កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានម៉ោងមុនមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ជួបគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ។
ការបាញ់សាកល្បងចុងក្រោយ ដែលជាការធ្វើតេស្តអាវុធលើកទី៣គិតក្នុងតែសប្ដាហ៍នេះ ក៏ធ្វើឡើងផងដែរ ស្របពេលដែលកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្តធ្វើសមយុទ្ធយោធារួមគ្នា ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការហាត់សមដើម្បីឈ្លានពាន។
តាមការវាយតម្លៃរបស់កូរ៉េខាងត្បូង និងជប៉ុន មីស៊ីលសាកល្បងចុងក្រោយនេះ បានហោះក្នុងរយៈចម្ងាយ ១ ០០០ គីឡូម៉ែត្រ និងរយៈកម្ពស់អតិបរមា ៦ ០០០ គីឡូម៉ែត្រ និងប្រើពេលហោះហើរ ៧០នាទី។ ព័ត៌មានស្ដីពីការហោះហើរនេះ ស្រដៀងគ្នានឹងព័ត៌មានលម្អិតនៃការហោះហើររបស់មីស៊ីល ICBM មួយផ្សេងទៀត ដែលកូរ៉េខាងជើងបាញ់បង្ហោះនៅខែកុម្ភៈដែរ។
បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP មីស៊ីលចុងក្រោយបានហោះហើរក្នុងគន្លងដ៏ចោត ហើយបានធ្លាក់ចូលក្នុងសមុទ្រចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន។ ជប៉ុនបាននិយាយថាមីស៊ីលនេះ បានធ្លាក់ក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនដែលមិនបង្កឱ្យមានការខូតខាតអ្វីនោះទេ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រីAdrienne Watson បានថ្លែងថា ក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសន្តិសុខនៃមាតុភូមិអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមមានកូរ៉េខាងត្បូង និងជប៉ុន។ លោកស្រីនិយាយថា ៖ «ការបាញ់បង្ហោះរបស់កូរ៉េខាងជើងបានបង្កើនភាពតានតឹង និងហានិភ័យដែលធ្វើឱ្យស្ថានការណ៍សន្តិសុខក្នុងតំបន់មានអស្ថិរភាព»។
មុនពេលធ្វើដំណើរទៅកាន់ក្រុងតូក្យូដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីជប៉ុនលោក ហ្វូមីអូ គីស៊ីដា លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយូល បានថ្លែងថា៖ «ការបង្កហេតុដែលមិនប្រុងប្រយ័ត្នរបស់កូរ៉េខាងជើង នឹងផ្តល់ការខូតខាតច្បាស់លាស់»។
ក្នុងអំឡុងកិច្ចប្រជុំសន្តិសុខបន្ទាន់មួយស្តីពីការបាញ់បង្ហោះរបស់កូរ៉េខាងជើង លោកយូន បានណែនាំយោធាកូរ៉េខាងត្បូងឱ្យដំណើរការយ៉ាងហ្មត់ចត់នូវសមយុទ្ធដែលកំពុងបន្តជាមួយកងកម្លាំងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធរួមគ្នាតាមការគ្រោងទុកក្នុងលក្ខណៈតានតឹងខ្លាំង និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក។
នៅឯទីក្រុងតូក្យូឯណោះវិញ លោក គីស៊ីដា បានថ្លែងថា៖«យើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងចំណោមសម្ព័ន្ធមិត្ត និងប្រទេសដែលមានគំនិតដូចគ្នា»។
ការសាកល្បងអាវុធយ៉ាងក្លៀវក្លារបស់ក្រុងព្យុងយ៉ាង មិនមែនជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ក្នុងដំណាក់កាលនៃភាពតានតឹងនេះ ព្រោះគេបានរំពឹកទុករួចមកហើយ។ កាលពីសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានបញ្ជាឱ្យយោធារបស់លោក ត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា «ការត្រៀមរៀបចំសង្រ្គាមដ៏គួរឱ្យខ្លាច»។ អ្វីដែលលោកលើកឡើងនេះ គឺសំដៅលើសមយុទ្ធរួមគ្នាដ៏ធំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។
កូរ៉េខាងជើង បានទទូចជាយូរមកហើយថា សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង គឺជាភ័ស្តុតាងនៃគោលនយោ បាយអរិភាពរបស់ប្រទេសទាំង២នេះប្រឆាំងនឹងកូរ៉េខាងជើង ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលនិយាយថា ពួកគេគ្មានចេតនាឈ្លានពានកូរ៉ខាងជើង ហើយថា សកម្មភាពយោធារបស់ខ្លួនធ្វើឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាងក៏ដោយ៕