អ្នកកាសែតបម្រើការឱ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រ២រូបត្រូវបានជនមិនស្គាល់មុខក្លែងបន្លំខ្លួនតាមបណ្ដាញសង្គម ដើម្បីចូលរួមជាមួយសកម្មជនចិនលើវេទិកាអនឡាញផ្សេងៗគ្នាអស់រយៈពេលជាច្រើនខែ។
ការក្លែងបន្លំរបស់អ្នកកាសែតទាំង ២ រូប ដែលរួមមានប្រធានការិយាល័យប្រចាំក្រុងសៀងហៃ លោក Brenda Goh និងអ្នកឆ្លើយឆ្លងព័ត៌មានពីក្រុងហុងកុង លោកស្រី Jessie Pang បានចាប់ផ្តើមនៅចុងខែវិច្ឆិកា ឆ្នាំមុន និងធ្វើឡើងនៅលើវេទិកានានាដូចជាអ៊ីនស្តាក្រាម និងកម្មវិធីផ្ញើសារតេឡេក្រាម។
អ្នកក្លែងបន្លំប្រើវិធីនេះស្វែងរកព័ត៌មានអំពីក្រុមដែលពាក់ព័ន្ធនឹងការតវ៉ាជាច្រើនក្នុងខែតែ ១ ប្រឆាំងនឹងការគ្រប់គ្រងកូវីដដ៏តឹងរ៉ឹងរបស់ចិន។ នេះបើយោងតាមរូបថតពីអេក្រង់ទូរស័ព្ទ (ស្គ្រីនសត) និងគណនីជាច្រើនដែលផ្តល់ទៅឱ្យរ៉យទ័រ។
សកម្មជនចិនម្នាក់ដែលរ៉យទ័រមិនបង្ហាញឈ្មោះ បានអះអាងថា មានជនក្លែងបន្លំធ្វើលោក Goh បានទាក់ទងជាមួយលោករយៈពេលដល់ទៅ ៣ ខែតាមតេឡេក្រាម។
ចំណែកឯសកម្មជន និងជាសិល្បករប្រឆាំងជនជាតិចិនដែលរស់នៅអូស្ត្រាលី លោក Badiucao វិញ បានបង្ហាញពីករណីក្លែងបន្លំខ្លួននេះជាលើកដំបូងកាលពីថ្ងៃសៅរ៍លើបណ្ដាញសង្គមធ្វីធើរ។ លោក Badiucao បានសរសេរថា លោកត្រូវបានគេទាក់ទងតាមតេឡេក្រាម ដោយជនដែលបន្លំខ្លួនជាលោកស្រី Pang ដោយសុំព័ត៌មានលើវេទិកាអនឡាញ Citizens Daily ដែលចែករំលែករូបសិល្បៈឆ្លុះបញ្ជាំងពីការប្រឆាំងតវ៉ា។
លោក Badiucao ដែលជាអ្នកគូររូបថ្លុកនយោបាយដ៏ល្បី ១ រូបបានបន្ថែមថា ជនក្លែងបន្លំធ្វើឱ្យគេជឿទុកចិត្តខ្លួន តាមរយៈការផ្តល់ព័ត៌មានលម្អិតអំពីប្រវត្តិរបស់លោកស្រី Pang និងការងារថ្មីៗរបស់លោកស្រី។ យ៉ាងណាមិញ ក្រោយមកទៀត លោក Badiucao មានការសង្ស័យចំពោះការប្រើប្រាស់ភាសា និងសំណួរដែលចោទឡើងដោយជនក្លែងបន្លំ ទើបលោកសុំឱ្យមានការទាក់ទងតាមគណនីធ្វីតធើរផ្លូវការរបស់លោកស្រី Pang វិញ។
ប៉ុន្តែជនក្លែងបន្លំថា គណនីផ្លូវការនោះមានក្រុមការងារនៅរ៉យទ័រជាអ្នកគ្រប់គ្រង ហើយផ្ញើបណ្ណកំណត់អត្តសញ្ញាណរបស់លោកស្រី Pang ដែលអស់សុពលភាពមកវិញ។
ទោះយ៉ាងណាក៏ដោយ គេមិនដឹងថានរណានៅពីក្រោយខ្នងការក្លែងបន្លំបែបនេះទេ ខណៈគណនីបណ្ដាញសង្គមរបស់អ្នកកាសែតរ៉យទ័រទាំង ២ ក៏មិនត្រូវបានគេហែក។ អ្នកនាំពាក្យរ៉យទ័រថា ស្ថាប័នកំពុងពិនិត្យមើលរឿងនេះ ហើយនឹងចាត់វិធានការសមស្រប។ ចំណែកឯអ្នកនាំពាក្យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់អ៊ីនស្តាក្រាម បានលុបគណនីរបស់ជនបន្លំខ្លួន ប៉ុន្តែក្រុមហ៊ុននេះ និងតេឡេក្រាមមិនបានអត្ថាធិប្បាយយ៉ាងណាទេ។
អ្នកគ្រប់គ្រងនៅវេទិកា Citizens Daily បានអះអាង ដោយមិនបញ្ចេញឈ្មោះថា ខ្លួនសង្ស័យថារដ្ឋចិនមានការពាក់ព័ន្ធនឹងការក្លែងបន្លំនេះ។
ចំណែកក្រសួងការបរទេសរដ្ឋបាលតាមអ៊ីនធឺណិត និងការិយាល័យសន្តិសុខសាធារណៈរបស់ចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើការអះអាងរបស់ Citizens Daily ឬការក្លែងបន្លំខ្លួនធ្វើអ្នកកាសែតនោះទេ។
គួរបញ្ជាក់ថា Citizens Daily គឺជាបណ្តាញចែកចាយព័ត៌មានក្នុងចំណោមក្រុមបាតុករក្នុងអំឡុងបាតុកម្មកាលពីខែវិច្ឆិកា នៅទីក្រុងជាច្រើនរបស់ចិន ប្រឆាំងនឹងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាល ដោយបាតុករខ្លះ ថែមទាំងបានអំពាវនាវឱ្យប្រធានាធិបតី ស៊ី ជីនភីង ចុះចេញពីតំណែង និងបញ្ចប់ការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តទៀតផងនាពេលនោះ៕