ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងតិច ១៨៤ នាក់រួមទាំងស្ត្រី និងក្មេងជាច្រើននាក់ បានចូលចតនៅខេត្តចុងខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ បន្ទាប់ពីពួកគេត្រូវបានទម្លាក់ចោលនៅកណ្ដាលសមុទ្រហើយបានហែលទៅរកច្រាំង។
ជនមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែលភាគច្រើនត្រូវគេធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ានម៉ា ប្រថុយជីវិតជារៀងរាល់ឆ្នាំ ដោយធ្វើដំណើរតាមសមុទ្រដ៏វែងឆ្ងាយ និងថ្លៃៗ ជារឿយៗជិះទូកដែលមានគុណភាពអន់ ក្នុងការប៉ុនប៉ងទៅកាន់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី។
អ្នកស្រុកនៅទីក្រុង Peureulak នៃខេត្តអាសេភាគខាងកើត បានជូនដំណឹងដល់ប៉ូលិសកាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីបានរកឃើញ ក្រុមដែលមន្ត្រីបាននិយាយនោះ រួមមានបុរស ៩៤ នាក់ ស្ត្រី ៧០ នាក់ និងក្មេង ២០ នាក់។
លោក Nasri ប្រធានសង្កាត់ Peureulakដូចជនជាតិឥណ្ឌូនេស៊ីជាច្រើនទៀត បានប្រាប់សារព័ត៌មាន AFP ថា៖ «គ្មានទូកនៅលើឆ្នេរទេពេលពួកគេមកដល់»។ «ជនភៀសខ្លួនមួយចំនួន មើលទៅទន់ខ្សោយ ពួកគេប្រហែលជាមិនបានហូបអាហារច្រើនថ្ងៃហើយ»។
លោកបានបន្ថែមថា យ៉ាងតិច ៥ នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ខណៈអ្នកខ្លះទៀត ត្រូវបានគេយកទៅកាន់បរិវេណវិហារអ៊ិស្លាមសម្រាប់ទីជម្រក អាហារ និងព្យាបាលជំងឺ។
មន្ត្រីម្នាក់មកពីទីភ្នាក់ងារកិច្ចការសង្គមខេត្តអាសេភាគខាងកើត លោក Saharani បានបញ្ជាក់ពីចំនួនសរុបនៃអ្នកមកដល់ ទៅកាន់សារព័ត៌មាន AFP។
អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ខ្លួននៅតែប្រមូលព័ត៌មានអំពីអ្នកមកដល់ថ្មី។
យោងតាមម្នាក់ក្នុងចំណោមអ្នកដំណើរជាច្រើន ពួកគេត្រូវបានទម្លាក់ចោលនៅឆ្នេរសមុទ្រ ហើយប្រាប់ឱ្យហែលទៅគោកដោយម្ចាស់ទូក។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា Ali បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara ថា៖ «បន្ទាប់ពីនោះ ទូកដែលយើងជិះ បានចាកចេញភ្លាមៗ។ លោក Ali បាន និយាយថា ជនភៀសខ្លួន កំពុងព្យាយាមទៅដល់ម៉ាឡេស៊ីពីមីយ៉ាន់ម៉ា៕