មន្ត្រីតាលីបង់ម្នាក់បានឱ្យដឹងថា ស្ថានីយវិទ្យុដែលគ្រប់គ្រងដោយស្ត្រីនៅភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបិទកាលពីសប្ដាហ៍មុន ដោយសារតែវិទ្យុនោះចាក់បទចម្រៀងក្នុងអំឡុងបុណ្យរ៉ាម៉ាដាន។
វិទ្យុ Sadai Banowan (សំឡេងស្ត្រីជាភាសា Dari) គឺជាស្ថានីយវិទ្យុគ្រប់គ្រងដោយស្ត្រីតែ ១ គត់របស់អាហ្វហ្គានីស្ថាន ដែលចាប់ផ្ដើមដំណើរការកាលពី ១០ ឆ្នាំមុន។ វិទ្យុនេះមានបុគ្គលិក ៨ នាក់ ក្នុងនោះ ៦ នាក់ជាស្រ្តី។
លោក Moezuddin Ahmadi នាយកផ្នែកព័ត៌មាន និងវប្បធម៌ក្នុងខេត្ត Badakhshan របស់ក្រុមតាលីបង់ បាននិយាយថា វិទ្យុ SadaiBanowanបានរំលោភលើ «ច្បាប់ និងបទប្បញ្ញត្តិរបស់អ៊ិស្លាមអេមីរ៉ាត» ជាច្រើនដងដោយការចាក់ផ្សាយបទចម្រៀងក្នុងអំឡុងបុណ្យរ៉ាម៉ាដន ហើយត្រូវបិទដោយសារតែការរំលោភបំពាននេះ។
លោក Ahmadi បាននិយាយថា៖ «ប្រសិនបើស្ថានីយវិទ្យុនេះ ទទួលយកគោលនយោបាយរបស់រដ្ឋអ៊ិស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាន ហើយផ្តល់ការធានាថា នឹងមិនធ្វើរឿងបែបនេះម្តងទៀតទេ យើងនឹងអនុញ្ញាតឱ្យវាបើកដំណើរការឡើងវិញ»។
យ៉ាងណាមិញ ប្រធានស្ថានីយ លោកស្រី NajiaSoroshបានបដិសេធថា វិទ្យុមិនបានរំលោភបំពានអ្វីនោះទេ ហើយហៅការបិទថា ជាផែនការរបស់ពួកតាលីបង។ លោកស្រីនិយាយថា ពួកតាលីបង់បានប្រាប់ថា វិទ្យុបានចាប់បទចម្រៀង ប៉ុន្តែ «យើងមិនបានចាក់ផ្សាយចម្រៀងប្រភេទណានោះទេ»។
យោងតាមសមាគមអ្នកកាសែតឯករាជ្យអាហ្វហ្គានីស្ថាន អ្នកសារព័ត៌មានជាច្រើនបានបាត់បង់ការងារបន្ទាប់ពីពួកតាលីបង់ចូលកាន់កាប់ប្រទេសក្នុងខែសីហាឆ្នាំ ២០២១។ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានបិទដោយសារតែខ្វះមូលនិធិ ឬដោយសារតែបុគ្គលិកធ្វើការចាកចេញពីប្រទេស។
ចំណែកឯអ្នកសារព័ត៌មានក្នុងស្រុកអាហ្វហ្គានីស្ថាន ដែលបដិសេធមិនគោរពតាមគោលនយោបាយរបស់ពួកតាលី បង់ ត្រូវបានចាប់ខ្លួន ហើយខ្លះរងការរំលោភបំពាន និងធ្វើទារុណកម្មក៏មាន។ កន្លងមក តាលីបង់បានបិទសិទ្ធិស្រ្តីពីការងារជាច្រើន រួមទាំងមិនឱ្យចូលរៀនលើសពីថ្នាក់ទី៦ និងសាកលវិទ្យាល័យផងដែរ។ យ៉ាងណាមិញ មិនមានការហាមឃាត់មិនឱ្យស្ដាប់ចម្រៀងជាផ្លូវការនោះទេ៕