២០ ឆ្នាំក្រោយចូលឈ្លានពានអ៊ីរ៉ាក់ កងទ័ពអាមេរិកនៅតែបន្តវត្តមានរបស់ខ្លួនក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ។ យ៉ាងណាមិញ ទំហំនៃកងទ័ពឥឡូវនេះ គឺតូចជាងមុន ដោយមានត្រឹមតែប្រមាណ ២ ៥០០ នាក់ប៉ុណ្ណោះ ដែលកំពុងឈរជើងនៅទូទាំង ប្រទេស ដោយភាគច្រើនប្រចាំការនៅមូលដ្ឋានយោធាក្រុងបាកដាដ និងតំបន់ភាគខាងជើង។
ចំនួននេះតិចខ្លាំងបើប្រៀបធៀបទៅនឹងចំនួនដែលអាមេរិកដាក់ពង្រាយក្នុងឆ្នាំ ២០០៧ ប្រមាណជាង ១៧០ ០០០ នាក់ ពោលគឺពេលដំណាក់កាលសង្គ្រាមឈានដល់កម្រិតកំពូល។ យ៉ាងណាមិញ មន្ត្រីសហរដ្ឋអាមេរិកលើកឡើងថា កងទ័ពបច្ចុប្បន្នរបស់ក្រុងវ៉ាស៊ីនតោន បង្ហាញពីការប្តេជ្ញាចិត្តចំពោះតំបន់ និងការការពារប្រឆាំងនឹងឥទ្ធិពល និងការជួញដូរអាវុធរបស់អ៊ីរ៉ង់ ក៏ដូចជាបញ្ហាសន្តិសុខតំបន់។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានចូលលុកលុយប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០០៣ ដោយធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំរួមដៃគ្នាជាមួយកងទ័ពចក្រភពអង់គ្លេស អូស្ត្រាលី និងប៉ូឡូញ។
ការឈ្លានពាននេះបានត្រួសត្រាយផ្លូវឱ្យកងទ័ពជើងគោកអាមេរិកប្រមូលផ្តុំគ្នានៅក្រុងបាកដាដ និងបានទម្លាក់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី សាដាម ហ៊ូសេន ដែលរងការចោទប្រកាន់ថា បានរក្សាទុកអាវុធប្រល័យលោក។
ប៉ុន្តែអាវុធប្រភេទនេះមិនដែលត្រូវបានប្រើនោះទេ ខណៈមកទល់ពេលបច្ចុប្បន្ន នៅតែមានភាពចម្រូងចម្រាសលើការដេញដោលគ្នា ថាតើអ៊ីរ៉ាក់ពិតជាមានវាមែនឬយ៉ាងណាពេលការឈ្លានពានរបស់អាមេរិកចាប់ផ្ដើម។
ក្រោយលោក សាដាម អស់អំណាច ការឈ្លានពានធ្វើឱ្យមានការផ្លាស់ប្តូរមូលដ្ឋានគ្រប់គ្រងរបស់ប្រទេស ខណៈជនជាតិឃើដទទួលបានតំបន់ស្វយ័តរបស់ខ្លួន។ យ៉ាងណាមិញអវត្តមាននៃអ្នកដឹកនាំប្រទេស និងការគ្រប់គ្រងមិនត្រឹមត្រូវរបស់សម្ព័ន្ធអាជ្ញាធរបណ្ដោះអាសន្ន (CPA) បាននាំឱ្យមានសង្គ្រាមស៊ីវិលរីករាលដាលរវាងក្រុមនិកាយស៊ីអ៊ីត និងស៊ុននី ក៏ដូចជាការបះបោរដ៏យូរប្រឆាំងនឹងកងកម្លាំងចម្រុះបរទេស មុនសហរដ្ឋអាមេរិកដកទ័ពចេញនៅចុងឆ្នាំ ២០១១។
យ៉ាងណាមិញ ការលេចចេញនូវការបះបោររបស់ក្រុមរដ្ឋអ៊ិស្លាម ដែលពង្រីកការគំរាមកំហែងភេរវកម្មដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅទូទាំងទ្វីបអឺរ៉ុប បានធ្វើឱ្យក្រុងវ៉ាស៊ីនតោនដាក់ពង្រាយកងទ័ពនៅប្រទេសអ៊ីរ៉ាក់ឡើងវិញក្នុងឆ្នាំ ២០១៤ តាមការស្នើរបស់រដ្ឋាភិបាលនៃទីក្រុងបាកដាដ។
ក្រោយការដាក់ពង្រាយនេះ ក្រុមយោធាចម្រុះដឹកនាំដោយអាមេរិកបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេសអ៊ីរ៉ាក់ និងបន្ទាប់មកស៊ីរី ហើយផ្ដល់ជំនួយ បើកការហ្វឹកហាត់ និងការប្រឹក្សាដល់យោធាអ៊ីរ៉ាក់។
ការហ្វឹកហាត់ និងការប្រឹក្សារបស់ក្រុមយោធាចម្រុះបានបន្ត និងគាំទ្រដោយសមាជិកអង្គការណាតូ សូម្បីតែបន្ទាប់ពីយុទ្ធនាការបង្កើតរដ្ឋមួយដែលប្រើច្បាប់សាសនារបស់ក្រុមរដ្ឋអ៊ិស្លាម បានបញ្ចប់ទៅក្នុងខែមីនា ឆ្នាំ ២០១៩ ហើយក៏ដោយ។
ទ័ពប្រហែល ២ ៥០០ នាក់ ដែលដាក់ពង្រាយនៅអ៊ីរ៉ាក់ ស្នាក់នៅក្នុងមូលដ្ឋានរួមគ្នាជាមួយកងទ័ពអ៊ីរ៉ាក់ ជាកន្លែងដែលពួកគេផ្តល់ការបណ្តុះបណ្តាល និងបរិក្ខារយោធា។ ទោះជាយ៉ាងនេះក្តី ចំនួនកងទ័ពសរុបនោះអាចមានការប្រែប្រួល ប៉ុន្តែមន្ទីរបញ្ចកោណមិនបង្ហាញពីចំនួនកងកម្លាំងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក ដែលតែងតែផ្លាស់ទីចេញឬចូលដើម្បីជួយដល់កងកម្លាំងអ៊ីរ៉ាក់ ឬធ្វើដំណើរទៅស៊ីរីដើម្បីធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មនោះទេ។
ទន្ទឹមនឹងការបន្តវត្តមានបែបនេះ កងម៉ារីនដែលចូលនិវត្តន៍ លោក Frank McKenzie ដែលដឹកនាំបញ្ជាការកណ្តាលអាមេរិក និងបម្រើការជាមេបញ្ជាការកំពូលអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាពីឆ្នាំ ២០១៩-២០២២ បានថ្លែងប្រាប់ AP ថា៖ «អ៊ីរ៉ាក់នៅតែស្ថិតនៅក្រោមសម្ពាធពីក្រុមអាយស៊ីស (រដ្ឋអ៊ិស្លាម)។ យើងនៅតែជួយពួកគេបន្តការប្រយុទ្ធនោះ»។
លោកបន្តថា៖ «យើងបានធ្វើកិច្ចការជាច្រើនដើម្បីជួយពួកគេកែលម្អការគ្រប់គ្រងអធិបតេយ្យភាព ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនអ៊ីរ៉ាក់»។
ពិតណាស់អ្នកវិភាគមើលឃើញថា ហេតុផលនៃការបន្តវត្តមានរបស់កងទ័ពអាមេរិក គឺដើម្បីជួយអ៊ីរ៉ាក់ប្រយុទ្ធនឹងក្រុមរដ្ឋអ៊ិស្លាមដែលនៅសេសសល់ ក៏ដូចជាទប់ស្កាត់ការបះបោរជាថ្មីរបស់ក្រុមជ្រុលនិយមណាមួយ ប៉ុន្តែហេតុផលដ៏ធំបំផុតមួយនោះគឺ អ៊ីរ៉ង់។
ឥទ្ធិពលនយោបាយ និងកម្លាំងកងជីវពលរបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់ ក៏ដូចជានៅទូទាំងតំបន់ គឺជាការព្រួយបារម្ភផ្នែកសន្តិសុខសម្រាប់សហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយវត្តមានរបស់កងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់ ធ្វើឱ្យអ៊ីរ៉ង់កាន់តែពិបាកក្នុងការបញ្ជូនអាវុធឆ្លងកាត់អ៊ីរ៉ាក់ និងស៊ីរីចូលទៅក្នុងប្រទេសលីបង់ដើម្បីឱ្យក្រុមប្រដាប់អាវុធមានទំនាក់ទំនងជាមួយខ្លួនរួមទាំងក្រុមហេសបូឡាប្រឆាំងនឹងអ៊ីស្រាអែល។
ត្រង់ចំណុចនេះ វាមិនមានអ្វីខុសប្លែកគ្នាប៉ុន្មានទេ ពេលគេនិយាយអំពីវត្តមានកងទ័ពអាមេរិកនៅមូលដ្ឋានទ័ពអាមេរិក al Tanfក្នុងភាគខាងជើងនៃប្រទេសស៊ីរី ដែលជាផ្លូវដ៏សំខាន់មួយ អាចតភ្ជាប់កងកម្លាំងដែលអ៊ីរ៉ង់គាំទ្រដោយអ៊ីរ៉ង់ ពីទីក្រុងតេអេរ៉ង់ ទៅកាន់ភាគខាងត្បូងប្រទេសលីបង់។ ទាំងនៅអ៊ីរ៉ាក់ និងស៊ីរី ទាហានអាមេរិកបានព្យាយាមខ្ទប់ផ្លូវមិនឱ្យអ៊ីរ៉ង់ឆ្ពោះទៅសមុទ្រម៉េឌីទែរ៉ាណេភាគខាងកើត។
កងទ័ពអាមេរិកនៅអ៊ីរ៉ាក់ក៏ផ្តល់ការគាំទ្រផងដែរផ្នែកភ័ស្តុភារសំខាន់ៗ និងការគាំទ្រផ្សេងទៀតសម្រាប់កងកម្លាំងអាមេរិកនៅក្នុងប្រទេសស៊ីរី ដែលជាដៃគូជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិកួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ សហរដ្ឋអាមេរិក ធ្វើការវាយប្រហារតាមអាកាស និងសកម្មភាពយោធាផ្សេងទៀត ដោយដាក់គោលដៅលើមេដឹកនាំអាយស៊ីស ហើយនិងគាំទ្រ SDF ក្នុងការគ្រប់គ្រងអ្នកប្រយុទ្ធអាយស៊ីស និងសមាជិកគ្រួសាររាប់ពាន់នាក់របស់ពួកគេ ដែលត្រូវចាប់ឃុំខ្លួននៅស៊ីរី។
ពេលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ប្រឹងប្រែងដកកងទ័ពទាំងអស់ចេញពីស៊ីរី និងអ៊ីរ៉ាក់ មន្ត្រីយោធាអាមេរិកបានធ្វើការជំទាស់។ ពួកគេប្រកែកថា ប្រសិនបើមានអ្វីកើតឡើងនៅស៊ីរីដែលបង្កគ្រោះថ្នាក់ដល់កងកម្លាំងអាមេរិក ពួកគេនឹងចាំបាច់ត្រូវបញ្ជូនកងទ័ព បរិក្ខារ និងជំនួយផ្សេងទៀតពីអ៊ីរ៉ាក់ឱ្យបានឆាប់រហ័ស។
ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ទីក្រុងបាកដាដ ដើម្បីជួបជាមួយមេដឹកនាំអ៊ីរ៉ាក់ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ លោក Lloyd Austin បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តនៅអ៊ីរ៉ាក់តាមការស្នើរបស់រដ្ឋាភិបាលរបស់ប្រទេសនេះ។
លោកបន្តថា៖ «យើងមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការធានាថាប្រជាជនអ៊ីរ៉ាក់អាចរស់នៅដោយសន្តិភាព និងសេចក្តីថ្លៃថ្នូរ ជាមួយនឹងសុវត្ថិភាព និងសន្តិសុខនិងឱកាសសេដ្ឋកិច្ច»៕