ប៉ូលិសបង់ក្លាដែស កាលពីថ្ងៃពុធ បានចោទប្រកាន់អ្នកយកព័ត៌មានមកពីកាសែតឈានមុខគេមួយពីបទផលិត «ព័ត៌មានមិនពិត» ក្រោយពីមានអត្ថបទមួយស្តីពីតម្លៃអាហារខ្ពស់ត្រូវបានចេញផ្សាយ ដោយបង្កឱ្យមានការភ័យខ្លាចអំពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ។
ក្រុមសិទ្ធិមនុស្សបាននិយាយថា Shamsuzzaman Shams ត្រូវបានចោទប្រកាន់នៅក្រោមច្បាប់សន្តិសុខឌីជីថលដ៏តឹងរ៉ឹងដែលត្រូវបានប្រើជា ទូទៅដោយរដ្ឋាភិបាលដើម្បីបិទមាត់អ្នកសារព័ត៌មាន និងអ្នករិះគន់។
កាសែត Prothom Alo របស់លោក Shams បាននិយាយថា គាត់ត្រូវបានចាប់ខ្លួន ចេញពីផ្ទះរបស់គាត់នៅក្នុងទីក្រុងឧស្សាហកម្ម Savar នៅខាងក្រៅទីក្រុងដាក្កា នៅម៉ោងប្រហែល ៤ ព្រឹក (២២០០ ម៉ោងសកល) ដោយប៉ូលិសស្លៀកពាក់ស៊ីវិល។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Asaduzzaman Khan បានបញ្ជាក់ថា អ្នកយកព័ត៌មាន រូបនេះ ត្រូវបានសាកសួរដោយប៉ូលិសពីបទ «រឿងមិនពិត» ដែលបានចេញ ផ្សាយកាលពីចុងសប្តាហ៍។
លោករដ្ឋមន្ត្រី បាននិយាយថា៖ «សំណុំរឿងមួយត្រូវបានប្តឹងប្រឆាំងគាត់ ដោយបន្ថែមថា Shams នឹងត្រូវបានដោះលែងពីមន្ទីរឃុំឃាំង ប៉ុន្តែអាចត្រូវបានចាប់ខ្លួនម្តងទៀតជុំវិញការចោទប្រកាន់នេះ។
អ្នកកាសែតរូបនេះ ត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យខូចមុខមាត់រដ្ឋាភិបាលដោយ «ព័ត៌មានមិនពិត» និងសម្រាប់ការចោទសួរអំពីសមិទ្ធផលរបស់ប្រទេសបង់ក្លាដែស ក្រោមច្បាប់សន្តិសុខឌីជីថល។ នេះបើយោងតាមច្បាប់ចម្លងនៃសំណុំរឿងដែល សារព័ត៌មាន AFP ទទួលបាន។
អត្ថបទរបស់កាសែត Prothom Alo ត្រូវបានបោះពុម្ពកាលពីថ្ងៃអាទិត្យ ហើយរួមបញ្ចូលការដកស្រង់ពីមនុស្សសាមញ្ញនិយាយអំពីជីវិតរបស់ពួកគេក្នុងឱកាសបុណ្យឯករាជ្យរបស់ប្រទេសបង់ក្លាដែស។
កម្មករម្នាក់ ត្រូវបានគេដកស្រង់សម្ដីដោយនិយាយថា៖ «តើអ្វីជា ការប្រើប្រាស់សិទ្ធិសេរីភាព ប្រសិនបើយើងមិនមានលទ្ធភាពទិញអង្ករហូបផងនោះ?»។
ដូចប្រទេសក្រីក្រដទៃទៀតដែរ តម្លៃម្ហូបអាហារ បានកើនឡើងក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីពាក់កណ្តាលឆ្នាំមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប្រាក់តាកា (taka) បានធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក។
មនុស្សជិត ៣ ០០០ នាក់ ត្រូវបានចោទប្រកាន់ក្រោមច្បាប់សន្តិសុខឌីជីថល ចាប់តាំងពីច្បាប់នេះ ត្រូវបានអនុម័តក្នុងឆ្នាំ ២០១៨ ក្នុងនោះមានអ្នកកាសែតប្រហែល ២៨០ នាក់។ យោងតាមក្រុមពិគ្រោះយោបល់ក្នុងស្រុក។
នេះបានធ្វើឱ្យមានការព្រួយបារម្ភថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina កាន់អំណាច ចាប់តាំងពីឆ្នាំ ២០០៩ ប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ១៧០ លាននាក់ កំពុងក្លាយជាប្រទេសផ្តាច់ការកាន់តែខ្លាំងឡើង។
អង្គការអ្នកកាសែតគ្មានព្រំដែន បានដាក់ចំណាត់ថ្នាក់ប្រទេសបង់ក្លាដែស ១៦២ ក្នុងចំណោម ១៨០ ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២២ របស់ខ្លួន។ ប្រទេសស្ថិតនៅខាងក្រោមប្រទេសរុស្ស៊ី (១៥៥) និងអាហ្វហ្គានីស្ថាន (១៥៦)។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះចំនួនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកកាសែតនៅប្រទេសបង់ក្លាដែស មានការថយចុះ បានស្ថិតនៅក្រោមការវាយប្រហារកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាល និងគណបក្សកាន់អំណាចរបស់លោកស្រី Hasina។
អាជ្ញាធរ បានបិទមាត់របស់គណបក្សប្រឆាំងដែលមានតែ ១ កាលពីខែមុន ដោយនិយាយថា គណបក្សនេះ បំពានច្បាប់សារព័ត៌មាន របស់ប្រទេស។
អ្នកសារព័ត៌មានយ៉ាងតិច ១០ នាក់ ត្រូវបានប៉ូលិសវាយធ្វើបាប ខណៈតាមយកព័ត៌មានអំពីការបោះឆ្នោតជ្រើសរើសមេធាវីតុលាការកំពូលដែលមានជម្លោះនៅក្នុងទីក្រុងដាក្កា។
កាលពីសប្តាហ៍មុន បងប្រុសរបស់អ្នកកាសែតស៊ើបអង្កេត Al Jazeera ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ត្រូវបានវាយដំយ៉ាងព្រៃផ្សៃ ដែលត្រូវបានចោទប្រកាន់ដោយបុរសជាច្រើននាក់មកពីគណបក្សកាន់អំណាច៕