
អតីតនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វេចាជីវ៉ា ថ្លែងនាពេលកន្លងទៅ។ AFP
យោងតាមកាសែតដឹណេសិនថៃផ្សាយថា អតីតនាយករដ្ឋមន្ត្រី និងជាអតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Abhisit Vejjajiva បានឆ្លើយតបទៅនឹងការអំពាវនាវរបស់អ្នកគាំទ្រលោក ឱ្យវិលចូលនយោបាយវិញ ដោយនិយាយថា វាមិនមែនជាពេលវេលាត្រឹមត្រូវនោះទេ។
លោកបានថ្លែងបែបនេះ ទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី២ខែមេសា នៅពេលដែលគណបក្សប្រជាធិបតេយ្យ បានចេញឃោសនាផ្សព្វផ្សាយបេក្ខភាពបណ្តោះអាសន្នរបស់គណបក្សលោកស្រីOrnanong Kanchanachusak នៅតាមផ្សារនានា។
អ្នកទិញទំនិញ និងអាជីវករជាច្រើននាក់បានស្វាគមន៍ថ្នាក់ដឹកនាំនិងសមាជិបក្សប្រជាធិបតេយ្យ ដោយបានប្រគល់កម្រងផ្កាជូនមន្ត្រីជាន់ខ្ពស់ទាំងនោះ និងជូនលោក អាភីស៊ីត និងលោកស្រីOrnanong Kanchanachusak ផង។ អ្នកគាំទ្រជាច្រើនក៏បានអំពាវនាវឱ្យអាប់ភីស៊ីតវិលចូលឆាកនយោបាយវិញ។
ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលសួរថា តើលោកគិតយ៉ាងណាចំពោះការអំពាវនាវរបស់អ្នកគាំទ្ររបស់គាត់ឱ្យគាត់វិលចូលឆាកនយោបាយវិញ។អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យ បានសើចនិងនិយាយថា ៖«វាមិនមែនជាពេលនេះទេ ប៉ុន្តែខ្ញុំសុខចិត្តគាំទ្រសកម្មភាពរបស់គណបក្ស។
ខ្ញុំនឹងផ្តល់ការគាំទ្រដល់គណបក្សហើយអ្នកប្រជាធិបតេយ្យទាំងអស់នឹងឆ្ពោះទៅមុខ»។
បន្ទាប់ពីចាញ់ឆ្នោតនៅបាងកកនាឆ្នាំ ២០១៩ លោក Abhisit បានចាកចេញពីឆាកនយោបាយដោយប្រកាសថា ផ្តោតលើការងារសិក្សារបស់គាត់។ ទោះជាយ៉ាងណា លោកបានបន្តធ្វើជាសមាជិកមិនប្រតិបត្តិគណបក្ស។
នៅមុនការបោះឆ្នោតឆ្នាំ ២០១៩ លោក Abhisit ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ បាននិយាយតាមកញ្ចក់ទូរទស្សន៍ថា គណបក្សប្រជាធិបតេយ្យនឹងមិនគាំទ្រអតីតមេដឹកនាំរដ្ឋប្រហារ ឧត្តមសេនីយ៍ Prayut Chan-o-cha ជានាយករដ្ឋមន្ត្រីនោះទេ។ នៅពេលនោះ លោក ប្រាយុធ និងគណបក្ស Palang Pracharath របស់លោកមានប្រជាប្រិយភាព ដោយសារតែរដ្ឋប្រហារបាននាំមកនូវសន្តិភាព និងសណ្តាប់ធ្នាប់ដល់រាជធានី។
លោក Abhisit បានចុះចេញពីតំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅពេលដែលគណបក្សរបស់លោកមិនទទួលបានអាសនៈសភាសោះនៅក្នុងទីក្រុងបាងកក។
លោកក៏បានលាឈប់ពីតំណែងជាសមាជិកសភាក្នុងបញ្ជីបក្សផងដែរ ដោយសារតែលោកមិនចង់ធ្វើតាមការសម្រេចចិត្តរបស់គណបក្សក្នុងការគាំទ្រលោក Prayut ជានាយករដ្ឋមន្ត្រី។
អតីតមេបក្សរូបនេះបាននិយាយថា គាត់ជឿជាក់ថាបេក្ខជនថ្មីរបស់បក្ស លោកស្រី Ornanong នឹងមានឱកាសឈ្នះឆ្នោតនៅតំបន់មួយចំនួននៃទីក្រុងបាងកក ៕