អ្នកការទូតជាន់ខ្ពស់មួយរូបរបស់បារាំង កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ បានបង្ហាញក្តីសង្ឃឹមថា ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត (Sweden) និងហ្វាំងឡង់ (Finland) នឹងត្រូវបានផ្តល់សច្ចាប័នយ៉ាងឆាប់នាពេលខាងមុខ ខណៈដែលសភាតួកគីត្រូវបានគេរំពឹងថានឹងធ្វើការបោះឆ្នោតក្នុងពេលឆាប់ៗនេះផងដែរ ដើម្បីសម្រេចថាតើហ្វាំងឡង់គួរតែចូលជាសមាជិករបស់សម្ព័ន្ធភាពណាតូដែលមានសមាជិក ៣០ ប្រទេសស្រាប់ហើយដែរឬក៏យ៉ាងណា។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោកស្រី Catherine Colonna នេះគឺសំដៅទៅលើកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងធ្វើឡើងនាពេលខាងមុខ នៅរដ្ឋធានីរបស់ប្រទេសលីទុយអានី (Lithuanian) ក្នុងខែកក្កដា។ លោកស្រីបានបន្ថែមថា «យើងសង្ឃឹមថាកិច្ចប្រជុំកំពូលនេះនឹងទទួលបានជោគជ័យ ហើយនឹងមានប្រទេសចំនួន ៣២ នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវីលនីញូស (Vilnius) ប្រទេសលីទុយអានី»។
លោកស្រីបានថ្លែងឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ពាក្យស្នើសុំរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ គួរតែត្រូវបានផ្តល់សច្ចាប័នឱ្យបានឆាប់រហ័ស»។ គួរដឹងដែរថា ទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូតាំងតែពីខែឧសភា ឆ្នាំ២០២២ ដោយបានបោះបង់គោលការណ៍មិនចូលបក្សសម្ព័ន្ធរបស់ខ្លួនអស់ជាច្រើនទសវត្សរ៍មកនេះ បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន។ យ៉ាងណាក៏ដោយ អង្គការណាតូជាគោលការណ៍គឺត្រូវទាមទារឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិករបស់ខ្លួនទាំងអស់ ក្នុងការទទួលយកប្រទេសសមាជិកថ្មី។
កាលពីថ្ងៃចន្ទ ក្រុមសមាជិកសភាហុងគ្រី បានផ្តល់សច្ចាប័នលើសំណើរបស់ប្រទេសហ្វាំងឡង់ឱ្យចូលជាសមាជិកអង្គការណាតូ។ យ៉ាងណាមិញ ការយល់ព្រមឱ្យប្រទេសស៊ុយអែតចូលជាសមាជិកដែរ បានជាប់គាំង ដោយសារតែមានការប្រឆាំងពីប្រទេសតួកគី និងហុងគ្រី។
រដ្ឋាភិបាលតួកគីបានចោទប្រកាន់ប្រទេសស៊ុយអែតថា ជាប្រទេសទន់ជ្រាយចំពោះចំណាត់ការលើក្រុមដែលតួកគីចាត់ទុកថាជាអង្គការភេរវកម្ម។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា (Ankara) ប្រទេសតួកគី ត្រូវការការធានាបន្ថែមទៀត មុនពេលដែលខ្លួននឹងសម្រេចផ្តល់សច្ចាប័នចុងក្រោយគេ។
សមាជិកមកពីគណបក្សកាន់អំណាចរបស់ប្រទេសហុងគ្រី បានរំលេចថា ពួកគេនឹងរង់ចាំមើលរដ្ឋាភិបាលក្នុងទីក្រុងស្តុកខុល (Stockholm) ប្រទេសស៊ុយអែត លុបបំបាត់ការខ្វែងគំនិតគ្នា មុនពេលបោះឆ្នោតនៅក្នុងសភាឈានមកដល់។ រដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែស (Budapest) ប្រទេសហុងគ្រី បានចោទប្រកាន់ថា អ្នកនយោបាយស៊ុយអែតមួយចំនួនបានធ្វើសេចក្តីថ្លែងការណ៍ចំអកអំពីស្ថានភាពនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសហុងគ្រី ដែលធ្វើឱ្យមូលនិធិរាប់ពាន់លានដុល្លារនៅក្នុងសហភាពអឺរ៉ុប ត្រូវបានបង្កកដោយសារការចោទប្រកាន់ថា មានការរំលោភច្បាប់ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសតួកគី។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ុយអែតបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែតលោក Tobias Billström បានមានប្រសាសន៍ថា «យើងមើលមិនឃើញហេតុផលចាំបាច់អ្វីនោះទេថា ហេតុអ្វីបានជាយើងមិនគួរត្រូវបានផ្តល់សច្ចាប័ន។ ហេតុផលទាំងនោះមិនជាប់ពាក់ព័ន្ធនឹងពាក្យស្នើសុំចូលអង្គការណាតូរបស់ប្រទេសស៊ុយអែតនោះទេ។ វាមានភាពខុសគ្នាទាំងស្រុងពីទស្សនដែលសហភាពអឺរ៉ុបមានចំពោះប្រទេសហុងគ្រី»។
គួរបញ្ជាក់ថា លោកស្រី Colonna កំពុងស្ថិតនៅក្នុងទីក្រុងវីលនីញូស ដើម្បីចូលជួបជាមួយរដ្ឋមន្ត្រីការបរទេសលីទុយអានីលោក Gabrielius Landsbergis ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូនាពេលខាងមុខនៅទីក្រុងវីលនីញូស នៅថ្ងៃទី១១ និង១២ ខែកក្កដា។ លោកស្រីក៏គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីលីទុយអានីលោកស្រី Ingrida Simonyte និងទៅទស្សនកិច្ចកងទ័ពបារាំងដែលកំពុងដាក់ពង្រាយនៅក្នុងបណ្ដាប្រទេសនៅតំបន់បាល់ទិក (Baltic) ដែលជាផ្នែកមួយនៃបេសកកម្មប៉ូលិសដែនអាកាសរបស់អង្គការណាតូ៕