នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​អតីត​ប្រធានាធិបតី​តៃវ៉ាន់​លោក ម៉ា យីងជៀវ (Ma Ying-jeou) កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកបាន​និយាយ​ថា តៃវ៉ាន់ និង​ចិន​ត្រូវតែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​ដែលអាច​ធ្វើ​ទៅបាន ដើម្បី​បញ្ចៀស​សង្គ្រាម ហើយវា​ជាទំនួល​ខុសត្រូវ​របស់​មេដឹកនាំ​នៃភាគី​ទាំងពីរ​ក្នុងការធានា​ឱ្យបាន​នូវ​សុខ​សន្តិភាព។

លោក ម៉ា បានធ្វើ​ដំណើរ​មកដល់​ប្រទេស​ចិន កាលពី​ថ្ងៃចន្ទ ហើយនេះ​គឺជា​លើកទីមួយ​ដែលអតីត​ប្រធានាធិបតី​តៃវ៉ាន់ ​បានមក​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​ចិន គិតចាប់​តាំងពី​ឆ្នាំ១៩៤៩ មក។

ក្នុងដំណើរ​ទស្សនកិច្ច​នោះ អតីត​ប្រធានាធិបតី លោក ម៉ា ក៏បាន​ចូលជួប​ជាមួយ​លោក សុង ថាវ (Song Tao) ដែលជា​ប្រធាន​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន នៅទីក្រុង​វូហាន (Wuhan) ស្ថិតនៅ​ភាគកណ្តាល​ប្រទេស​ចិន។

លោក ម៉ា បានមាន​ប្រសាសន៍​ថា «ការរក្សា​បាននូវ​ការអភិវឌ្ឍ​ប្រកបដោយ​សន្តិភាព និង​ស្ថិរភាព​នៃ​ទំនាក់ទំនង​រវាង​គូភាគី​ទាំងពីរ​គឺជា​ផ្នត់គំនិត​របស់​សាធារណជន​នៅក្នុង​សង្គម​តៃវ៉ាន់»។

លោកបាន​បន្ថែម​ថា «វាគឺជា​ទំនួល​ខុសត្រូវ​របស់​មេ​ដឹកនាំ​ប្រទេស​ទាំងសង​ខាង​ច្រក​សមុទ្រ​តៃវ៉ាន់ ក្នុង​ការខិតខំ​រិះរក​គ្រប់​មធ្យោបាយ​ដែលមាន​អំណោយ​ផល​ដល់ការ​លើក​កម្ពស់​សន្តិភាព» នេះបើយោងតាម​ការដកស្រង់​សេចក្ដី​អត្ថាធិប្បាយ​របស់​លោក ដែលបាន​ផ្តល់​ដោយ​ការិយាល័យ​របស់​លោក ម៉ា នៅទី​ក្រុង​តៃប៉ិ។

ក្នុងនោះ​ផងដែរ លោក ម៉ា ក៏បាន​រំលេច​ថា «ភាគី​ទាំងពីរ​ត្រូវតែ​រក្សា​ការផ្លាស់ប្តូរ​រវាង​គ្នា សហប្រតិបត្តិការ​ជាមួយគ្នា និងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែលអាច​ធ្វើ​ទៅ​បាន ដើម្បី​បញ្ចៀស​សង្គ្រាម និង​ជម្លោះ»។

ដោយឡែក ទី​ភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ (Xinhua News Agency) របស់​ប្រទេស​ចិន​បានដក​ស្រង់​សម្តី​លោក សុង ដែលបាន​និយាយ​ទៅកាន់​លោក ម៉ា ថា៖ «ប្រជាជន​នៅក្នុង​ប្រទេស​ចិន និង​តៃវ៉ាន់​គួរតែ​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​ផ្តាច់​ខ្លួន ចង់បាន​ឯករាជ្យ​របស់​តៃវ៉ាន់ និង​ការជ្រៀតជ្រែក​ពីកម្លាំង​ខាងក្រៅ ហើយ​រួមគ្នា​ការពារ​សន្តិភាព និង​ស្ថិរភាព​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់»។

គួរដឹងដែរ​ថា លោក ម៉ា កំពុងតែ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ចំពេល​ដែលភាពតានតឹង​កំពុង​កើនឡើង​កាន់តែខ្លាំង​ឡើង​រវាង​ទី​ក្រុងតៃប៉ិ និង​ទីក្រុង​ប៉េកាំង ខណៈដែល​ប្រទេស​ចិន​បង្កើន​សម្ពាធ​ផ្នែក​យោធា និង​ការទូត ដើម្បី​ព្យាយាម​បង្ខំ​ឱ្យ​កោះ​ដែលគ្រប់គ្រង​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មួយនេះ ទទួលយកអធិបតេយ្យភាពរបស់ចិន។

អតីត​ប្រធានាធិបតី ម៉ា ដែលបាន​កាន់​តំណែង​កាលពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១៦ ក៏ធ្លាប់​បានចូលជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនភីង (Xi Jinping) នៅប្រទេស​សិង្ហបុរី​កាលពី​ចុង​ឆ្នាំ២០១៥ ពោល​គឺមុន​ពេល​ដែល​ប្រធានាធិបតី​តៃវ៉ាន់​បច្ចុប្បន្ន​លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ត្រូវបាន​ជាប់ឆ្នោត​ក្នុង​ឆ្នាំ២០១៦។

យ៉ាងណា​ក៏ដោយ អតីត​ប្រធានាធិបតី​តៃវ៉ាន់​រូបនេះ មិនបាន​កំណត់​ពេល​ចូលជួប​ជាមួយ​លោក ស៊ី ក្នុងដំណើរ​ទស្សនកិច្ច​នេះនោះ​ទេ ប៉ុន្តែ​ការិយាល័យ​របស់​លោក បានបញ្ជាក់​ថា លោក ម៉ា នឹង​យល់​ព្រមចូលរួម​ដោយ​បើក​ចំហ​ចំពោះ​កិច្ចប្រជុំ​ទាំងឡាយណា​ដែល​ចិន​នឹងរៀបចំ​ឡើង។

ដោយឡែក លោកស្រី សៃ តែងតែ​បាន​ច្រានចោល​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន ដោយ​អះអាង​ថា មានតែ​ប្រជាជន​ដែលរស់នៅ​លើ​កោះ​នេះ​ទេ ទើប​អាច​សម្រេច​លើ​អនាគត​របស់​ពួកគេ​បាន។ លោកស្រី​ក៏បាន​ផ្តល់​ការបើក​ឱ្យ​មានការចរចា​ជាមួយ​ចិន​ម្តងហើយ​ម្តងទៀត ប៉ុន្តែ​ត្រូវបាន​បដិសេធ ដោយសារតែ​ទីក្រុង​ប៉េកាំង ចាត់ទុក​លោកស្រី​ថា​ជាជន​ផ្តាច់​ខ្លួន​និយម។

បន្ថែម​លើ​នេះ គណបក្ស​ប្រជាធិបតេយ្យ​រីក​ចម្រើន (DPP) ដែលកំពុង​កាន់​អំណាច​នៅ​កោះ​តៃវ៉ាន់ បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ា ដោយបាន​លើកឡើង​ថា លោក​គួរតែ​ចាប់យក​ឱកាសនេះ​ដើម្បី​ប្រាប់​លោក ស៊ី ឱ្យ​បញ្ឈប់​ការយាយី​ផ្នែក​យោធា​ស្ទើរតែ​រាល់ថ្ងៃ​ទៅលើ​កោះ​មួយ​នេះ។ ប៉ុន្តែ គណបក្ស​ប្រឆាំង គួមីនតាង (Kuomintang) ដែលមាន​លោក ម៉ា ជាសមាជិក​ជាន់ខ្ពស់​មួយ​រូប បាន​ឆ្លើយតប​វិញ​ថា វាជារឿង​ដ៏សំខាន់​ក្នុងការ​ទៅជជែក​ជាមួយ​ចិន ដើម្បី​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង៕