សារព័ត៌មានមួយដែលមានទំនាក់ទំនងជាមួយស្ថាប័នសន្តិសុខរបស់អ៊ីរ៉ង់ឈ្មោះថា Nour News កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ លោក អាលី សាខានី (Ali Shamkhani) នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការរូបនេះ ទៅកាន់ទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងប្រព្រឹត្តទៅចំពេលដែលទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់ និងបណ្ដាប្រទេសនៅតាមឈូងសមុទ្រមានភាពប្រសើរឡើងជាងមុន។
សូមរំឭកថាកាលពីសប្តាហ៍មុន លោក សាខានី បានចូលរួមក្នុងកិច្ចចរចាមួយ ដែលមានការសម្របសម្រួល ដោយភាគីចិន ក្នុងការផ្សះផ្សាទំនាក់ទំនងគ្នាឡើងវិញរវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ ដើម្បីឱ្យភាគីទាំង២ អាចចាប់ផ្តើមទំនាក់ទំនងការទូតសាឡើងវិញ បន្ទាប់ពីត្រូវបានផ្ដាច់ទំនាក់ទំនងគ្នា ចាប់តាំងពីឆ្នាំ២០១៦។
សូមបញ្ជាក់ដែរថា ព័ត៌មាននៃដំណើរទស្សនកិច្ចនេះបានលេចឮឡើងនៅពេលដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអារ៉ាប៊ីសាអ៊ូឌីត លោក ម៉ូហាម៉ាដ អាល់ចាដាន (Mohammed al-Jadaan) បានឱ្យដឹងថា ការវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីតទៅក្នុងប្រទេសអ៊ីរ៉ង់អាចនឹងកើតមានឡើងនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុនបានបញ្ចប់ទៅ។
ដំណើរទស្សនកិច្ចរបស់លោក សាខានី ទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម លើកនេះ បានបង្ហាញពីដំណើរឆ្ពោះទៅរកភាពវិជ្ជមានឡើងវិញនៃទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងអាប៊ុយដាប៊ី បន្ទាប់ពីអេមីរ៉ាត់អារ៉ាប់រួម បានបញ្ជូនឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់ វិញ កាលពីខែកញ្ញា។ រហូតមកទល់ពេលនេះ វាមានរយៈពេលជាង ៦ ឆ្នាំហើយ ក្រោយពីអេមីរ៉ាត់អារ៉ាប់រួមដែលជាប្រទេសជាប់ឈូងសមុទ្រ បានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់ដែលជាសាធារណរដ្ឋអ៊ិស្លាម។
យោងតាមសារព័ត៌មាន Nour News បានឱ្យដឹងកាលពីថ្ងៃពុធថា៖ «លោក សាខានី នឹងធ្វើដំណើរទៅកាន់ទីក្រុងអាប៊ុយដាប៊ីនៅថ្ងៃព្រហស្បតិ៍ ដើម្បីជាការឆ្លើយតបទៅនឹងការអញ្ជើញជាផ្លូវការរបស់សមភាគីលោក Sheikh Tahnoun bin Zayed Al Nahyan ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី បញ្ហាក្នុងតំបន់ និងអន្តរជាតិជារួម»។
យោងតាមប្រភពខាងលើបានបន្ថែមថា៖ «ក្រុមមន្ត្រីសេដ្ឋកិច្ច ធនាគារ និងសន្តិសុខកំពូលរបស់អ៊ីរ៉ង់ នឹងអមដំណើរអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ ទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ផងដែរ»។
លោក អាល់ចាដាន បានថ្លែងឱ្យដឹងនៅក្នុងវេទិកាមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូ ឌីតថាប្រទេសអ៊ីរ៉ង់បានធ្វើបទបង្ហាញអំពីឱកាសវិនិយោគជាច្រើន។
លោក អាល់ចាដាន បានមានប្រសាសន៍ថា ៖ «វាពិតជាមានឱកាសជាច្រើនសម្រាប់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងការវិនិយោគនៅក្នុងប្រទេសអ៊ីរ៉ង់។ យើងមិនឃើញមានឧបសគ្គអ្វីទេ ដរាបណាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងត្រូវបានគោរព»។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃពុធ ប្រទេសចិន ដែលជាម្ចាស់ផ្ទះជំនួបចុងក្រោយនៃកិច្ចពិភាក្សារវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានប្រកាសពីគម្រោងការចាប់ផ្តើមនៃសមយុទ្ធយោធាដែនសមុទ្ររួមគ្នានៅឈូងសមុទ្រអូម៉ង់ (Gulf of Oman) ជាមួយនឹងកងទ័ពជើងទឹករុស្ស៊ី និងអ៊ីរ៉ង់។
សមយុទ្ធយោធាដែលនឹងបន្តរហូតដល់ថ្ងៃអាទិត្យ ជាសមយុទ្ធប្រភេទទី៤ ហើយចាប់តាំងពីប្រទេសទាំង៣ បានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០១៩។ ដោយឡែក គួររំឭកបន្ថែមទៀតថា ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ធ្លាប់បានកាត់ផ្ដាច់ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ បន្ទាប់ពីប្រទេសអារ៉ាឋប៊ីសាអ៊ូ ឌីតបានផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ជាមុនក្នុងខែមករា ឆ្នាំ២០១៦។
ការកាត់ផ្ដាច់ទំនាក់ទំនងកាលនោះគឺដោយសារមានការសម្រុកចូលទៅក្នុងស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុងតេ អេរ៉ង់ ដោយក្រុមបាតុករអ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូ ឌីត បានប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីត ដ៏លេចធ្លោម្នាក់។
គេមិនភ្លេចនោះទេថា ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ អស់រយៈពេលជាង ១ សតវត្សរ៍មកហើយ ដោយទីក្រុងឌូបៃ បានដើរតួយ៉ាងសំខាន់សម្រាប់ប្រទេសអ៊ីរ៉ង់ ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកខាងក្រៅ៕