កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ សមាជិកសភាជាន់ខ្ពស់រុស្ស៊ីបានធ្វើការដាក់ចេញនូវសេចក្ដីព្រាងច្បាប់មួយ ដើម្បីធ្វើកំណែទម្រង់ទៅលើអាយុដែលត្រូវចូលបម្រើយោធាជាកំហិត ដែលពីមុន ពលរដ្ឋរុស្ស៊ីដែលអាចចូលបម្រើយោធាបានត្រូវមានអាយុចាប់ពី ១៨ ទៅ ២៧ ឆ្នាំ ប៉ុន្តែក្រោមកំណែទម្រង់ថ្មីនេះ ពលរដ្ឋរុស្ស៊ីត្រូវមានអាយុចាប់ពីអាយុ ២១ដល់ ៣០ឆ្នាំទើបជាប់កាតព្វកិច្ចចូលបម្រើក្នុងជួរកងទ័ព។
សេចក្ដីព្រាងច្បាប់នេះត្រូវបានដាក់ចេញដោយលោក Andrei Kartapolov អតីតឧត្តមសេនីយដែលធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការការពារជាតិរបស់សភាជាន់ទាបរុស្ស៊ីនិងជាតំណាងឱ្យតំបន់បង្រួបបង្រួមរុស្ស៊ី។គួរដឹងដែរថា បន្ទាប់ពីលោកបានឡើងកាន់អំណាចរយៈពេលជាង១ឆ្នាំប៉ុណ្ណោះ យុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនក៏បានចាប់ផ្ដើមឡើង។
ដោយសារតែមានការផ្លាស់ប្ដូរអាយុដែលត្រូវបញ្ចប់ភារកិច្ចបម្រើទ័ពរហូតដល់អាយុ ៣០ ឆ្នាំបែបនេះហើយ បានធ្វើឱ្យទាហានរុស្ស៊ីដែលត្រូវរួចផុតពីកាតព្វកិច្ចយោធានៅអាយុ ២៧ ឆ្នាំត្រូវបន្តធ្វើជាទាហានរយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ឆ្នាំ២០២៤ ឬ ២០២៥។ ជារួម រយៈពេលនៃការបម្រើជាកងពលរបស់ពួកគេនឹងកើនឡើងដល់១០ឬ១១ឆ្នាំជំនួសឱ្យរយៈពេលធម្មតាគឺត្រឹមតែ ៩ ឆ្នាំប៉ុណ្ណោះ ដែលនេះគឺជាយុទ្ធសាស្ត្រដាក់ចេញដើម្បីបង្កើន ឬរក្សាចំនួនទាហានដែលផុតកាតព្វកិច្ចឱ្យនៅដដែល ដោយត្រូវទទួលការដាក់កំហិតឱ្យបន្តធ្វើ ១ ឬ ២ ឆ្នាំទៀត។
សម្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន លោកបានផ្តល់ការគាំទ្រដល់សំណើរបស់ក្រសួងការពារជាតិមួយនេះកាលពីខែធ្នូកន្លងទៅក្នុងការពន្យារអាយុបញ្ចប់កាតព្វកិច្ចយោធាថយក្រោយពីអាយុ ២៧ ដល់៣០ ឆ្នាំ។រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu ក៏បានរៀបចំផែនការបង្កើនចំនួនសរុបកងទ័ពប្រយុទ្ធជួរមុខ ចំនួនទាហានកិច្ចសន្យាអាជីព និងចំនួនទាហានដែលបានមកពីការកេណ្ឌទ័ព ចាប់ពី ១,១៥ លាននាក់បច្ចុប្បន្នរហូតដល់ ១,៥ លាននាក់នាពេលខាងមុខ។
គួរដឹងដែរថា ទាហានដែលទើបនឹងកែនបានមកថ្មីៗ មិនអាចដាក់ពង្រាយឱ្យឈរជើងនៅខាងក្រៅទឹកដីប្រទេសរុស្ស៊ី ដែលជាតំបន់ធ្វើសង្គ្រាមនោះទេ ។នេះបើយោងតាមគោលការណ៍របស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែកញ្ញា ទីក្រុងម៉ូស្គូបានដាក់បញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ ដោយឯកតោភាគី ហើយចាត់ទុកតំបន់ទាំងនេះថាជាទឹកដីរបស់ខ្លួន ខណៈដែលការប្រយុទ្ធគ្នាកំពុងបន្តកើតឡើង។
ការចល័តទ័ពបុរសៗយ៉ាងហោចណាស់ប្រមាណ៣ សែននាក់កាលពីរដូវស្លឹកឈើជ្រុះទៅកាន់តំបន់ធ្វើសង្រ្គាមនៅអ៊ុយក្រែនបានជំរុញឱ្យបុរសៗនៅក្នុងប្រទេសដែលជិតគ្រប់អាយុ ១៨ ឆ្នាំ និងអ្នកគ្រប់អាយុតែមិនទាន់ត្រូវបានកេណ្ឌទៅនោះ បានធ្វើការរត់ចាកចេញពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសផ្សេងទៀត។ព្រឹត្តិការណ៍ចល័តទ័ពនោះក៏បានបង្កឱ្យមានការរិះគន់ពីសាធារណៈជនយ៉ាងខ្លាំង បង្កភាពវឹកវរនិងចលាចលពេញផ្ទៃប្រទេស ដោយសារតែបុរសៗត្រូវបានគេហៅឱ្យទៅធ្វើសង្គ្រាមទាំងគ្មានជំនាញ និងបទពិសោធន៍។
បើទោះបីជាយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែនហាក់ដូចជាត្រូវបានជាប់គាំងក៏ដោយ ក៏វិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់ថាខ្លួនគ្រោងនឹងធ្វើការចល័តទ័ពដែលបានកេណ្ឌ ភ្លាមៗទៅកាន់តំបន់ធ្វើសង្គ្រាមបន្ថែមទៀត។ យ៉ាងណាក៏ដោយ រុស្ស៊ីក៏មានគោលការណ៍ពន្យារពេលក្នុងការកេណ្ឌ បុរសដែលស្ថិតក្នុងលក្ខខណ្ឌមួយចំនួនដូចជា អ្នកធ្វើការនៅមូលដ្ឋានវេជ្ជសាស្រ្តនិស្សិតសាកលវិទ្យាល័យ និងឪពុកដែលត្រូវនៅមើលថែគ្រួសារដែលមានសមាជិកជាបន្ទុកច្រើន៕