នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishi da) កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ (Kyiv) ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយ និងមិនបានប្រកាសឱ្យដឹងជាមុនឡើយ។ ដំណើរទស្សនកិច្ចនេះជប៉ុនចង់បញ្ជាក់ពីការគាំទ្រយ៉ាងយកចិត្តទុកដាក់របស់ទីក្រុងតូក្យូ ទៅកាន់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី។
គួរកត់សម្គាល់ថា លោក គីស៊ីដា គឺជាមេដឹកនាំតែម្នាក់គត់នៅក្នុងចំណោមក្រុមប្រទេសអ្នកមានទាំង ៧ ឬហៅថា G7 ដែលមិនទាន់បានទៅទស្សនកិច្ចនៅអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។ហើយទស្សនកិច្ចលើកនេះត្រូវបានគេមើលឃើញថា មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋជប៉ុនពោលគឺពលរដ្ឋ ជប៉ុនភាគច្រើន បានគាំទ្រឱ្យលោកធ្វើទស្សនកិច្ចទៅកាន់ អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន។
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានទៅទស្សនាទីក្រុងប៊ូឆា (Bucha) ហើយទីក្រុងនេះដែរត្រូវបានលោកអភិបាលក្រុងឱ្យដឹងថា មានជនស៊ីវិលជាង ៤០០ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ីកាលពីឆ្នាំមុនហើយចាប់តាំងពីពេលនោះមកវាបានក្លាយទៅជាទីតាំងសម្រាប់នឹករឭកដល់អំពើដ៏ឃោរឃៅរបស់រុស្ស៊ីក្នុងអំឡុងពេលសង្គ្រាម។លោក គីស៊ីដា ក៏បានដាក់កម្រងផ្កាកាន់ទុក្ខនៅខាងក្រៅព្រះវិហារមួយមុនពេលដែលលោកបានឈរស្មិងស្មាធិ៍ដោយភាពស្ងៀមស្ងាត់មួយភ្លែតនិងបាន ក្រាបគោរពទៅកាន់អ្នកដែលបានបាត់បង់ជីវិតទាំងអស់នោះ។
លោក គីស៊ីដា បានមានប្រសាសន៍ថា៖ «ពិភពលោកមានការភ្ញាក់ផ្អើលមែនទែនដែលឃើញជនស៊ីវិលស្លូតត្រង់នៅទីក្រុងប៊ូឆាត្រូវបានសម្លាប់កាលពី ១ ឆ្នាំមុន។ខ្ញុំពិតជាមានអារម្មណ៍ខឹងខ្លាំងណាស់ ចំពោះអំពើដ៏ឃោរឃៅដែលបានកើតឡើងនៅទីកន្លែងនេះ»។
លោកនាយករដ្ឋមន្ត្រីរូប នេះបន្តថា «តំណាងឱ្យប្រជាជនជប៉ុនទាំងអស់ខ្ញុំសូមចូល រួមរំលែកទុក្ខដល់ជនរងគ្រោះទាំងអស់និងអ្នករបួសផ្សេងទៀត។ប្រទេសជប៉ុននឹងបន្តជួយអ៊ុយក្រែនជាមួយនឹងការខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យអ៊ុយក្រែនអាចទទួលបានសន្តិភាពឡើងវិញ»។
ដំណើរទស្សនកិច្ចរបស់លោកគីស៊ីដាហាក់ដូចជារឿងដែលចៃដន្យមួយពោលគឺស្របពេលជាមួយនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនភីង ទៅកាន់ប្រទេសរុស្ស៊ី។កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឱ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួន ២ របស់ខ្លួនបានហោះនៅលើដែនអាកាសសមុទ្រជប៉ុនអស់រយៈពេលជាង ៧ ម៉ោង។ ទង្វើនេះត្រូវបានគេមើលឃើញថា វា ហាក់បីដូចជាការឆ្លើយតបរបស់រុស្ស៊ីទៅនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ទៅកាន់ទីក្រុងកៀវ ។
គួររំឭកថា នៅខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiro shima) ដែលជាស្រុកកំណើតរបស់លោក គីស៊ីដា។ កន្លងមករដ្ឋាភិបាលទីក្រុងតូក្យូតែងតែបានបន្តគាំទ្រអ៊ុយក្រែននិងបានចូលរួមជាមួយក្រុមប្រទេស G7 ផ្សេងទៀតក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបន្ថែម។
ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា ត្រូវបានរក្សាទុកជាការសម្ងាត់រហូតដល់នាទីចុងក្រោយដែលលោកបានទៅដល់ទីក្រុងកៀវតែម្ដងដែល នេះគឺដោយសារតែជប៉ុនមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពរបស់លោកនាយករដ្ឋមន្ត្រី។
វាជារឿងដ៏កម្រណាស់សម្រាប់មេដឹកនាំជប៉ុនក្នុងការធ្វើទស្សនកិច្ចទៅកាន់ប្រទេសណាមួយដោយមិនបានប្រកាសជាសាធារណៈ។
ទូរទស្សន៍សាធារណៈ NHK របស់ជប៉ុនបានបង្ហាញវីដេអូរបស់លោក គីស៊ីដាដែលកំពុងនិយាយជាមួយក្រុមមន្ត្រីបន្ទាប់ពីលោកបានទៅដល់ទីក្រុង កៀវ ដោយការធ្វើដំណើរតាម រយៈរថភ្លើងចេញពីទីក្រុង Przemysl ព្រំដែនប្រទេសប៉ូឡូញ។
លោក គីស៊ីដា បានមានប្រសាសន៍ថា៖ «កិច្ចប្រជុំកំពូល G7 គួរតែបង្ហាញពីឆន្ទៈដ៏មុតមាំដើម្បីរក្សាសណ្តាប់ ធ្នាប់អន្តរជាតិនិងនីតិរដ្ឋក្នុងការឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ុយក្រែន»។
ប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកក៏មានជម្លោះព្រំដែនជាមួយទីក្រុងម៉ូស្គូផងដែរ ពោលគឺមានតាំងពីសង្គ្រាមលោកលើកទី ២ បានបញ្ចប់មកម្ល៉េះ។ហើយការឈ្លានពានរបស់រុស្ស៊ីក៏បានធ្វើឱ្យទីក្រុង តូក្យូមានការព្រួយបារម្ភយ៉ាងខ្លាំងជាពិសេសពលរដ្ឋជប៉ុនបានលើកឡើងជាសំណួរថា តើនឹងមានអ្វីកើតឡើងចំពោះប្រទេសជប៉ុនប្រសិនបើប្រទេសចិនឈ្លាន-ពានតៃវ៉ាន់?
ដោយមានការលើកទឹកចិត្តពីសហរដ្ឋអាមេរិកកាលពីខែធ្នូ ជប៉ុនបានពង្រីកវិសាលភាពយោធារបស់ខ្លួនមិនធ្លាប់ធ្វើពីមុនចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ ជាក់ស្ដែង ជប៉ុនបានប្តេជ្ញាថានឹងចំណាយថវិកាលើវិស័យការពារជាតិទ្វេដង គឺរហូតដល់ទៅ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
យោងតាមក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា លោក គីស៊ីដា ក៏នឹងជួបពិភាក្សាជាមួយសមភាគីប៉ូឡូញមុនពេលត្រឡប់ទៅកាន់ប្រទេសជប៉ុន វិញនៅថ្ងៃព្រហស្បតិ៍នេះ។ គួរបញ្ជាក់ថា មុនពេលចេញដំណើរទៅកាន់ប្រទេសអ៊ុយក្រែន និងប្រទេសប៉ូឡូញលោក គីស៊ីដា ក៏បានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសឥណ្ឌានិងបានជួបពិភាក្សាជាមួយសមភាគីឥណ្ឌាលោកនាយករដ្ឋមន្ត្រី ណារិន ដ្រាម៉ូឌី ផងដែរ៕