ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ជាការវាយប្រហារលើកទី៤ ទៅលើតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសដែលហែកហួរដោយសង្គ្រាមនេះ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។
ក្នុងអំឡុងពេលជាង ១ ទសវត្សរ៍នៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសរាប់រយដងទៅលើទឹកដីស៊ីរី ដោយផ្តោតសំខាន់ទៅលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធហេសបូឡាលីបង់ និងទីតាំងឈរជើងរបស់កងទ័ពស៊ីរី។
ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បាននិយាយថា៖ ប្រព័ន្ធការពារដែនអាកាសរបស់យើង បានស្ទាក់ចាប់គោលដៅអរិភាពនៅក្នុងដែនអាកាសទីក្រុងដាម៉ាស ដោយសំដៅទៅលើមីស៊ីលរបស់អ៊ីស្រាអែល។
ទីភ្នាក់ងារនេះ បានរាយការណ៍ថា៖ «ការផ្ទុះមួយត្រូវបានឮនៅក្នុងតំបន់ជុំវិញទីក្រុងដាម៉ាស»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា៖ «មីស៊ីលអ៊ីស្រាអែល បានកំណត់គោលដៅលើតំបន់អាកាសយានដ្ឋានអន្តរជាតិដាម៉ាស បរិវេណអ៊ីរ៉ង់នៅជិតតំបន់ Sayyidah Zeinab និងទីតាំង ១ ទៀតនៅក្នុងទីក្រុង alKiswah។
ក្រុមឃ្លាំមើលនោះ បានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរី បានស្ទាក់ចាប់មីស៊ីលយ៉ាងតិច ២ គ្រាប់។
កាលពីថ្ងៃអាទិត្យ ក្រុមសកម្មប្រយុទ្ធដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ២ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើគោលដៅនានាក្នុងប្រទេសស៊ីរី។ នេះបើយោងតាមក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសជាមួយនឹងបណ្តាញ ជាច្រើននៅក្នុងប្រទេសដោយ SANA បានរាយការណ៍ថា ទាហានស៊ីរី ៥ នាក់ បានរងរបួស។
អ៊ីស្រាអែល បានវាយប្រហារនៅព្រឹកថ្ងៃអាទិត្យ នៅជិតទីក្រុងហូមស៍ ភាគខាងលិចប្រទេសស៊ីរី ក្រោយពីវាយប្រហាររដ្ឋធានីស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ។
ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដ៏កម្រមួយ បានធ្វើឱ្យកក្រើកទីក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យ ដោយមិនមានអ្នកស្លាប់ និងគ្មានភាគីណា ១ ទទួលខុសត្រូវឡើយ៕