
លោកប្រធានាធិបតី វ៉ុលឌីមៀរ ហ្សេលេនស្គី ថ្លែងកាលពីថ្ងៃទី ៣ មេសា។ AFP
អាមេរិក៖ កាលពីថ្ងៃទី ៤ ខែមេសា ក្រសួងការពារជាតិអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកបង្ហាញពីជំនួយយោ ធាជាថ្មីដែលមានតម្លៃ ២ ពាន់ ៦ រយលានដុល្លារ សម្រាប់ជួយអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងកងទ័ពរុស្ស៊ី។ ជំនួយទាំងនោះរួមមានរ៉ាដាឃ្លាំមើលពីលើអាកាស កាំជ្រួចប្រឆាំងរថក្រោះ និងរថយន្តដឹកប្រេង ជាដើម។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់សហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិក អាចការពារតម្លៃរបស់ខ្លួនតាមរយៈការជួយអ៊ុយក្រែន។
លោក Zelenskyy បានលើកឡើងក្នុងវីដេអូមួយថា៖«រឿងសំខាន់ គឺមិនត្រូវឱ្យខាតពេល មិនត្រូវឱ្យបាត់បង់ឱកាសដែលយើងមាន។ ធ្វើសកម្មភាពឥឡូវនេះ ជួយឥឡូវនេះ»។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បាននិយាយថា ស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងវ៉ាស៊ីនតោន បានប្រតិកម្មទៅនឹងសេចក្តីប្រកាសផ្ដល់ជំនួយនេះ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាចង់អូសទាញជម្លោះឱ្យបានយូរតាមដែលអាចធ្វើទៅបាន។
សេចក្ដីថ្លែងការណ៍របស់ទូតរុស្ស៊ី បានលើកឡើងថាការសម្រេចចិត្តផ្គត់ផ្គង់សព្វាវុធរបស់អាមរិក ដល់ទីក្រុង Kyiv គឺស្មើនឹងការចិញ្ចឹមសង្គ្រាមនាំឱ្យមានជនស៊ីវិលកាន់តែច្រើនឡើងបាត់បង់អាយុជីវិត។
កញ្ចប់ជំនួយសព្វាវុធនេះអាមេរិកយកមកពីមូលនិធិជំនួយសន្តិសុខអ៊ុយក្រែន (USAI)ដែលមានទឹកប្រាក់២ពាន់១រយលានដុល្លារ ដែលជាកញ្ចប់លុយសម្រាប់ឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ទិញអាវុធពីឧស្សាហកម្មផលិតអាវុធរបស់អាមេរិក ជាជាងយកអាវុធពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកទៅជួយអ៊ុយក្រែន។
កញ្ចប់ USAI រួមមានគ្រាប់បែកបន្ថែមសម្រាប់ប្រព័ន្ធការពារដែនអាកាស គ្រាប់រ៉ុក្កែត GRAD សម័យសូវៀតគ្រាប់ រ៉ុក្កែតប្រឆាំងរថក្រោះ ប្រព័ន្ធរថពាសដែកដែលប្រើក្នុងការវាយលុក និងរថយន្តដឹងឥន្ធនៈចំនួន ១០៥គ្រឿងរួមទាំងថវិកាបន្ថែមផង សម្រាប់ការបណ្តុះបណ្តាល និងថែទាំ។
ចំណែកឯទឹកប្រាក់ចំនួន ៥រយលានដុល្លារអាមេរិកដែលនៅសេសសល់បានមកពីមូលនិធិរបស់អាជ្ញាធរ Drawdown របស់ប្រធានាធិបតី ដែលអនុញ្ញាតឱ្យប្រធានាធិបតីយកចេញពីចំណែកថវិការបស់អាមេរិកដែលប្រើសម្រាប់គ្រាអា សន្ន។
កាលពីខែមុន រថក្រោះប្រយុទ្ធ Leopard 2របស់អាល្លឺម៉ង់ និងព័រទុយហ្គាល់ បានទៅដល់អ៊ុយក្រែនហើយ។
គិតមកដល់បច្ចុប្បន្ននេះសហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសន្តិសុខច្រើនជាង៣៥ពាន់ពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងរុស្ស៊ីទន្ទ្រានដីអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២រួចមក៕