ក្រុមឃ្លាំមើលការប្រកួតប្រជែងរបស់រដ្ឋាភិបាលអ៊ីតាលីកាលពីថ្ងៃអង្គារ បានចាប់ផ្តើមការស៊ើបអង្កេតលើវេទិកាបណ្ដាញសង្គមតិកតុក (TikTok) ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនចំពោះការមិនលុបចេញនូវមាតិកា ដែលអាជ្ញាធរអ៊ីតាលីចាត់ទុកថា «គ្រោះថ្នាក់»។
ការស៊ើបអង្កេតនេះ ធ្វើឡើងស្របពេលដែលកម្មវិធីចែករំលែកវីដេអូចិនមួយនេះ រងនូវការប្រយុទ្ធប្រឆាំងនឹងការរឹតបន្តឹងដែលកំពុងកើនឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ វាក៏កើតឡើងផងដែរ នៅពេលដែលរដ្ឋាភិបាលហូឡង់ ចេញការណែនាំដល់មន្ត្រីរដ្ឋាភិបាលមិនឱ្យដំឡើងកម្មវិធីទូរស័ព្ទដែល «អាចបង្កហានិភ័យដល់សន្តិសុខជាតិ» លើឧបករណ៍បម្រើការរបស់ខ្លួន។
អាជ្ញាធរឃ្លាំមើលអ៊ីតាលី បានលើកឡើងយ៉ាងដូច្នេះថា តិកតុក បានបំពានគោលការណ៍ណែនាំរបស់ខ្លួនតាមរយៈការមិនដកចេញនូវមាតិកាទាក់ទងនឹងការធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង និងអាហាររូបត្ថម្ភមិនល្អជាដើម។
ការស៊ើបអង្កេតរបស់អាជ្ញាធរអ៊ីតាលី មានការពាក់ព័ន្ធជាមួយអង្គភាពតិកតុកនៅប្រទេសអៀរឡង់ ដែលគ្រប់គ្រងលើសេវាកម្មទំនាក់ទំនងអ្នកប្រើប្រាស់អឺរ៉ុបរបស់ខ្លួន។ អាជ្ញាធរបានបន្ថែមថា ប៉ូលិសក៏បានទៅមើលទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅអ៊ីតាលី កាលពីថ្ងៃអង្គារ។
ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យទីកតុកអ៊ីតាលី បានបដិសេធពីការធ្វើខុស ដោយនិយាយថា ក្រុមហ៊ុនមិន«អនុ ញ្ញាតឱ្យមានមាតិកាបង្ហាញ ឬផ្សព្វផ្សាយសកម្មភាពគ្រោះថ្នាក់ ការធ្វើអត្តឃាតការធ្វើបាបខ្លួនឯង ឬអាកប្បកិរិយាបរិភោគមិនល្អនោះទេ»។
អ្នកនាំពាក្យដដែលបានបន្ថែមថា តិកតុកអ្នកជំនាញផ្នែកសុវត្ថិភាពជាង ៤០ ០០០ នាក់ ដែលធ្វើការដើម្បី«រក្សាសហគមន៍របស់យើងឱ្យមានសុវត្ថិភាព ហើយយើងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារក្មេងជំទង់ជាពិសេស» ហើយថា ក្រុមហ៊ុននឹងសហការជាមួយអាជ្ញាធរអ៊ីតាលីក្នុងការស៊ើបអង្កេត។
គួរបញ្ជាក់ជាថ្មីថា កម្មវិធីតិកតុក បាននិងកំពុងរងសម្ពាធរឹតបន្តឹងជាបន្តបន្ទាប់ពីបណ្ដារដ្ឋាភិបាលលោកខាងលិចធំៗជាច្រើន ដូចជាចក្រភពអង់គ្លេស បែលហ្ស៊ិក អូស្រ្តាលី កាណាដា និងសហរដ្ឋអាមេរិកជាដើម ដែលចេញចំណាត់ការស្រដៀងគ្នានឹងរដ្ឋាភិបាលហូឡង់។
ក្នុងចំណាត់ការរបស់ហូឡង់រដ្ឋាភិបាលបានហាមកុំឱ្យបុគ្គលរដ្ឋធ្វើការតម្លើងកម្មវិធីទូរស័ព្ទរបស់ប្រទេសនានា ដែលមានកម្មវិធីអ៊ីនធឺណិតអាច «វាយលុកប្រឆាំងនឹងប្រទេសហូឡង់ និង/ឬផលប្រយោជន៍របស់ហូឡង់» ដោយលើកឡើងពីការភ័យខ្លាចសន្តិសុខតាមអ៊ីនធឺណិត។
ទោះបីជាហូឡង់មិនបានសំដៅលើកម្មវិធីទីកតុកចំៗក៏ដោយ ចំណាត់ការរបស់រដ្ឋាភិបាលនឹងប៉ះពាល់ដល់កម្មវិធី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនByteDanceមួយនេះ។បន្ថែមពីនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិAIVD របស់ហូឡង់ បានរាប់បញ្ជូលប្រទេសចិន រួមជាមួយរុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ ទៅក្នុងបញ្ជីប្រទេសដែលមានកម្មវិធីទូរស័ព្ទ«មានហានិភ័យចារកម្មខ្ពស់»។
ជាទូទៅ ការរឹតបន្តឹងពីសំណាក់រដ្ឋាភិបាលលោកខាងលិច មានជាប់ទាក់ទងនឹងកង្វល់អំពីលទ្ធភាពដែលថា រដ្ឋា ភិបាលចិនអាចចូលប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធីតិកតុក រួមទាំងទីតាំង និងព័ត៌មានផ្ទាល់ខ្លួន និងសម្ងាត់ផ្សេងៗទៀត បន្ថែមពីលើការប្រើប្រាស់ជាឧបករណ៍ឃោសនារបស់ក្រុងប៉េកាំង។ បណ្ដារដ្ឋាភិបាលទាំងនោះ ជាពិសេសអាមេរិក បានទទូចថា វាបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។
យ៉ាងណាមិញ រដ្ឋាភិបាលចិនបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា«ផ្សព្វផ្សាយព័ត៌មានមិនពិត» និងចេញចំណាត់ការដើម្បីបង្រ្កាបតិកតុកតែប៉ុណ្ណោះ។
ការកើនឡើងសម្ពាធលើកម្មវិធីទីកតុកនាពេលនេះ កើតឡើងស្របពេលដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុនតិកតុក លោក Shou Zi Chew កំពុងត្រៀមបង្ហាញខ្លួននៅចំពោះមុខសមាជិកសភាអាមេរិកនៅថ្ងៃព្រហស្បតិ៍ខាងមុខ។
លោក Chew រំពឹងថា នឹងលើកឡើងនៅមុខសភាអំពីការអនុវត្តឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់តិកតុកក៏ដូចជាទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដែលខ្លួនរងការចោទប្រកាន់។ ក្នុងសក្ខីកម្មដែលបង្ហោះដោយគណៈកម្មាធិការសភានៅថ្ងៃអង្គារ លោក Chew បានថ្លែងអះអាងថា៖ «តិកតុកមិនដែលចែករំលែក ឬទទួលបានសំណើដើម្បីចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកជាមួយ
រដ្ឋាភិបាលចិននោះទេ។តិកតុកក៏នឹងមិនធ្វើតាមដែរ ប្រសិនបើគេធ្លាប់ទទួលបានសំណើបែបនេះ»។ លោកChew បានបន្ថែមថា ក្រុមហ៊ុនមេរបស់តិកទុក គឺក្រុមហ៊ុន ByteDance មិនមែនជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយរដ្ឋាភិបាលចិន ឬអង្គភាពរដ្ឋណាមួយឡើយ៕