នាយកដ្ឋានពាណិជ្ជកម្មបរទេស (Department of Foreign Trade) នៃប្រទេសថៃ កំពុងត្រៀមប្តឹងអ្នកផលិតអង្ករចិនចំនួន ៣ នាក់ ពីបទផលិតអង្ករផ្កាម្លិះថៃក្លែងក្លាយ។
អគ្គនាយកនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ លោក Ronnarong Phoolpipat បាននិយាយកាលពីថ្ងៃសុក្រថា នាយកដ្ឋានបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុននាំចេញអង្ករថៃថា រោងម៉ាស៊ីនកិនស្រូវចិន បានបន្ថែមក្លិនក្រអូបសិប្បនិម្មិត ដើម្បីយកតម្រាប់តាមក្លិនក្រអូបរបស់ថៃ «hom mali» ឬអង្ករផ្កាម្លិះ។
អង្ករផ្កាម្លិះក្លែងក្លាយនេះ ត្រូវបានគេដាក់លក់ក្នុងប្រទេសចិន ក្រោមស្លាកយីហោថៃក្លែងក្លាយដែលសរសេរថា អង្ករនេះនាំចូលពីប្រទេសថៃ។ លោក Ronnarong Phoolpipat ថា នេះជាការបំពានច្បាប់ចិន។
លោកបានបន្ថែមថា ស្ថាប័នរបស់លោកបានជូនដំណឹងដល់អាជ្ញាធរចិន អំពីរោងចក្រចំនួន ៣ ដែលបានធ្វើទង្វើនេះ បន្ទាប់មកអាជ្ញាធរចិនបានបញ្ជាពួកគេបិទទ្វារ។ លោកបន្តថា អាជ្ញាធរចិនក៏បានរកឃើញផងដែរថារោងចក្របានបំពានច្បាប់មួយចំនួនទៀតទាក់ទងនឹងសុវត្ថិភាពអាហារគុណភាពផលិតផល និងការផ្សព្វផ្សាយ។
លោក Ronnarong Phoolpipat បញ្ជាក់ថា រោងចក្រទាំង ៣ នោះមាន៖ ទី១ រោងចក្រអង្ករ Anhui Huainan Shouxian Yongliang ដែលលក់អង្ករដាក់ស្លាកថា "រាជไทย" (ស្តេចថៃ) ក្រោមម៉ាក «Tai Zhi Wang»។ ទី២ រោងចក្រអង្ករAnhui Xiangwang Cereals, Oils and Food Technology Co Ltd លក់អង្ករដាំដុះក្នុងស្រុកក្រោមស្លាកដែលអះអាងថា អង្ករត្រូវបានផលិតនៅក្នុងប្រទេសថៃហើយ អាជ្ញាប័ណ្ណកែច្នៃអង្កររបស់ក្រុមហ៊ុន បានផុតកំណត់តាំងពីឆ្នាំ ២០១៧។ទី៣គឺរោងចក្រអង្ករឈ្មោះHuainan Chufeng លក់អង្ករផ្កាម្លិះក្លែងក្លាយក្រោមម៉ាក «Tai Guo Xiang Mi» និង «Tai Xiang Mi» ដែលបកប្រែជា «អង្ករផ្កាម្លិះថៃ»។
លោក Ronnarong Phoolpipat បានថ្លែងថា អាជ្ញាធរថៃមិនមានកំណត់ត្រាដែលបង្ហាញថារោងចក្រទាំងនេះធ្លាប់នាំចូលអង្ករពីប្រទេសថៃនោះទេ។
ពួកគេក៏បានលក់អង្ករក្លែងក្លាយនេះក្នុងតម្លៃខ្ពស់ជាងអង្ករដែលដាំដុះក្នុងប្រទេសចិន។
នាយកដ្ឋានពាណិជ្ជកម្មបរទេស គ្រោងនឹងជួបពិភាក្សាជាមួយសមាគមអ្នកនាំចេញអង្ករថៃក្នុងពេលឆាប់ៗដើម្បីពិភាក្សាអំពីការប្តឹងរោងចក្រទាំងនេះសម្រាប់ការខូចខាតដោយគ្រោងនឹងប្ដឹងទៅតុលាការក្នុងប្រទេសចិន។
លោក Ronnarong Phoolpipat បន្ថែមថា «បណ្ដឹងនេះនឹងជួយការពារការខូចខាតដល់អ្នកផលិតអង្ករថៃ និងការពារប្រជាជនចិនពីការប្រើប្រាស់អង្ករផ្កាម្លិះសិប្បនិម្មិត»។
កាលពី ២០២២ ប្រទេសថៃ បាននាំចេញអង្ករផ្កាម្លិះចំនួន ១៤២ ១៤៦ តោនដែលមានតម្លៃជិត ៤ ពាន់លានបាត (៣,៩៩ ពាន់លានបាត) ឬប្រហែលជាង ១៣៣ លានដុល្លារ ទៅកាន់ប្រទេសចិន៕