តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃពុធ លើការគំរាមកំហែងរបស់រុស្ស៊ី បន្ទាប់ពីចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទាក់ទងនឹងការចោទប្រកាន់ស្ដីពីឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។
សេចក្ដីថ្លែងការណ៍ស្ដីពីការព្រួយបារម្ភរបស់ ICC ចេញផ្សាយបន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានគំរាមវាយប្រហារតុលាការនៅទីក្រុងឡាអេមួយនេះ ដោយប្រើមីស៊ីលលឿនជាងសំឡេង។ ការសម្ដែងការព្រួយបារម្ភនេះ ក៏ធ្វើឡើងបន្ទាប់ពីស្ថាប័នស៊ើបអង្កេតកំពូលរបស់រុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងរដ្ឋអាជ្ញា ICC លោក Karim Khan និងចៅក្រមដែលចេញដីកាចាប់ខ្លួនលោក ពូទីន។
ក្នុងសេចក្ដីថ្លែងការណ៍ ប្រធានសភានៃរដ្ឋភាគីរបស់ ICC បាននិយាយថា៖ «ខ្លួនមានការសោកស្តាយចំពោះការប៉ុនប៉ងទាំងនេះ ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានានូវការទទួលខុសត្រូវចំពោះទង្វើដែលត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិទូទៅ»។
យ៉ាងណាមិញ សភា ICC បានបញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេរបស់ខ្លួន ចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ។ យើងអំពាវនាវឱ្យរដ្ឋទាំងអស់ គោរពឯករាជភាពរបស់តុលាការ និងរដ្ឋអាជ្ញា»។
កាលពីថ្ងៃចន្ទ លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី បាននិយាយថា៖ «វាពិតជាអាចស្រមៃឃើញមីស៊ីលលឿនជាងសំឡេងមួយ បាញ់ចេញពីសមុទ្រខាងជើងពីកប៉ាល់របស់រុស្ស៊ី ទៅតុលាការក្រុងឡាអេ»។ លោកបន្ថែមថា៖ «អ្នករាល់គ្នាដើរក្រោមព្រះ និងរ៉ុក្កែត...ឧស្សាហ៍មើលមេឃផង»។
ការគំរាមនេះ ធ្វើឡើងបន្ទាប់ពី ICC ចេញដីកាចាប់លោក ពូទីន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាចំណាត់ការដែលរុស្ស៊ីចាត់ទុកជាមោឃៈ។ ដីកានោះ ចោទប្រកាន់មេដឹកនាំរុស្ស៊ីថា បាននិរទេសកុមារអ៊ុយក្រែនរាប់ពាន់នាក់ដោយខុសច្បាប់ ដែលជាឧក្រិដ្ឋកម្មសង្គ្រាម។
ចំណាត់ការផ្លូវច្បាប់នេះ តម្រូវឱ្យរដ្ឋសមាជិករបស់តុលាការចំនួន ១២៣ ប្រទេស ចាប់ខ្លួនលោក ពូទីន ហើយផ្ទេរលោកទៅទីក្រុងឡាអេដើម្បីកាត់ទោស ប្រសិនបើលោក ពូទីន ជាន់ដីរបស់ពួកគេ។ យ៉ាងណាមិញ គួរគូសបញ្ជាក់ថា ទាំងរុស្ស៊ី និងអ៊ុយក្រែនមិនមែនជាសមាជិកនៃ ICC នោះទេ បើទោះបីជាអ៊ុយក្រែនបានផ្តល់យុត្តាធិការក្នុងការកាត់ទោសឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅលើទឹកដីរបស់ខ្លួនក៏ដោយ។ បន្ថែម ពីនេះ ICC ក៏គ្មានកម្លាំងប៉ូលិសរបស់ខ្លួនដែរ ហើយពឹងផ្អែកលើរដ្ឋជាសមាជិក ដើម្បីធ្វើការចាប់ខ្លួនបុគ្គលណា ដែលខ្លួនចេញដីកាចាប់៕