»​។

​យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ៗ​ វិស័យ​កសិកម្ម​កូរ៉េខាង​ជើង​សម្បូរ​ទៅ​ដោយ​កសិដ្ឋាន​​បែប​​​សមូហភាព​​។​ កសិដ្ឋាន​បែប​នេះ​ ជា​ធម្មតា​ទទួល​កសិករ​ខ្នាត​តូច​ជា​ច្រើន​ដែល​​ដាំ​ដំណាំ​ដោយ​ប្រើ​កម្លាំង​ពលកម្ម​រួម​គ្នា​។​

ការ​​​លើក​ឡើង​របស់​លោក​ គីម​ ធ្វើ​ឡើង​ ចំពេល​ដែល​មាន​ការ​រាយការណ៍​ពី​កំណើន​នៃ​កង្វះ​ស្បៀង​អាហារ​ក្នុង​ប្រទេស​​ ​ទោះ​បី​ជា​កូរ៉េ​ខាង​ជើង​ បាន​បដិសេធ​ការ​លើក​ឡើង​ដែល​ថា​​ ខ្លួន​មិន​អាច​ផ្គត់​ផ្គង់​ដល់​ពល​រដ្ឋ​របស់​ខ្លួន​ក៏​ដោយ​។​

​យោង​​តាម​​ការ​​វាយ​​តម្លៃ​​របស់​​កូរ៉េ​​ខាង​​ត្បូង​ ផលិតកម្ម​​​ស្បៀង​កសិកម្ម​របស់​​​កូរ៉េ​​ខាង​​ជើង​​កាល​​ពី​​ឆ្នាំ​​មុន​ មាន​ចំនួន​ ៤,៥ លាន​តោន​​។ នេះ​បើ​តាម​ការ​ស្រង់​ទិន្នន័យ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AP។ ​​ក្នុង​ទសវត្សរ៍​មុន​ ផលិតកម្ម​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​មាន​ប្រហែល​​ពី​ ៤,៤-៤,៨ លាន​តោន​​។ ប៉ុន្តែ​​ទីភ្នាក់ងារ​ចារកម្ម​របស់​​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ ​កូរ៉េ​ខាង​ជើង​ត្រូវ​ការ​គ្រាប់​ធញ្ញជាតិ​ ឬ​ស្បៀង​កសិកម្ម​ចំនួន​ ៥,៥ លាន​តោន​ ដើម្បី​ចិញ្ចឹម​ប្រជាជន​​​ចំនួន​ ២៥​ លាន​នាក់​របស់​ខ្លួន​ក្នុង​មួយ​ឆ្នាំ​ៗ​។​

​កាល​ពី​ដើម​ខែ​​កុម្ភៈ​នេះ​ ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​ បាន​អះ​អាង​ថា​ ​ស្ថាន​ភាព​ស្បៀង​អាហារ​នៅ​កូរ៉េ​ខាង​ជើង​«​ហាក់​ដូច​ជា​កាន់​តែ​យ៉ាប់​យ៉ឺន​ទៅ​ៗ​»​។ ក្រសួង​​និយាយ​នា​ពេល​នោះ​ថា​ ​វា​កម្រ​ណាស់​ដែល​​កូរ៉េ​​ខាង​ជើង​​ កោះ​ហៅ​​កិច្ច​ប្រជុំ​ពិសេស​ស្តី​ពី​យុទ្ធសាស្ត្រ​កសិកម្ម​ ដែល​បាន​គ្រោង​ធ្វើ​នៅ​ចុង​ខែ​កុម្ភៈ​។​

​ក្នុង​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ​ដដែល​កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ គីម បាន​លើក​ឡើង​ពី​ «​​​សារៈ​សំខាន់​នៃ​កំណើន​នៃ​កម្លាំង​ផលិតភាព​កសិកម្ម​»​ដើម្បី​ធានា​ឱ្យ​មាន​ការ​​អភិវឌ្ឍសង្គម​និយម​។​

គួរ​គូស​បញ្ជាក់​ថា​ កូរ៉េ​ខាង​ជើង​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​យ៉ាង​តឹង​រ៉ឹង​​ ចំពោះ​​កម្មវិធី​អាវុធ​នុយ ក្លេអ៊ែរ ​និង​មីស៊ីល​ផ្លោង​របស់​ខ្លួន​ ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​​រង​ភាព​តាន​តឹង​បន្ថែម​ទៀត​ ​​ដោយ​ការ​បិទ​ព្រំដែន​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​​

គេ​មិន​ដឹង​ពី​វិសាល​ភាព​នៃ​វិបត្តិ​កង្វះ​ស្បៀង​អាហារ​​កូរ៉េខាង​ជើង​នា​ពេល​នេះ​ទេ​ ប៉ុន្តែ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ខែ​មករា​ ​អង្គការ​​ឃ្លាំ​មើល​កូរ៉េខាង​ជើង​ ដែល​​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ឈ្មោះ​ 38 North ​​លើក​ឡើង​ថា​ ​​ស្បៀង​អាហារ​របស់​កូរ៉េ​ខាង​ជើង​ ទំនង​ជា​បាន​ធ្លាក់​ចុះ​ក្រោម​ដល់​​កម្រិត​​ទាប​បំផុត​ ​បើ​គិត​ពី​​តម្រូវ​ការ​របស់​មនុស្ស​ ដោយ​​អសន្តិសុខ​ស្បៀង​មាន​លក្ខណៈ​​អាក្រក់​បំផុត​ចាប់​តាំង​ពី​គ្រោះ​ទុរ្ភិក្ស​​នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ដែល​សម្លាប់​មនុស្ស​រាប់​សែន​នាក់​។​

​របាយការណ៍​ដដែល​បាន​និយាយ​ថា​​ ក្រៅ​ពី​ការ​ផលិត​ស្បៀង​មិន​បាន​គ្រប់​គ្រាន់​ ​ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ទំនិញ​នាំ​ចូល​​​ធ្វើ​ឱ្យ​ប្រទេស​នេះ​​រង​ផល់​ប៉ះ​ពាល់​ពី​​បញ្ហា​​​​សកល​ធំ​​​ជម្លោះ​​ការ​​ទូត​​ និង​​​គ្រោះ​ធម្មជាតិ​បណ្ដាល​មក​ពី​អាកាស​ធាតុ​ជា​ដើម​។ 38 North លើក​ឡើង​ថា​ ​ដំណោះ​ស្រាយ​រយៈ​ពេល​វែង​ចំពោះ​បញ្ហារួម​​​មាន​​ទាំង​ការ​ដោះ​​ស្រាយ​លើ​ការ​ប្រឈម​មុខ​ដាក់​គ្នា​​ផ្នែក​​អាវុធ​នុយក្លេអ៊ែរ​ និង​ទណ្ឌកម្ម​​និង​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​​ជាដើម​។ ​

អង្គការ​ឃ្លាំ​មើល​ដដែល​បន្ត​ថា​ ​ការ​ចាប់​ផ្តើម​នៃ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ នឹង​ជួយ​ដល់​សមត្ថភាព​ផលិត​ភាព​របស់​កូរ៉េ​ខាង​ជើង​ និង​អនុញ្ញាត​ឱ្យ​​​ប្រទេស​នេះ​នាំ​ចេញ​​នូវ​ផលិតផល​ឧស្សាហកម្ម​ និង​សេវាកម្ម​ដែល​អាច​ជួញ​ដូរ​បាន​អាច​​ប្តូរ​ប្រាក់​​បរទេស ​និង​នាំ​ចូល​​ស្បៀង​កសិកម្ម​ក្នុង​ទំហំ​ច្រើន​លើ​មូលដ្ឋាន​ប្រកប​ដោយ​និរន្តរភាព​ពាណិជ្ជកម្ម​៕

វីដេអូ៖