អង្គការសហប្រជាជាតិ (អ. ស.ប.) បានប្រាប់បុគ្គលិកនៅអាហ្វហ្គានីស្ថានប្រហែល ៣ ៣០០ នាក់ ឱ្យនៅផ្ទះ ហើយផ្អាកធ្វើការរយៈពេល ២ ថ្ងៃ បន្ទាប់ពីអាជ្ញាធរតាលីបង់បានផ្តល់សញ្ញាកាលពីថ្ងៃអង្គារថា ពួកគេនឹងអនុវត្តការហាមឃាត់មិនឱ្យស្ដ្រីរបស់ស្ថាប័ននេះធ្វើការ។
អ្នកនាំពាក្យអ.ស.ប. លោក ស្តេហ្វិន ឌូចារិក (Stephane Dujarric) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កនៅថ្ងៃអង្គារទី ៤ ខែមេសាថា មន្ត្រី អ.ស.ប.នៅអាហ្វហ្គានីស្ថាន «បានទទួលពាក្យបញ្ជាដោយអាជ្ញាធរ (តាលីបង់) ផ្ទាល់ ដែលហាមឃាត់បុគ្គលិកជាតិជាស្ត្រីនៃ អង្គការសហប្រជាជាតិមិនឱ្យធ្វើការ»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក ឌូចារិក បាននិយាយថាអ.ស.ប. កំពុងពិនិត្យមើលផលប៉ះពាល់ ហើយនឹងជួបជាមួយមន្ត្រីក្រសួងការបរទេសអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុលនាថ្ងៃពុធ ដើម្បីស្វែងរកភាពច្បាស់លាស់បន្ថែមទៀត។
បច្ចុប្បន្ននេះ ស្ត្រីអាហ្វហ្គានីស្ថានប្រមាណ ៤០០ នាក់ កំពុងបម្រើការឱ្យអ.ស.ប.។ ប្រភព ២ រូបពីអ.ស.ប. បានប្រាប់រ៉យទ័រថា ការបារម្ភលើការអនុវត្តច្បាប់បានជំរុញឱ្យអង្គការសុំឱ្យបុគ្គលិកទាំងអស់ ទាំងប្រុសទាំងស្រី កុំឱ្យមកធ្វើការរយៈពេល៤៨ម៉ោង ពោលគឺនៅថ្ងៃពុធ និងព្រហស្បតិ៍។ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ជាធម្មតាជាថ្ងៃចុងសប្តាហ៍នៅអាហ្វហ្គានីស្ថានដែលមានន័យថា បុគ្គលិករបស់អ.ស.ប. នឹងចូលធ្វើការវិញនៅថ្ងៃអាទិត្យ។
កាលពីព្រឹកថ្ងៃអង្គារ បេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន (UNAMA) បានសម្តែងការព្រួយបារម្ភថា បុគ្គលិកជាស្ត្រីនៅក្នុងខេត្ត Nangarhar ត្រូវបានបញ្ឈប់មិនឱ្យទៅធ្វើការ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេសបានថ្កោលទោសការអនុវត្តបម្រាមលើស្ត្រីនៅខេត្តភាគខាងកើតមួយនេះ ដោយបង្ហោះសារនៅលើបណ្ដាញសង្គមធ្វីតធើរថា៖ «ប្រសិនបើវិធានការនេះមិនត្រូវបានផ្លាស់ប្តូរទេនោះ វានឹងធ្វើឱ្យខូចសមត្ថភាពរបស់យើងក្នុងការផ្តល់ជំនួយសង្គ្រោះជីវិតដល់ប្រជាជនដែលត្រូវការវាដោយចៀសមិនរួច»។
បន្ថែមពីលើនេះ លោក ឌូចារិក បាននិយាយថា បុគ្គលិកជាស្ត្រីរបស់អង្គការមានភាពចាំបាច់ណាស់ក្នុងការផ្តល់ជំនួយសង្គ្រោះជីវិត ហើយបន្ថែមថា មនុស្សប្រហែល ២៣ លាននាក់ដែលច្រើនជាងពាក់កណ្តាល នៃចំនួនប្រជាជនអាហ្វហ្គានីស្ថាន កំពុងត្រូវការជំនួយមនុស្សធម៌។
ជុំវិញបញ្ហាដដែលនេះគេមិនឃើញមានរដ្ឋបាលរបស់ពួកតាលីបង់ចេញការបកស្រាយយ៉ាងណាទេ ខណៈនាពេលកន្លងមកស្ត្រីត្រូវបានហាមឃាត់មិនឱ្យធ្វើការជាច្រើនមុខក៏ដូចជាមិនឱ្យចូលរៀននៅសាកលវិទ្យាល័យជាដើម។ តាលីបង់ ដែលឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ ២០២១ ចេញការរឹតត្បិតសិទ្ធិស្ត្រី ដោយអនុលោមតាមការបកស្រាយច្បាប់អ៊ិស្លាមយ៉ាងតឹងរ៉ឹងរបស់ខ្លួន។
គួររំឭកថា កាលពីខែធ្នូ អាជ្ញាធរតាលីបង់បានបញ្ឈប់បុគ្គលិកជាស្ត្រីដែលធ្វើការខាងជំនួយមនុស្សធម៌ភាគច្រើនមិនឱ្យធ្វើការ ដែលធ្វើឱ្យមានការលំបាកបន្ថែមទៀតក្នុងការផ្ដល់ជំនួយជាពិសេសស្ត្រី និងអាចនាំឱ្យម្ចាស់បិទការផ្តល់មូលនិធិ។
យ៉ាងណាមិញការរឹតបន្តឹងកាលពីលើកនោះ មិនបានអនុវត្តចំពោះអ.ស.ប. និងអង្គការអន្តរជាតិមួយចំនួនទៀតទេ៕