ប៉ូលិស​ក្រុង​វីយែន​នៃ​ប្រទេស​អូទ្រីស​ ​កាល​ពី​ថ្ងៃ​ពុធ បាន​បង្កើន​ការ​ល្បាត​ប្រដាប់​អាវុធ​នៅ​តាម​ទីតាំង​រសើប​ៗក្នុង​រដ្ឋ​ធានី​នេះ​ រួម​ទាំង​ព្រះ​វិហារ​សាសនា​​នានា​ បន្ទាប់​ពី​​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ក្នុង​ស្រុក​ ​​បាន​ទ​ទួល​ព័ត៌មាន​ដែល​បង្ហាញ​ថា​ ក្រុម​ភេរវកម្ម​អ៊ិស្លាម​ជ្រុល​និយម​កំពុង​រៀប​ចំ​ផែនការ​វាយ​ប្រហារ​។

ប៉ូលិស​ក្រុង​វីយែន​ បាន​សរសេរ​សេចក្ដី​ប្រកាស​​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីធើរ​ថា​ សេវា​ស៊ើបការណ៍​សម្ងាត់​​អូទ្រីស ​​មាន​ហេតុ​ផល​ក្នុង​ការ​​ជឿ​ថា ​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​កំពុង​រៀប​ចំ​ផែន​ការ​វាយ​ប្រហារ​ក្រុង​វីយែន​។

ប៉ូលិស​បន្ត​ថា​ ៖«​​​ជា​វិធានការ​ប្រុង​ប្រយ័ត្ន​​កន្លែង​រសើប​ៗ​ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​យាម​កាម​ដោ​យ​​កងក​ម្លាំង​នគរបាល​ប្រតិបត្តិការ​ប្រចាំ​​ និងកងក​ម្លាំង​នគរបាល​​​ពិសេស​ ហើយ​ថា ​​គេ​មិន​ទាន់​ដឹង​ថា​វិធាន​ការ​នេះ ​មាន​រយៈ​ពេល​ប៉ុន្មាន​នៅ​ឡើយ​ទេ​»។

​​ជាង​៣​ម៉ោង​​ក្រោយ​ការ​​ជូន​ដំណឹង​ដល់​សាធារណជន​ចំពោះ​ការ​គំរាម​កំហែង​ដែល​អាច​កើត​មាន​នេះ​ ប៉ូ​លិស​បាន​ផ្ញើ​ការ​អាប់​ដេត​​​មួយ​ទៀត​​ ដោយ​បញ្ជាក់​ថា​ សេចក្តី​យោង​ដំបូង​ចំពោះ​ហានិភ័យ​នៃ​ការ​វាយ​ប្រហារ​​លើ​​ព្រះ​វិហារ​​សាសនា​ អាច​កើត​មាន​ ​​មិន​ត្រឹម​តែ​លើ​ព្រះ​វិហារ​គ្រិស្ត​សាសនា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​​អាច​មាន​លើ​កន្លែង​គោរព​បូជា​របស់​សាសនា​ផ្សេង​ៗ​ និង​​អគារ​ផ្សេង​ទៀត​ផង​ដែរ​។

គេ​មើល​ឃើញ​ថា ​ការ​បង្កើន​ការ​ពង្រឹង​សន្តិសុខ​បែប​នេះ​​ជា​វិធានការ​ដ៏​កម្រ​មួយសម្រាប់​អូទ្រីស​​ ខណៈ​​វីយែន​គឺ​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​រដ្ឋ​ធានី​ដែល​​មាន​សុវត្ថិភាព​បំផុត​នៅ​លើ​ពិភព​លោក​ ហើយ​ការ​វាយ​ប្រហារ​ដោយ​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​​កម្រ​កើត​មាន​​ណាស់​។​

​យ៉ាង​ណា​មិញ​ ការ​វាយ​ប្រហារ​ដ៏​សាហាវ​ចុង​ក្រោយ​មួយ​ បាន​កើត​ឡើង​​ក្នុង​ឆ្នាំ​២០២០​ ពេល​ខ្មាន់​កាំភ្លើង​ក្រុម​ជីហាដ​ម្នាក់​ បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​​សម្លាប់​មនុស្ស​ ៤ ​នាក់​​ មុន​ពេល​ប៉ូលិស​​បាញ់​ខ្មាន់​កាំភ្លើង​រូប​នោះឱ្យ​​ស្លាប់៕