
លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អុីប្រាហ៊ីម។ AFP
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ទីក្រុងប៉េកាំងបានសម្តែងក្ដីព្រួយបារម្ភអំពីសកម្ម ភាពរបស់ក្រុមហ៊ុនរដ្ឋម៉ាឡេស៊ី Petronas នៅសមុទ្រចិនខាងត្បូង ទោះបីជាទីគូឡាឡាំពួ ជឿថា គម្រោងទាំងនោះស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ខ្លួនក៏ដោយ។
ការបញ្ជាក់របស់លោក អាន់វ៉ា បែបនេះធ្វើឡើងនៅថ្ងៃទី៤ ខែមេសា បន្ទាប់ពីលោកបានបើកការចរចាជាមួយប្រទេសចិន កាលពីដើមសប្តាហ៍នេះ លើករណីដែលក្រុមថាមពលរបស់ប្រទេសម៉ាឡេស៊ី កំពុងប្រតិបត្តិការនៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង។
គេដឹងជាទូទៅថា ប្រទេសចិន ធ្លាប់ទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល និងកំពុងមានជម្លោះជាមួយប្រទេសក្នុងតំបន់រួមមាន ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម អំពីបញ្ហាអធិបតេយ្យភាពដែនទឹកនេះ។
ក្រុមហ៊ុន Petronas ប្រតិបត្តិការតំបន់ប្រេង និងឧស្ម័ននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសម៉ាឡេស៊ី។
ឆ្លើយនឹងសំណួរជុំវិញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចំពោះមុខសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភថា៖ «ក្រុមហ៊ុន Petronas បានធ្វើសកម្មភាព នៅក្នុងតំបន់ដែនទឹកដែលត្រូវបានទាមទារដោយប្រទេសចិន»។
លោក អាន់វ៉ា បាននិយាយថា ៖«ខ្ញុំបានសង្កត់ធ្ងន់ ... ថាម៉ាឡេស៊ីដឹងថា តំបន់នេះ ជាទឹកដីរបស់ម៉ាឡេស៊ី ដូច្នេះក្រុមហ៊ុន Petronas នឹងបន្តសកម្មភាពរុករករបស់ខ្លួននៅទីនោះ»។
ប៉ុន្តែម៉ាឡេស៊ី បើកចំហសម្រាប់ការចរចា ប្រសិនបើចិន យល់ថា តំបន់នោះជាកម្មសិទ្ធិរបស់ពួកគេ។ លោកអាន់វ៉ា បាននិយាយថា ផ្អែកលើយន្តការអាស៊ាន ការទាមទារត្រួតស៊ីគ្នា គួរតែត្រូវបានដោះស្រាយដោយការចរចា។
Petronas បដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំណែកឯស្ថានទូតចិន នៅទីក្រុងគូឡាឡាំពួ មិនអាចរកការអធិប្បាយបានភ្លាមៗទេ។
កាលពីសប្តាហ៍មុន ស្ថាប័នមួយរបស់អាមេរិក ដែលមានឈ្មោះថា អង្គការគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី (AMTI) បាននិយាយថា នាវាឆ្មាំឆ្នេរសមុទ្ររបស់ចិនបានបើកបរធ្វើនាវាចរណ៍នៅទីតាំងអភិវឌ្ឍន៍ឧស្ម័ន Kasawari របស់ក្រុមហ៊ុន Petronas។
នាវាឆ្មាំសមុទ្រចិនបានបើកចូលទៅកៀកតំបន់នៅទីតាំងអភិវឌ្ឍន៍ឧស្ម័ន Kasawari ត្រឹមតែចម្ងាយជាង២គីឡូ ម៉ែត្រប៉ុណ្ណោះ។ AMTI បាននិយាយថា កប៉ាល់កងទ័ពជើងទឹកម៉ាឡេស៊ី មួយស្ថិតនៅក្នុងតំបនោះ។
ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទបាននិយាយថា ពួកគេមិនបានដឹងអំពីឧបទ្ទវហេតុជាក់លាក់នេះទេ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បាននិយាយថា ចិនជឿជាក់ថា កប៉ាល់របស់ខ្លួនស្ថិតនៅក្នុងដែនទឹកអន្តរ ជាតិ។លោក អាន់វ៉ាបាននិយាយថា ក្រសួងការបរទេសម៉ាឡេស៊ីនឹងចេញលិខិតតវ៉ាប្រសិនបើមាន «ការប៉ះទង្គិចគ្នា» រវាងនាវាម៉ាឡេស៊ី និងចិននៅទីនោះ៕