ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីអាចនឹងត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស រួមទាំងឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីទៀតផង។
ការលើកឡើងនេះ ស្របទៅនឹងការថ្លែងរបស់ធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ដែលបានប្រកាសឱ្យដឹងកាលពីសប្ដាហ៍មុនថា រុស្ស៊ីគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លីដែលមានកម្លាំងផ្ទុះតូច នៅក្នុងប្រទេសបេឡារុសដែលជាប្រទេសជិតខាងរបស់ខ្លួន។
អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដូចជាក្បាលគ្រាប់មីស៊ីល ដែលលោក Lukashenko បានលើកឡើងក្នុងសុន្ទរកថា គឺជាការគំរាមកំហែងកាន់តែខ្លាំងឡើង ប្រសិនបើទីក្រុងម៉ូស្គូសម្រេចបញ្ជូនអាវុធទាំងអស់នោះទៅកាន់ទឹកដីបេឡារុសពិតមែន។
គួរបញ្ជាក់ថា ទាំងប្រធានាធិបតីបេឡារុស និងប្រធានាធិបតីរុស្ស៊ីតែងតែបានចោទប្រកាន់ថា មហាអំណាចលោក ខាងលិចមានបំណងចង់កម្ទេចប្រទេសរុស្ស៊ី និងបេឡារុស។
មេដឹកនាំបេឡារុសរូបនេះបានលើកឡើងថា ៖ «ប្រសិនបើចាំបាច់ លោកពូទីន និងខ្ញុំ នឹងសម្រេចណែនាំអំពីអាវុធយុទ្ធសាស្ត្រហើយពួកគេត្រូវតែយល់ឱ្យបានច្បាស់អំពីរឿងនេះ។ សព្វថ្ងៃនេះជនបោកប្រាស់នៅបរទេសទាំងអស់នោះកំពុងព្យាយាមបំផ្លាញពួកយើង»។ លោកបន្ថែមថា៖ «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារប្រទេសរបស់យើង រដ្ឋរបស់យើង និងប្រជាជនរបស់ពួកយើង»។
មេដឹកនាំរូបនេះបានបន្ថែម ថា លោកមិនខ្លាចការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសបេឡារុសទេ ដោយលោកបានអះអាងថា ទីក្រុងមីនស្កិ៍ (Minsk) ត្រូវបានបង្ខំឱ្យធ្វើបែបនេះ ពោលគឺដោយសារតែសម្ពាធរបស់លោកខាងលិចដែលមិនធ្លាប់មានពីមុនមក។ លោកក៏បានទទូចថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះមិនបានបំពានលើកិច្ចព្រមព្រៀងអន្តរជាតិឡើយ។
លោកប្រធានាធិបតី Lukashenko ក៏បានបញ្ជាក់ដែរថា ទីក្រុងមីនស្កិ៍ បានរៀបចំខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនតាមរយៈមធ្យោបាយណាមួយដែលចាំបាច់ រួមទាំងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរទៀតផងដែរ។ លោកបានអះអាងថា ការគាំទ្ររបស់លោកខាងលិចចំពោះទីក្រុងកៀវ (Kyiv) បានបង្កើនលទ្ធភាពដល់ការផ្ទុះសង្គ្រាមនុយក្លេអ៊ែរបន្ថែមទៀតហើយកងកម្លាំងពិសេសរបស់បេឡារុសកំពុងឈរជើងនៅតាមព្រំដែនភាគខាងត្បូងជាប់នឹងអ៊ុយក្រែនដើម្បីការពារការបង្កហេតុណាមួយដែលអាចកើតមានឡើង។
យ៉ាងណាក៏ដោយលោកបានអំពាវនាវឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងរដ្ឋាភិបាលក្រុងម៉ូស្គូ និងរដ្ឋាភិបាលក្រុងកៀវ។ លោកបានមានប្រសាសន៍ថា៖ «យើងត្រូវតែបញ្ឈប់ឥឡូវនេះ មុនពេលជម្លោះកាន់តែខ្លាំងផ្ទុះ ឡើង។ ខ្ញុំស្នើឱ្យបញ្ចប់ការសម្លាប់គ្នាបន្ថែមទៀត ហើយសុំឱ្យមានការបង្កើតបទឈប់បាញ់ឡើង»។
ប្រធានាធិបតីដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ ១៩៩៤ រូបនេះបានបន្ថែមថា៖ «ការកសាងទឹកដីឡើងវិញ សន្តិសុខ និងបញ្ហាទាំងអស់គួរតែត្រូវបានដោះស្រាយនៅលើតុចរចាដោយគ្មានលក្ខខណ្ឌ»។
លោកបន្តថា ៖ «ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងផ្កាយរណបរបស់ពួកគេបានបង្កឱ្យកើតមានសង្គ្រាមទ្រង់ទ្រាយធំមួយផ្ទុះឡើង ហើយសង្គ្រាមលោកលើកទី ៣ ជាមួយនឹងភ្លើងអាវុធនុយក្លេអ៊ែរ កំពុងតែឈានជិតមកដល់»។
ដោយឡែក វិមានក្រឹមឡាំងបានបដិសេធការអំពាវនាវរបស់លោក Lukashenko កាលពីថ្ងៃសុក្រ ដែលថា ចង់ឱ្យមានសន្តិភាពឡើងវិញ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យរុស្ស៊ីលោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov)។
អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «គ្មានអ្វីផ្លាស់ប្តូរនៅក្នុងបរិបទអ៊ុយក្រែននោះទេ ហើយប្រតិបត្តិការយោធាពិសេសនឹងនៅតែបន្ត ព្រោះនេះជាមធ្យោបាយតែ ១ គត់ដើម្បីសម្រេចបានគោលដៅដែលរុស្ស៊ីមានសព្វថ្ងៃ»។
គួរឱ្យដឹងដែរថា ប្រទេសបេឡារុសបានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនជាកន្លែងឈរជើងដើម្បីបាញ់បង្ហោះគ្រាប់មីស៊ីល និងធ្វើការវាយលុកទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែរហូតមកដល់ពេលនេះប្រធានាធិបតីបេឡារុសតែងតែបានបដិសេធមិនបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ព្រំដែនអ៊ុយក្រែនទេ៕