
ភ្លើងឆេះព្រៃនៅក្នុងខេត្ត Nakhon Nayok។ ហ្វេសប៊ុក
ប្រទេសថៃ៖ កាសែតថៃផ្សាយថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររយៈពេល ៥ ថ្ងៃ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយសាធារណៈរបស់ប្រទេសថៃ (DPDPM) បានប្រកាសថា ក្រុមពន្លត់អគ្គិភ័យបានទទួលជោគជ័យក្នុងយុទ្ធនាការពន្លត់ភ្លើងឆេះព្រៃនៅក្នុងខេត្ត Nakhon Nayok។
ប្រភពដដែលបន្តថា អង្គភាពចំពោះកិច្ចដែលទទួលខុសត្រូវពន្លត់អគ្គិភ័យនៅភ្នំ Khao Laem និងភ្នំមួយចំនួនទៀតក្នុងខេត្ត Nakhon Nayok បានទម្លាក់កម្រិតប្រតិបត្តិការមកនៅត្រឹមថ្នាក់មូលដ្ឋានវិញ ដើម្បីធានាថាភ្លើងឆេះព្រៃនឹងរលត់ទាំងស្រុង។
អាជ្ញាធរថៃបញ្ជាក់ថា ប្រតិបត្តិការពន្លត់អគ្គិភ័យលើកនេះ អាជ្ញាធរប្រើឧទ្ធម្ភាគចក្រចំនួន ៧គ្រឿងរួមនិងយន្តហោះរបស់កងទ័ពអាកាសផងដោយហោះហើរសរុបចំនួន ៥១៦ជើង និងបានប្រើទឹកអស់ប្រមាណជាង៧សែនលីត្រ(៧១៣០០០ លីត្រ)។
អាជ្ញាធរថៃក៏បានប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក(ដ្រូន)ដើម្បីស្វែងរកមើលទីតាំងភ្លើងឆេះងាយស្រួល កំណត់គោលដៅសម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យ។
អាជ្ញាធរនៅទុកឧបករណ៍ពន្លត់អគ្គិភ័យមួយចំនួននៅក្បែរនោះ ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់។
តាមការប៉ាន់ស្ថានពីស្ថាប័នជំនាញ តាមរូបភាពថតពីលើអាកាសនៃភ្នំKhao Cha Phlu, Khao Laem និង Khao Tabaekរកឃើញថា បរិមាណព្រៃឈើដែលរងការខូចខាតដោយសារភ្លើងមានប្រហែល ២៨៩ហិកតា។
កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យនេះ ត្រូវបន្តផ្តោតលើឧទ្យានជាតិ Suthep-Pui ក្នុងខេត្តឈៀងម៉ៃ ។
កាលពីថ្ងៃអាទិត្យ អាជ្ញាធរថៃបានប្រកាសថា អគ្គិ ភ័យចំនួន៣ កន្លែងបានឆាបឆេះនៅក្នុងឧទ្យានជាតិក្នុងខេត្តមួយចំនួននៃប្រទេសថៃ។
អាជ្ញាធរថៃ បានដាក់ពង្រាយឧទ្ធម្ភាគចក្រដើម្បីពន្លត់ភ្លើងព្រមទាំងការពារកុំឱ្យភ្លើងឆេះរាលដាលកាន់តែខ្លាំង។
ប្រធានសមាគមឆ្លើយតបគ្រោះមហន្តរាយថៃលោក Aussawin Romprasert ប្រាប់អ្នកកាសែតថា អាជ្ញាធរ បានប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកធំៗដើម្បីផ្គត់ផ្គង់សម្ភារដល់ក្រុមអ្នកពន្លត់អគ្គិភ័យនៅលើភ្នំ ខណៈដែនដ្រូនតូចត្រូវប្រើសម្រាប់ថតរូបភាពដើម្បីកំណត់ទីតាំងភ្លើងឆេះ។
លោកបានបន្តថា តាមការព្យាករណ៍ពីអ្នកជំនាញ គេរំពឹងថា ភ្លៀងនឹងធ្លាក់នៅខេត្ត Nakhon Nayok ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ការណ៍នេះ នឹងអាចឱ្យអាជ្ញាធរអាចគ្រប់គ្រងភ្លើងនេះបាន៕