
ថ្នាំដុះធ្មេញដេញមានផ្ទុកសារធាតុញៀនត្រូវបានរកឃើញនៅអីវ៉ាន់របស់អ្នកបម្រើការលើយន្តហោះកាលពីថ្ងៃទី១៦មីនានៅវៀតណាម។ VnExpress
កាសែតវៀតណាមផ្សាយថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ស្នើទៅក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ឱ្យបង្កើនការត្រួតពិនិត្យជាប្រចាំលើអី វ៉ាន់របស់សមាជិកក្រុមអ្នកហោះហើរទាំងអស់មុននឹងចេញដំណើរ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានចេញសេចក្តីណែនាំស្តីពីវិធានការប្រឆាំងការរត់ពន្ធសម្រាប់បុគ្គលិកអា កាសចរណ៍ទាំងអស់ បន្ទាប់ពីអាជ្ញាធររកឃើញថា មានករណីអ្នកបម្រើលើយន្តហោះវៀតណាមចំនួន ៤នាក់ នាំយកទំនិញផ្ទុកសារធាតុញៀនប្រមាណ ១១២គីឡូក្រាម ក្នុងពេលធ្វើដំណើរតាមជើងហោះហើរពីប្រទេសបារាំងទៅកាន់ប្រទេសវៀតណាម។
អាជ្ញាធរបាននិយាយថា ហេតុការណ៍ដែលក្រុមការងាររបស់អាកាសយានិក បាននាំយកសារធាតុញៀនចូលវៀតណាមកាលពីថ្ងៃទី១៦មីនានោះ បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនយ៉ាងច្រើន ព្រមទាំងប៉ះពាល់ដល់មុខមាត់វិស័យអាកាសចរណ៍វៀតណាមផង ទង្វើនោះក៏ទំនងជាប៉ះពាល់ដល់សន្តិសុខអាកាសចរណ៍ទៀតផង។
កាលពីថ្ងៃទី ១៦ខែមីនា សន្តិសុខនៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ បានត្រួតពិនិត្យកាបូបរបស់អ្នកបម្រើការងារលើយន្តហោះនិងបានរកឃើញបំពង់ថ្នាំដុសធ្មេញរាប់រយដុំ ដែលមានផ្ទុកសារធាតុញៀនសរុប ១១,៤ គីឡូក្រាម។
អាជ្ញាធរវៀតណាម បានចាប់ខ្លួអ្នកបម្រើការងារទាំង៤ នោះភ្លាមបន្ទាប់ពីពួកគេធ្វើដំណើរតាមជើងហោះហើរ VN10 ពីប្រទេសបារាំងទៅកាន់ប្រទេសវៀតណាម។
ជនសង្ស័យទាំង ៤នាក់ បានប្រាប់ប៉ូលិសថា ពួកគេបានយល់ព្រមដឹកជញ្ជូនបំពង់ថ្នាំដុសធ្មេញសរុប៦០គីឡូក្រាម តាមសំណើរបស់មនុស្សម្នាក់នៅប្រទេសបារាំង ដែលបានស្នើសុំដោយប្រយោលតាមរយៈបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍វៀតណាមម្នាក់ទៀត។
អ្នកបម្រើទាំង ៤នាក់ បាននិយាយថា ពួកគេទទួលបានប្រាក់ប្រមាណ១០លានដុង (៤២២ ដុល្លារអាមេរិក) ជាថ្លៃសេវាខ្ចប់ថ្នាំដុសធ្មេញទាំងអស់នេះដឹកពីបារាំងទៅប្រទេសវៀតណាម។ អ្នកទាំង៤ បានបដិសេធថា មិនដឹងថា មានអ្វីនៅក្នុងនោះទេ។
អាជ្ញាធរវៀតណាម បានដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតបានកំណត់ថា ពួកគេមិនបានដឹងថាបំពង់ថ្នាំដុសធ្មេញដែលពួកគេដឹកនោះមានផ្ទុកសារធាតុញៀននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេទាំង ៤នាក់ កំពុងប្រឈមនឹងការបណ្តេញចេញ បន្ទាប់ពីបានបំពានតួនាទីរបស់ពួកគេដោយរត់ពន្ធទំនិញ ម្យ៉ាងទៀតពួកគេក៏ទំនងជានឹងមិនអាចធ្វើការនៅក្នុងអាជីវកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមបានទៀតទេ៕