អភិបាលក្រុងសេអ៊ូល លោក Oh Sehoon បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្នុងបទសម្ភាស៍ផ្ដាច់មុខមួយដែលចេញផ្សាយនៅថ្ងៃចន្ទថា កូរ៉េខាងត្បូង គួរតែបង្កើតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដើម្បីពង្រឹងវិស័យការពារជាតិប្រឆាំងនឹងកូរ៉េខាងជើងទោះបីជាមានហានិភ័យនៃផលប៉ះពាល់ជាអន្តរជាតិក៏ដោយ ព្រោះប្រទេសនេះមិនគួរនៅជំពាក់ចំណងនឹងគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរនោះទេ។
ការថ្លែងបែបនេះរបស់លោក Oh Sehoon បានបន្ថែមកម្ដៅថ្មីដល់ការជជែកដេញដោលកាន់តែខ្លាំងឡើងអំពីរបៀបដែលកូរ៉េខាងត្បូង គួរតែបំពាក់អាវុធនុយក្លេអ៊ែរ ដោយខ្លួនឯង ខណៈកូរ៉េខាងជើង កំពុងសម្រួចសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារកូរ៉េខាងត្បូង ដោយអាវុធនុយក្លេអ៊ែរតាក់ទិក។
លោក Oh បានថ្លែងយ៉ាងដូច្នេះថា៖ «កូរ៉េខាងជើង ស្ទើរតែជោគជ័យក្នុងការផលិត និងបាញ់គ្រាប់នុយក្លេអ៊ែរ កម្រិតស្រាល និងមានក្បាលគ្រាប់រាប់សិបយ៉ាងតិច។ យើងបានឈានដល់ចំណុចមួយដែលវាពិបាកក្នុងការបញ្ចុះបញ្ចូលមនុស្សដោយប្រើហេតុផលថា យើងគួរតែបដិសេធការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយប្រកាន់ខ្ជាប់នូវការរំសាយអាវុធនុយក្លេអ៊ែរ»។
គួររំឭកថា លោក Oh បានលើកឡើងពីបញ្ហានេះកាលពីខែកុម្ភៈរួចម្ដងមកហើយ ដោយនិយាយថា ក្រុងសេអ៊ូល គួរតែរក្សាជម្រើសនុយក្លេអ៊ែរ។ ប៉ុន្តែការលើកឡើងថ្មីរបស់លោក គឺកាន់តែក្ដៅជាងនេះទៅទៀត។ លោក Oh ដែលជាសមាជិកដ៏មានឥទ្ធិពលម្នាក់នៃគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី យូន ស៊ុកយូល Yoon Suk Yeol គឺជាមន្ត្រីដែលមានឋានៈខ្ពង់ខ្ពស់ម្នាក់ ក្នុងការតស៊ូមតិយ៉ាងសកម្មដើម្បីឱ្យកូរ៉េខាងត្បូងមានកម្មវិធីអាវុធនុយក្លេអ៊ែរ។
លោកត្រូវបានគេមើលឃើញថា ទំនងនឹងធ្វើជាបេក្ខជនប្រជែងតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតនៅឆ្នាំ ២០២៧។ ក្នុងនាមជាអភិបាលក្រុងលោកមើលការខុសត្រូវលើសមយុទ្ធការពារស៊ីវិលប្រចាំឆ្នាំ របស់ទីក្រុងសេអ៊ូល និងយន្តការសន្តិសុខរួមបញ្ចូលគ្នា ដែលមានគោលបំណងការពារតំបន់ទីក្រុង។
គួរកត់សម្គាល់ថា ចំពេលដែលវិស័យយោធាកូរ៉េខាងជើងកាន់តែជឿនលឿន និងមានមន្ទិលលើការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការការពារសម្ព័ន្ធមិត្តក្នុងតំបន់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង មួយចំនួន បានលើកឡើងពីលទ្ធភាពនៃការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយខ្លួនឯង ឬការដាក់ពង្រាយឡើងវិញនូវគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលតាក់ទិករបស់អាមេរិក ដែលត្រូវបានដកចេញពីឧបទ្វីបកូរ៉េក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
កាលពីធ្វើបេក្ខជនប្រកួតប្រជែងការបោះឆ្នោតប្រធានាធិតបីលោក យូន បានស្នើពីជម្រើសដាក់ពង្រាយអាវុធឡើងវិញរបស់សហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាលរបស់លោកនាពេលនេះនៅតែប្តេជ្ញាចិត្តក្នុងការរំសាយអាវុធនុយក្លេអ៊ែរព្រមទាំងពង្រឹងវិស័យការពារធម្មតារួមបញ្ចូលគ្នាជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាមិញ ការស្ទង់មតិជាច្រើន បានបង្ហាញពីការស្ទុះឡើងនៃការគាំទ្រជាសាធារណៈក្នុងប្រទេសកូរ៉េខាងត្បូង លើការមានឃ្លាំងអាវុធនុយក្លេអ៊ែរដោយខ្លួនឯង។
ខណៈមានសម្ទុះបែបនេះ លោក Oh បាននិយាយក្នុងបទសម្ភាស៍ដដែលថា វិបត្តិអ៊ុយក្រែនបានពង្រឹងការជឿជាក់របស់លោកដែលថា ការរំសាយអាវុធនុយក្លេអ៊ែរ បានបាត់បង់ប្រសិទ្ធភាពរបស់ខ្លួន ហើយអាវុធនុយក្លេអ៊ែរនឹងក្លាយជាអាវុធទប់ទល់ដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងកូរ៉េខាងជើង។
លោកបានច្រានចោលគូប្រជែងដែលព្រមានពីការដាក់ទោសពីប្រទេសផ្សេងៗ រួមទាំងការដាក់ទណ្ឌកម្ម ដោយនិយាយថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងនឹងផ្ញើសារទៅកាន់ប្រទេសដូចជាចិនដើម្បីទប់ស្កាត់ការបង្កើនសកម្មភាពយោធារបស់កូរ៉េខាងជើង។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ដំបូងៗ វាអាចនឹងមានការប្រឆាំងពីសហគមន៍អន្តរជាតិ ប៉ុន្តែខ្ញុំជឿថា វានឹងទទួលបានការគាំទ្របន្ថែមទៀតនៅទីបំផុត»៕
វីដេអូ៖