អគ្គលេខាធិការ​អង្គការណាតូ ​លោក Jens Stoltenberg ​បានលើកឡើងថា​ នៅថ្ងៃទី៤ ​ខែ​មេសា​ ប្រទេស​ហ្វាំងឡង់​ ​ក្លាយជា​សមាជិកទី៣១​ នៃ​អង្គការសម្ព័ន្ធ​មិត្ត​យោធាដ៏ធំ​បំផុត​នៅលើ​ពិភពលោក​។ ការណ៍នេះ ​បា​នជំរុញឱ្យ​រុស្ស៊ី​ធ្វើ​កា​​រព្រមានថា ​ខ្លួននឹង​ពង្រឹង​ការការពារ​នៅ​តាម​ព្រំដែន​បន្ថែមទៀត​ ប្រសិន​បើ​អង្គ​ការណាតូ​ហ៊ានដាក់​ពង្រាយ​កងទ័ព​ទៅក្នុង​ប្រទេស​សមាជិក​ថ្មីនេះ។​​

លោក Stoltenberg បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅមុន​ថ្ងៃ​នៃ​កិច្ចប្រជុំរ​ដ្ឋមន្ត្រីការបរទេ​សមក​ពី​បណ្ដា​ប្រទេស​សមា ជិក​អង្គការណាតូ​នៅទី​ក្រុងប្រ៊ុចសែល​ ប្រទេស​បែលហ្ស៊ិកថា​ «សប្តាហ៍នេះ​នឹងក្លាយ​ជា​ព្រឹត្តិការណ៍ ​ប្រវត្តិសាស្ត្រ»​។

លោកបន្តថា «ចាប់​ពីថ្ងៃ​អង្គារទៅ​ ប្រទេស​ហ្វាំងឡង់​នឹងក្លាយ​ជា​សមាជិក​ពេញលេញ​នៃ​អង្គការ​សម្ព័ន្ធភាព​ណាតូ​»។ លោកក៏បានសង្ឃឹម​ផងដែរ​ថា ប្រទេស​ស៊ុយអែត​នឹង​អាច​ចូល​ជា​សមាជិកអង្គការ​ណាតូ​នៅប៉ុន្មាន​ខែ​ខាង​មុខ​នេះ។​

នៅរសៀល​ថ្ងៃអង្គារ ​អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេសន័រវែស​ បានថ្លែងថា​ «យើង​នឹងលើក​ទង់ជាតិ​របស់ប្រទេស​ហ្វាំងឡង់ជា​លើកដំបូង​នៅទីនេះ ​គឺ​ទីស្នាក់ការ​អង្គការណាតូ។

វានឹង​ក្លាយជាថ្ងៃ​ដ៏ល្អមួយ​សម្រាប់​សន្តិសុខ​របស់​ប្រទេស​ហ្វាំងឡង់ ​សន្តិសុខ​ប្រទេសក្នុង​តំបន់​ណ័រ​ឌិក​ (Nordic countries) និង​ដើម្បីអ​ង្គការណាតូ​ទាំងមូល​។​

អគ្គលេខាធិការ​អង្គការណា​តូ​ ក៏​បាន​រំលេច​ដែរថា​ «ប្រទេស​តួកគី​ដែលជា​ប្រទេស​ចុងក្រោយ​ដែលបាន​ផ្តល់​សច្ចាប័ន​លើ​សមាជិកភាព​របស់​ប្រទេស​ហ្វាំងឡង់ ​នឹង​ប្រគល់​លិខិតផ្លូវការ​របស់ខ្លួន​ជូន​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋអាមេរិក​លោក អង់តូនី ប្ល៊ីនកែន​ (Antony Blinken) ​នៅថ្ងៃ​អង្គារនេះ​។

លោក Stoltenberg ក៏​បានបញ្ជាក់​បន្ថែមដែរថា ​លោកនឹង​ធ្វើការ​អញ្ជើញ​ភាគី​ហ្វាំងឡង់​ឱ្យ​ធ្វើដូចគ្នា​ផងដែរ​។ គួរ​ដឹងដែរថា ​ប្រធានាធិបតី​ប្រទេស​ហ្វាំងឡង់ ​លោក Sauli Niinistö ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ Antti Kaikkonen និង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ លោក​ PekkaHaavisto​ ក៏នឹង​ចូលរួម​ក្នុង​ពិធីនេះ​ជា​មួយគ្នាផ​ងដែរ​។​

«វា​គឺជា​ពេលវេលា​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ពួក​យើង។​ សម្រាប់​ប្រទេស​ហ្វាំងឡង់​ គោល​បំណង​ដ៏​សំខាន់​បំផុត​នៅក្នុង​កិច្ច​ប្រជុំនេះ ​គឺ​ដើម្បី​បញ្ជាក់ពី​ការគាំ​ទ្រ​របស់​អង្គការ​ណាតូ​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ដែល​រុស្ស៊ី​ កំពុង​បន្តធ្វើការ​ឈ្លានពាន​ដោយ​ខុសច្បាប់»។​ នេះជា​ប្រសាសន៍​របស់​លោក​ Haavisto​ ដែល​បានលើក​ឡើងនៅក្នុ​ង​សេចក្តី​ថ្លែង​ការណ៍​មួយ​។​

លោក​បាន​បញ្ជាក់​បន្ថែមថា៖​«យើងនឹង​ធ្វើគ្រប់​មធ្យោបាយ​ដើម្បី​លើក​កម្ពស់​ស្ថិរភាព​ និង​សន្តិសុខ​នៅ​ទូទាំង​តំបន់​អឺរ៉ុប និង​អាមេរិក​ខាងជើង ​ឬ​ហៅថា​តំបន់​អឺរ៉ូ​អាត្លង់ទិក​(Euro-Atlantic)។​

យ៉ាងណាក៏ដោយ ​អនុ​រដ្ឋមន្ត្រី​ការ​បរទេសរុស្ស៊ី ​លោក ​Alexander Grushko ​បាន​ព្រមានថា​ «ទីក្រុងម៉ូ​ស្គូ​នឹង​ឆ្លើយតប​ទៅនឹងការ​ដែល​ប្រទេស​ហ្វាំងឡង់​បា​នក្លាយជា​សមាជិក​របស់​អង្គការណាតូ​ តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ការពាររបស់​ខ្លួន​បន្ថែមទៀត ​ប្រសិន​បើ​កាលៈទេសៈ​ចាំ​បាច់​ឈាន​មកដល់​»។

លោក ​Grushko​ បាន​ថ្លែងនៅ​ក្នុង​សុន្ទរកថា​ដែលធ្វើ​ឡើងដោយ​ទីភ្នាក់ងារ​ ព័ត៌មាន​រុស្ស៊ីមួយ​ឈ្មោះថា ​RIA Novosti ថា «យើងនឹង​ពង្រឹង​សក្តានុ​ពលយោធា​របស់​យើងនៅ​ភាគខាង​លិច ​និង​នៅ​ភាគ​ពាយ័ព្យ។​

ក្នុង​ករណី​ដែល​អង្គការណាតូ​ដាក់​ពង្រាយ​កងកម្លាំង​របស់ពួកគេ​នៅលើ​ទឹកដី​ប្រទេស​ហ្វាំងឡង់​ យើងនឹង​ចាត់​វិធាន​ការ​បន្ថែមទៀត​ ដើម្បី​អាច​ធានា​បាន​នូវ​សន្តិសុខ​យោធា​របស់រុស្ស៊ី​»។​

គួរ​កត់​សម្គាល់ថា ​នាយក​រដ្ឋ​មន្ត្រីឆ្វេង​និយម ​លោក​ស្រី ​សាន​ ម៉ារីន (Sanna​ Marin)​ បាន​ទទួល​ជោគជ័យ​ក្នុងការ​ដែល​បាន​ដឹកនាំ​ប្រទេស​ហ្វាំងឡង់​ឱ្យ​ចូលជា​សមាជិក​អង្គការ​ណាតូ​ ប៉ុន្តែ​លោក​ស្រី​បាន​បាត់បង់​ឱកាស​ក្នុង​ការ​បន្តដឹក​មួយ​អាណត្តិ​ទៀត​ដោយ​បាន​ចាញ់ឆ្នោត​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ​ប៉ុន្តែការ​ចូលជា​សមាជិក​អង្គការណាតូ​ទទួល​បា​​ន​ការ​គាំទ្រ​ទូទាំង​ប្រទេស ​ហើយក៏មិន​ត្រូវបាន​គេមើលឃើញ​ថា​ជា​មូលហេតុ​នៃ​ការ​ចាញ់ឆ្នោត​របស់​លោកស្រី​នោះទេ​។​

កន្លងមក​សម្ព័ន្ធមិត្ត​ទាំង​ ៣០​ប្រទេស​របស់​អង្គការណាតូ​ បាន​ចុះ​ហត្ថលេខា​លើពិធី​សារ​សុំ​ចូលជា​សមាជិក​របស់​ហ្វាំងឡង់​ និង​ស៊ុយអែត ​រួចមក​ហើយ ​ប៉ុន្តែ​ប្រទេស​តួកគី​ និង​ប្រទេសហុង​គ្រីបាន​ពន្យារ​ពេល​ដំណើរ​ការពិធី​សារនោះ​អស់ជា​ច្រើនខែ​ តែ​ទីបំផុត​ក៏​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​ហ្វាំងឡង់​ចូលជា​សមាជិក​បាន​សម្រេច។​

ប្រទេស​តួកគី​តែងតែ​បាន​ស្វែងរកកា​រធានាពី​សំណាក់​ប្រទេស​ទាំង២ ​ជាពិសេស​លើការ​ដោះស្រាយ​បញ្ហាជ្រុល​និយម​នៅក្នុង​ប្រទេស​របស់​ពួកគេ។ ​ដោយឡែក ​ប្រទេស​ហុងគ្រី​ ហាក់ដូច​ជាមិន​បាន​លើក​ឡើង​ឱ្យបាន​ច្បាស់ពី​ការ​ទាមទារ​របស់​ខ្លួននោះទេ​។​

ជា​គោលការណ៍ ​ការ​ចូលជា​សមាជិក​ថ្មី​របស់​អង្គការណាតូ ​គឺ​តម្រូវឱ្យ​មានការ​យល់ព្រម​ជា​ឯកច្ឆន្ទ​ពី​សមាជិក​ទាំងអស់​ ហើយ​សមាជិក​ភាគច្រើន​មាន​បំណងចង់ឱ្យ​ប្រទេសស៊ុយអែត ​ចូលជា​សមាជិក​ឱ្យបាន​មុនពេល ​ដែល​ប្រធានាធិបតី​ស​ហ​រដ្ឋ​អាមេរិក លោក ​ចូ ​បៃដិន ​(Joe Biden) និង​សមភាគី​សម្ព័ន្ធមិត្ត ​រៀបចំ​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី​វីលនីញូស (Vilnius)​ ប្រទេស​លីទុយអានី ​នៅថ្ងៃទី១១ ​និង​ទី១២ ​ខែ​កក្កដា​ខាងមុខនេះ​។ ​

លោក ​Stoltenberg ​បាន​លើកឡើងថា ​«ស៊ុយអែត​ មិនត្រូវ​បានទុក​ឱ្យ​នៅម្នាក់​ឯងនោះទេ​ ហើយ​ស៊ុយអែត​ ជា​ប្រទេស​ដែលមាន​ភាព​ជិតស្និទ្ធ​ដូចទៅ​នឹង​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​ណាតូ​ទៅហើយ​»។ ​បន្ថែម​លើនេះ​ លោក​ក៏​បានជំរុញ​ឱ្យ​ប្រទេស​តួកគី​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​ចូលជា​សមាជិក​របស់​ប្រទេសនេះ​ឱ្យ​បាន​ឆាប់​រហ័ស​ផងដែរ​៕