លោក​ប្រធានាធិបតី​រុស្ស៊ី លោក ​វ្ល៉ាឌីមៀរ ពូទីន បាន​និយាយថា អរគុណ​ចំពោះ​កិច្ចខិតខំប្រឹង​ប្រែងរួមគ្នា​របស់​រុស្ស៊ី និងស៊ីរី ជោគជ័យ​យ៉ាង​សំខាន់ ត្រូវបាន​សម្រេច​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​អន្តរជាតិ​។

លោក ​ពូទីន ​បាន​និយាយ​ ខណៈពេល​ដែល​ទទួល​លោក​ប្រធានាធិបតី​ស៊ីរី ​បាសារ អាល់​អាសាដ​ នៅវិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ពុធថា៖«យើង​រក្សា​ទំនាក់ទំនង ហើយ​ទំនាក់ទំនង​របស់យើង កំពុង​រីក​ចម្រើន​។ អរគុណ​ចំពោះកិច្ច​ខិតខំប្រឹងប្រែង​រួមគ្នា​របស់​យើង និង​ការ​រួមចំណែក​យ៉ាង​ម៉ឺងម៉ាត់​របស់​កងកម្លាំង​ប្រដាប់អាវុធ​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ីរី លទ្ធផល​សំខាន់ៗ​ត្រូវបាន​សម្រេច​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើភេរវកម្ម​អន្តរជាតិ»។​

មេដឹកនាំ​រុស្ស៊ី​រូប​នេះ ​បាន​បញ្ជាក់ថា លទ្ធផល​ដែល​សម្រេច​បានផ្តល់​ឱកាស​សម្រាប់​ឱ្យ​ធ្វើ​សេដ្ឋកិច្ច​សង្គម និង​ស្ថាន ភាព​នយោបាយ​ក្នុង​ស្រុក​ មាន​ស្ថិរភាព។

លោក ពូទីន បាន​សម្តែង​ការ​សោកស្តាយ​ដែល​ប្រជាជន​ស៊ីរី «ប្រឈម​មុខនឹង​បញ្ហា​ធ្ងន់ធ្ងរ​មួយទៀត​ គឺ​គ្រោះ​មហន្តរាយ ​ផល​ប៉ះពាល់​នៃ​បាតុភូត​រញ្ជួយដី​»​។

លោក​បាន​ប្រាប់​លោក​អាសាដថា៖«ជា​ការ​ពិតណាស់ នេះ​ធ្វើឱ្យ​ស្ថានការណ៍​កាន់​តែធ្ងន់ធ្ងរ​ឡើង។​ ប៉ុន្តែ​យើង​ដូចជា​មិត្ត​ពិត​ប្រាកដ​ដទៃ​ទៀត​ កំពុង​ព្យាយាម​គាំទ្រ​អ្នក​»​។

មេដឹកនាំ​រុ​ស្ស៊ី​បាន​រំឭ​ថា ក្រោយ​គ្រោះមហន្តរាយ​នេះ អង្គភាព​នៃ​ក្រសួង​សង្គ្រោះ​បន្ទាន់​របស់​រុ​ស្ស៊ី​ បាន​ធ្វើការ​នៅ​ក្នុង​ប្រទេសស៊ី​រី។ លោក​បាន​បន្ថែម​ថា កង​ទ័ព​រុស្ស៊ី​នៅ​ស៊ីរី​ ក៏​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​វិបាក​នៃ​គ្រោះ​មហន្ត​រាយ​នេះផង​ដែរ​។

ខាងភាគីរុស្ស៊ី រដ្ឋ​មន្ត្រីការ​បរទេស​លោក​ Sergey Lavrov​ រដ្ឋមន្ត្រី​ការពារជាតិ​លោក​ Sergey Shoigu រដ្ឋ​មន្ត្រី​ក្រសួង​សំណង់ និង​សម្ភារ​ប្រើប្រាស់ លោក Irek Faizullin រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ Anton Siluanov ជំនួយ​ការ​ប្រធានាធិបតី​ទទួល​បន្ទុកកិច្ចការ​អន្តរជាតិ Yury Ushakov និង​អ្នក​នាំពាក្យ​ប្រធានា​ធិបតី ​Dmitry Peskov បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នោះ៕