មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ស្ថាប័នបានអនុម័ត លើប្រាក់កម្ចីជំនួយដើម្បីសង្គ្រោះសេដ្ឋកិច្ចជិត ៣ ប៊ីលានដុល្លារសម្រាប់ស្រីលង្កា ក្រោមមូលនិធិបន្ថែម (EFF) ថ្មី ហើយប្រធានាធិបតីរបស់ប្រទេសនេះថ្លែងថា កម្មវិធីកម្ចីនេះ នឹងអនុញ្ញាតឱ្យខ្លួនទទួលបានមូលនិធិសរុបរហូតដល់ ៧ ប៊ីលានដុល្លារ។
IMF បានឱ្យដឹងថា ការសម្រេចចិត្តចុងក្រោយនេះនឹងអនុញ្ញាតឱ្យមានការទូទាត់ភ្លាមៗប្រហែល ៣៣៣ លានដុល្លារ ហើយនឹងជំរុញការគាំទ្រផ្នែកហិរញ្ញវត្ថុពីដៃគូផ្សេងទៀត ដែលអាចជួយឱ្យប្រទេសស្រីលង្កាងើបចេញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនមិនធ្លាប់មានជាង ៧ ទសវត្សរ៍មកហើយ។
នាយិកាគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានថ្លែងថា៖ «ស្រីលង្កា បាននិងកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងសង្គមយ៉ាងខ្លាំងជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរចំពេលមានអតិផរណាខ្ពស់ ទុនបម្រុងធ្លាក់ចុះ បំណុលសាធារណៈមិនស្ថិតស្ថេរ និងភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុកើនឡើង» ដែលតម្រូវឱ្យប្រទេសនេះចាំបាច់ត្រូវធ្វើកំណែទម្រង់ផ្សេងៗផងដែរ។
លោកស្រីលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ដើម្បីឱ្យស្រីលង្កាជម្នះវិបត្តិ ការអនុវត្តឱ្យបានឆាប់រហ័ស និងទាន់ពេលវេលានៃកម្មវិធីដែលគាំទ្រដោយ EFF បូករួមនឹងភាពជាម្ចាស់ដ៏រឹងមាំសម្រាប់កំណែទម្រង់ផ្សេងៗ គឺមានសារៈសំខាន់ណាស់»។
លោកស្រី Georgieva បានសង្កត់ធ្ងន់លើតម្រូវការលើការពង្រឹងសារពើពន្ធផ្អែកលើប្រាក់ចំណូល ដែលប្រកបដោយមហិច្ឆតាខ្ពស់ ក៏ដូចជាការគ្រប់គ្រងអំពើពុករលួយជាដើម។
លោកស្រីបានបន្តថា៖ «សម្រាប់ការកែសម្រួលសារពើពន្ធឱ្យទទួលបានជោគជ័យ កំណែទម្រង់ស្ថាប័នសារពើពន្ធប្រកបដោយនិរន្តរភាពលើការគ្រប់គ្រងពន្ធដារ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការចំណាយសាធារណៈ និងតម្លៃថាមពល គឺមានសារៈសំខាន់»។
ចំណែកឯការិយាល័យរបស់ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីកក្រេមេស៊ីងហេវិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធី IMF នឹងជួយកែលម្អជំហររបស់ប្រទេសនៅក្នុងទីផ្សារមូលធនអន្តរជាតិ ដែលធ្វើឱ្យវាមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ។
មុននោះ លោក វីកក្រេមេស៊ីងហេ ផ្ទាល់បានប្រាប់សភាថា មានសញ្ញាថា សេដ្ឋកិច្ចស្រីលង្កា កំពុងមានភាពប្រសើរឡើង ប៉ុន្តែនៅតែខ្វះរូបិយប័ណ្ណបរទេសដើម្បីទិញទំនិញនាំចូល ដែលនេះហើយជាមូលហេតុធ្វើឱ្យកិច្ចព្រមព្រៀង IMF មានសារៈសំខាន់ដែលនឹងបើកផ្លូវឱ្យម្ចាស់បំណុលផ្សេងៗទៀតអាចចាប់ផ្តើមបញ្ចេញមូលនិធិផងដែរ៕