ប៉ូលិសហុងកុងបានអនុញ្ញាតឱ្យមានការហែក្បួនតវ៉ាក្នុងទំហំតូចមួយប្រឆាំងនឹងគម្រោងសាងសង់ដី ១ កន្លែងដែលបានដាក់ស្នើឡើង និងគម្រោងកែច្នៃសំរាម ១ ទៀតកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣។ នេះគឺជាបាតុកម្មលើកដំបូងដែលត្រូវបានអនុញ្ញាតចាប់តាំងពីការអនុម័តច្បាប់ស្ដីពីសន្តិសុខជាតិត្រូវបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ ២០២០។ យ៉ាងណាក៏ដោយបាតុករជាច្រើននាក់ត្រូវបានតម្រូវឱ្យពាក់កាតសម្គាល់លេខរៀងៗខ្លួន និងត្រូវបានរារាំងមិនឱ្យមានការពាក់របាំងមុខ ឬម៉ាស់ ខណៈដែលក្រុមប៉ូលិសបានចុះត្រួតពិនិត្យការហែក្បួនរបស់ពួកគេយ៉ាងដិតដល់។
អ្នកចូលរួមបាតុកម្មបានស្រែកអានពាក្យស្លោកប្រឆាំងនឹងគម្រោងសាងសង់ដី ១ កន្លែងខ្លាំងៗនៅពេលដែលពួកគេដើរដង្ហែក្បួនក្រោមភ្លៀងដោយមានកាន់បដាផងដែរ។ ការតវ៉ានេះ បានធ្វើឡើងនៅសង្កាត់ស៊ុង ខ្វាន់អូ (Tseung Kwan O) ភាគខាងកើតដែលជាទីកន្លែងគម្រោងនេះគ្រោងនឹងសាងសង់ឡើង។ អ្នកខ្លះបានរិះគន់ការរឹតបន្តឹងលើការតវ៉ារបស់ពួកគេ ដូចជាការកំណត់ចំនួនអ្នកចូលរួមត្រឹម ១០០ នាក់ជាដើម។ នេះបើយោងតាមសំណេរកម្រាស់ ៧ ទំព័ររបស់ប៉ូលិសផ្ញើទៅកាន់អ្នករៀបចំការតវ៉ា។
លោកជេមស៍ អូខេនដិន (James Ockenden) អាយុ ៤៩ ឆ្នាំដែលកំពុងដើរជាមួយកូន ៣ នាក់របស់លោកបាននិយាយថា៖ «យើងត្រូវមានវប្បធម៌តវ៉ាដែលមានស្មារតីសេរីនិយមបន្ថែមទៀត»។
លោកបានសម្ដែងការខកចិត្តថា «ប៉ុន្តែនេះគឺជាការរៀបចំទុកជាមុនដោយមានការកំណត់ចំនួនអ្នកចូលរួមជាមុនផងដែរ ដូច្នេះវាជាការបំផ្លាញវប្បធម៌ និងបានរារាំងមនុស្សមិនឱ្យមកចូលរួម»។
ឆ្លើយតបទៅនឹងការតវ៉ានេះការិយាល័យអភិវឌ្ឍន៍ទីក្រុងបានឱ្យដឹងថា «គម្រោងនេះត្រូវបានអភិវឌ្ឍក្នុងគោលបំណងគាំទ្រដល់តម្រូវការប្រចាំថ្ងៃរបស់សហគមន៍»។ ការិយាល័យដដែលបានបន្ថែមថា៖ «ដើម្បីជាការគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយើងនឹងធ្វើការសិក្សាពីលទ្ធភាពនៃការកាត់បន្ថយទំហំនៃការចាក់ដីឡើងវិញ»។
គួរបញ្ជាក់ដែរថា ប៉ូលិសបានផ្តល់ឱ្យអ្នករៀបចំការតវ៉ានូវលិខិតអនុញ្ញាតមួយ ប៉ុន្តែដោយមានលក្ខខណ្ឌថាពួកគេត្រូវធានាថា ការតវ៉ានឹងមិនបំពានច្បាប់ស្ដីពីសន្តិសុខជាតិរួមមានដូចជាការបង្ហាញឬការនិយាយបំភាន់ដើម្បីបំបះបំបោរ សាធារណជននោះទេ។ប៉ូលិសក៏បានព្រមាននៅក្នុងសំបុត្រនោះដែរថា «ជនល្មើសខ្លះក៏អាចបន្លំខ្លួនលួចចូលរួមក្នុងការតវ៉ា និងការដង្ហែក្បួនដើម្បីរំខានដល់សណ្ដាប់ធ្នាប់សាធារណៈឬការប្រព្រឹត្តអំពើហិង្សាខុសច្បាប់ទៀតផង»។
អ្នករៀបចំបាតុកម្មបានលើកឡើងថា «មនុស្សរហូតដល់ ៥០ នាក់បានចូលរួមក្នុងការតវ៉ាជាលើកដំបូងនេះ ដែលត្រូវបានអនុញ្ញាតដោយប៉ូលិសក្នុងទីក្រុងហុងកុង បន្ទាប់ពីខកខានមិនបានធ្វើបាតុកម្មអស់រយៈពេលជាច្រើនឆ្នាំមកនេះ»។
គួរដឹងដែរថា ការស្នើសុំធ្វើការបាតុកម្មតវ៉ាផ្សេងទៀតរួមមានដូចជាការដុតភ្លើងទៀននៅថ្ងៃទី ៤ ខែមិថុនា ដើម្បីរំឭកដល់ជនរងគ្រោះនៃការបង្ក្រាបដោយសម្លាប់រង្គាលនៅទីលានធៀនអានមិន (Tiananmen) កាលពីឆ្នាំ ១៩៨៩ ត្រូវបានបដិសេធពីសំណាក់អាជ្ញាធរ ក្រោមហេតុផលទាក់ទងនឹងការរក្សាគម្លាតសង្គម។
គួររំឭកថា ការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ ១៩ ចុងក្រោយរបស់ទីក្រុងហុងកុង ត្រូវបានលុបចោលនៅដើមឆ្នាំនេះបន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបិទបញ្ចប់គោលនយោបាយកូវីដសូន្យរបស់ខ្លួន។ តាំងពីនោះមក រដ្ឋធម្មនុញ្ញគោលរបស់ហុងកុងដែលជាច្បាប់មូលដ្ឋានបានធានាដល់សិទ្ធិក្នុងការជួបប្រជុំជាសាធារណៈ។
ចាប់តាំងពីច្បាប់សន្តិសុខជាតិហុងកុងដែលត្រូវបានដាក់ចេញដោយប្រទេសចិន និងដែលបានអនុម័តកាលពីខែមិថុនា ឆ្នាំ ២០២០ ដើម្បីឆ្លើយតបនឹងការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានអូសបន្លាយជាច្រើនខែក្នុងឆ្នាំ ២០១៩ អាជ្ញាធរហុងកុងបានគាបសង្កត់លើសិទ្ធិសេរីភាព និងបានចាប់ខ្លួនអ្នកនយោបាយរួមទាំងសកម្ម ជនបក្សប្រឆាំងជាច្រើននាក់ទៀតផង។
ដោយឡែក រដ្ឋាភិបាលរបស់បណ្ដាប្រទេសលោកខាងលិចមួយចំនួនបានរិះគន់ច្បាប់នេះថាជាឧបករណ៍ប្រើប្រាស់ដើម្បីគាបសង្កត់ពលរដ្ឋហុងកុង ប៉ុន្តែអាជ្ញាធរចិន បានឆ្លើយតបថា វាជាយន្តការស្ដារស្ថិរភាពដល់តំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយនេះ។ អ្នកតវ៉ាម្នាក់ដែលមាននាមត្រកូលឈ្មោះថាឈៀវ (Chiu) អាយុ ៥០ ឆ្នាំបានឱ្យដឹងថា អ្នកស្រីកោតសរសើរចំពោះការទទួលបានឱកាសតវ៉ាបាតុកម្មក្នុងគ្រាដ៏លំបាកនេះហើយអ្នកស្រីបានមើលឃើញថា ខ្សែកាតពាក់សម្គាល់លេខផ្ទាល់ខ្លួននេះ ជាមធ្យោបាយមួយដើម្បីជួយសម្រួលដល់ការគ្រប់គ្រងហ្វូងមនុស្សដ៏ច្រើន។
យោងតាមសារព័ត៌មាន Reuters អ្នកស្រីបានថ្លែងថា «វាមិនមែនមានន័យថា ដាក់ខ្សែកាតសម្គាល់លេខលើយើងទាំងអស់គ្នាជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិរបស់យើងនោះទេ។ ខ្ញុំគិតថា វាអាចទទួលយកបាន»។
យ៉ាងណាក៏ដោយអ្នកសង្កេតការណ៍នយោបាយ និងអ្នកការទូតលោកខាងលិចមួយចំនួនបាននិងកំពុងតាមដានមើលថា តើអាជ្ញាធរនឹងអនុញ្ញាតឱ្យមានបាតុកម្មឡើងវិញនៅហុងកុង ពោលគឺនៅថ្ងៃទី ៤ ខែមិថុនា និងថ្ងៃទី ១ ខែកក្កដា ដែលវាគឺជាថ្ងៃនៃព្រឹត្តិការណ៍សង្គមដែលអាចទាក់ទាញមនុស្សរាប់ពាន់នាក់ឱ្យចូលរួម។
ជាការកត់សម្គាល់ កាលពីដើមខែនេះ សមាគមកម្មការិនីហុងកុង បានរៀបចំការដង្ហែក្បួន ដើម្បីទាមទារសិទ្ធិការងារ និងសិទ្ធិស្ត្រីប៉ុន្តែត្រូវបានលុបចោលវិញនៅនាទីចុងក្រោយដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។
ប៉ុន្មានថ្ងៃក្រោយមកសមាគមបានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ប៉ូលិសបានអញ្ជើញពួកគេឱ្យចូលរួមកិច្ចប្រជុំមួយបន្ទាប់ពីបានផ្តល់ការអនុញ្ញាតឱ្យធ្វើបាតុកម្ម ហើយថាសមាគមបានព្យាយាមអស់ពីសមត្ថភាពហើយ នៅក្នុងកិច្ចចរចានោះ ប៉ុន្តែនៅតែមិនអាចធ្វើការតវ៉ាដូចដែលខ្លួនបានរំពឹងទុកដដែល។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងៗគ្នា បានគូសបញ្ជាក់ឱ្យដឹងថាប៉ូលិសសន្តិសុខជាតិ បានព្រមានសមាជិក៤នាក់របស់ខ្លួន មិនឱ្យចូលរួមក្នុងការហែក្បួនរបស់សមាគមនោះទេ៕