នៅ​ពេលបញ្ជូន​​ទ័ព​ឱ្យ​​​​​​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​កាល​ពីជាង ១ ​​​ឆ្នាំ​​​មុន​ រុស្ស៊ី​បាន​​ប្រើ​​ហេតុ​ផល​​ជា​ច្រើន​ ដើម្បី​បង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​សកម្មភាព​យោធា​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ ​ដែល​ខ្លួន​ហៅ​ថា​ «ប្រតិបត្តិការ​យោធា​ពិសេស​»។

ហេតុ​ផល​ ឬ​លេស​មួយ​ក្នុង​ចំណោម​នោះ​ គឺ​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​​របស់​រុស្ស៊ី​ ដែល​រង​ការ​គំរាម​កំហែង​ដោយ​សារ​តែ​ «ការ​ពង្រីក​ខ្លួន» ​ទៅ​​ភាគ​ខាង​កើត​របស់​​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ឬ​ណាតូ​ ដែល​ជា​សម្ព័ន្ធ​ភាព​យោធា​​។

ជាង​១​ឆ្នាំ​ក្រោយ​មក​ ​​ការ​រំលោភ​លើ​ដែន​ដី​អធិបតេយ្យភាព​របស់​​អ៊ុយក្រែន​​ដែល​ជា​ប្រទេស​ក្បែរ​ខាង​របស់​រុស្ស៊ី​ បែរ​ជា​បង្កើត​លទ្ធផល​ផ្ទុយ​ពី​មហិច្ឆតា​​របស់វិមាន​ក្រឹម​ឡាំង​ទៅ​វិញ​ ពោល​គឺ​ការ​​​បង្កើន​នូវ​​​អ្វី​ដែល​ក្រុង​មូស្គូ​​តែង​តែ​​ទទូច​មិន​ដាក់​ពី​មាត់នា​ពេល​កន្លង​មក​​ថាជា​ «​ការ​​​គំរាម​កំហែង​សន្តិសុខ»។

​ ប្រទេស​ហ្វាំង​ឡង់​ដែល​ជា​អ្នក​ជិត​ខាង​របស់​រុស្ស៊ី​​មួយ​ទៀត​​ បាន​សម្រេច​ចិត្ត​ទម្លាក់​ចោល​គោលនយោ បាយ​អព្យាក្រឹត​របស់​ខ្លួន​ និង​រត់​ទៅ​ចាប់យក​​ខែលថ្មី ​ដើម្បី​​ការពារ​ខ្លួន​ឱ្យ​មាន​សុវត្ថិភាពជាង​មុន​​​។ ខែល​នោះ​គឺ​ សមាជិក​ភាព​ទី​៣១​ ​​នៃ​អង្គការ​យោធា​ណាតូ​ ដែល​ហ្វាំង​ឡង់​ទទួល​បាន​ពេញ​សិទ្ធិ​កាល​ពី​ថ្ងៃ​អង្គារ ទី​៤ ខែ​មេសា​​។

ការ​​ចូល​ជា​សមាជិក​ពេញ​លេញ​​​របស់​ហ្វាំង​ឡង់​​​ គឺ​​ជា​របត់​​ភូមិ​សាស្រ្ត​នយោបាយ​ដ៏​សំខាន់​ ដែល​គេ​អាច​​ចាត់​ទុក​​ថា​ ជា​ជ័យជម្នះ​មួយ​សម្រាប់​សម្ព័ន្ធ​ភាព​យោធា​របស់​លោក​ខាង​លិច​ និង​ជា​ការ​ខក​​បំណង ឬ​ការ​ចាញ់​ជា​យុទ្ធសាស្រ្ត​​​សម្រាប់​រុស្ស៊ី​ ដែល​មាន​ព្រំដែន​ជាប់​ហ្វាំង​ឡង់​ជាង​ ១ ៣០០ គីឡូម៉ែត្រ​។

ឥឡូវ​នេះ​ ​ណាតូ​បាន​ពង្រីក​ព្រំដែន​របស់​ខ្លួន​កាន់​តែ​វែង​​ជាប់​​រុស្ស៊ី​ និង​មាន​ប្រទេស​ដែល​មាន​​​យោធា​រឹង​មាំ​ និង​ប្រវត្តិ​ទប់​ទល់​ប្រឆាំង​​រុស្ស៊ី​ដ៏​ស្វិត​ស្វាញ​​ ក្លាយ​ជា​បក្ស​ពួក​​។ ​យ៉ាង​ណា​មិញ​ ការ​ប្តេជ្ញា​ចិត្ត​របស់​សម្ព័ន្ធ​ភាព​​ ចំពោះ​ការ​ការពារ​​​​ជា​​សមូហភាព​​ កាន់​តែ​ធំ​​ជាង​មុន​​។ ​ប្រសិន​បើ​ហ្វាំងឡង់​​​រង​ការ​វាយ​ប្រហារ​ដូច​អ៊ុយក្រែន​ រដ្ឋ​សមាជិក​ទាំង​អស់​នឹង​​លូក​ដៃ​ជួយ​ ក្រោម​មាត្រា​​ទី​៥​​របស់​ណាតូ​ ដែល​​កំណត់​ថា​ ការ​វាយ​ប្រហារ​លើ​រដ្ឋ​ណាមួយ​ គឺ​ជា​ការ​វាយ​ប្រហារ​សមាជិក​ណាតូ​ទាំង​មូល​។​

អគ្គ​លេខាធិការ​អង្គការ​ណាតូ​ លោក​ ជេន ស្តូលថេនប៊ឺក ​ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា៖ «​​ប្រធានាធិបតី​[រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ] ពូទីន​​ ​ធ្វើ​សង្រ្គាម​ជាមួយ​អ៊ុយក្រែន​​ដោយ​មាន​គោល​បំណង​ច្បាស់​លាស់​នោះ​ គឺ​ការ​ឱ្យ​​ណាតូ​នៅ​តូច​។ ​ប៉ុន្តែ​លោក​បាន​ទទួល​អ្វី​ដែល​ផ្ទុយ​​ខ្លាំង​ទៅ​​វិញ​»។

លោក​ ស្តូលថេនប៊ឺក​ ​ បន្ត​ថា​ ​​ហ្វាំងឡង់បាន​​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិរបស់​ណាតូ​​​។ លោក​បន្ត​ថា​​៖​«​​ហ្វាំងឡង់​​មាន​សុវត្ថិភាព​ និង​​​រឹង​មាំជាង​មុន​​​ហើយ​យើង​ទាំង​អស់​ក៏​កាន់​តែ​មាន​សុវត្ថិភាព​​​»។ ​​

បើ​តាម​មន្រ្តី​លោក​ខាង​លិច​ រួម​ទាំង​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន​ ​​សមាជិកភាព​​​ណាតូ​របស់​​ហ្វាំងឡង់​ គឺ​ជា​សារ​ទៅ​កាន់​លោក​ ពូទីន​ ថា​ រុស្ស៊ី​មិន​អាច​សម្រេច​បាន​គោល​បំណង​ «​បែង​ចែក​អឺរ៉ុប​ និង​ណាតូ​» ដែល​លោក​គិត​ក្រោយ​​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​​​នោះ​ទេ​ ដោយ​មាន​តែ​ធ្វើ​ឱ្យ​សម្ព័ន្ធ​ភាព​របស់​លោក​ខាង​លិច​ និង​ណាតូ​កាន់តែ​រឹង​មាំ​ទៅ​វិញ​​។

ចំណែក​ឯ​​ប្រធានាធិបតី​​ហ្វាំងឡង់​ លោក​​ ស៊ូលី​ នីនីស្តូ​(Sauli Niinisto)​ ​ក្នុងពេលចូល​​រួម​​​​ខួប​លើកទី៧៤ ​ឆ្នាំ​​​របស់​ណាតូ​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ដែល​ហ្វាំងឡង់​ទទួល​បាន​សមាជិក​ភាព​ បាន​ប្រកាស​ឡើង​​ថា​៖​«​វា​​​ជា​​ថ្ងៃ​​​ដ៏​​អស្ចារ្យ​​សម្រាប់​​ហ្វាំងឡង់»។ លោក​បន្ថែម​ថា​ ​​រុស្ស៊ី​បាន​ព្យាយាម​រឹត​បន្តឹង​សេរីភាព​ក្នុង​ការ​ជ្រើស​រើស​របស់​ហ្វាំងឡង់​និង​​​ព្យាយាម​​ដាក់​ឥទ្ធិពល​​លើ​ហ្វាំងឡង់។

គួរ​គូស​បញ្ជាក់​ថា​ ហ្វាំង​ឡង់​គឺ​ជា​ប្រទេស​ដែល​មាន​យោធា​ដ៏​​ខ្លាំង​បំផុត​មួយ​របស់​អឺរ៉ុប​។ ​​កង​កម្លាំង​កាំភ្លើង​ធំ​របស់​​ហ្វាំងឡង់ ​គឺ​ជា​កង​កម្លាំង​ធំ​ជាង​គេ​ និង​បំពាក់​អាវុធ​ល្អ​បំផុត​ក្នុង​ចំណោម​សមាជិក​ណាតូ​អឺរ៉ុប​​ដោយ​​​​មាន​កាំភ្លើង​ធំផ្លោង​​ចំនួន​ ១ ៥០០ ដើម​ កាំ​ភ្លើង​ធំ​Howitzer ចំនួន​ ៧០០ គ្រឿង​ កាំ​ភ្លើង​​ត្បាល់​ធុន​ធ្ងន់​ចំនួន​ ៧០០ គ្រឿង​ និង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចំនួន​ ១០០ ដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ញូវយ៉កថែមស៍​ដែល​ស្រង់ទិន្នន័យ​នៃ​​ការ​វិភាគ​មួយ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន​។ ​សមាជិក​ភាព​របស់​ហ្វាំង​ឡង់​​ មិន​ត្រឹម​តែ​ពង្រឹក​កង​កម្លាំង​យោធា​​ណាតូ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​បើក​ផ្លូវ​ឱ្យ​ណាតូ​ ចូល​ទៅ​ច្រក​កំពង់​ផែ​ ដែនអាកាស​ និង​ផ្លូវ​សមុទ្រ​របស់​ហ្វាំងឡង់​ ដែល​នឹង​ពង្រឹង​​សមត្ថភាព​ការពារ​របស់​សម្ព័ន្ធ​ភាពទប់​ទល់​នឹង​រុស្ស៊ី​បាន​​យ៉ាង​ខ្លាំង​ផង​ដែរ​។

​​

​ឧត្តម​នាវីឯក​អាមេរិក​​ចូល​និវត្តន៍​ និង​ជា​អតីត​មេ​បញ្ជាការ​យោធា​ណាតូ​លោក​James G. Stavridis បាន​​ថ្លែង​​ថា​ តាម​ភូមិសាស្ត្រ ​ការ​​ក្លាយ​ជា​សមាជិក​​ណាតូ​​របស់​ហ្វាំងឡង់​ ​ធ្វើ​ឱ្យ​​ស្មុគ​ស្មាញ​ដល់​ការ​គណនា​របស់​លោក​​ ពូទីន​»។ លោក​និយាយ​ថា​៖ «​វា​ជា​ការ​ចំណេញ​ដ៏​ធំ​មួយ​សម្រាប់​ណាតូ​»។

ប្រតិកម្ម​ទៅ​នឹង​ការ​វិវត្តន៍​ចុង​ក្រោយ​​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​របស់​រុស្ស៊ី​ លោក ឌ្មីទ្រី​ ប៉េស្កូវ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ សមាជិក​ភាព​ណាតូ​របស់​ហ្វាំងឡង់​ គឺ​ជា​ការ​វាយ​ប្រហារ​លើ​សន្ដិសុខ​ និង​ផល​ប្រយោជន៍​ជាតិ​របស់​រុស្ស៊ី​។ លោក​បាន​បន្ត​ថា​៖«​​​នេះ​​បង្ខំ​​យើង​​ឲ្យ​​ចាត់​​វិធានការ​​តប​ត​​តាម​​​យុទ្ធ សាស្ត្រ​»​។

ក្នុង​ការ​​លើក​ឡើង​​ដាច់​ដោយ​ឡែក ​ក្រសួង​ការ​បរទេស​រុស្ស៊ី ​បាន​រំឭក​ឡើង​វិញ​នូវ​ការ​គំរាម​​របស់​ខ្លួន​ ក្នុង​ការ​ចាត់​វិធានការ​«​យោធា ​យុទ្ធសាស្រ្ត​​ និង​វិធាន​ការ​សង​សឹក​ផ្សេង​ទៀត​»​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​«​ការ​គំរាម​កំហែង» សម្រាប់​រុស្ស៊ី​​ ពេល​​​ព្រំដែន​ណាតូ​-រុស្ស៊ី ​បាន​កើន​ឡើង​ទ្វេ​ដង​ ក្រោយ​ហ្វាំងឡង់​ក្លាយ​ជា​សមាជិក​ណាតូ​។

​​រុស្ស៊ី​​​​​ប្តេជ្ញា​ថា ​នឹង​ចាត់​វិធានការ​ការពារ​រឹង​មាំ​ជា​ជំហាន​ៗ​ មិន​ថា​​ណាតូ​បង្កើត​ហេដ្ឋារចនា​​សម្ព័ន្ធនៅ​ហ្វាំងឡង់​ ឬ​ដាក់​ពង្រាយ​អាវុធ​ក្នុង​ប្រទេស​នេះ​នោះ​ទេ​។ ​​រុស្ស៊ី​ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ខ្លួន​នឹង​ពង្រឹង​សន្តិសុខ​យោធា​តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាង​លិច​របស់​ខ្លួន​ ជាប់​នឹង​រដ្ឋ​ណាតូ​ទាំង​អស់​ ទាំង​ហ្វាំងឡង់​ ឡេតូនី​ អេស្តូនី​ និង​​លីទុយអានី​។

គួរ​គូស​បញ្ជាក់​ផង​ដែរ​ថា​ ព័ត៌មាន​លម្អិត​ជា​ច្រើន​អំពី​របៀប​ដែល​ហ្វាំង​ឡង់​នឹង​ធ្វើ​​​សមាហរណកម្ម​ទៅ​ក្នុង​ណាតូ​ នៅ​មិន​ទាន់​លាត​ត្រដាង​ឱ្យ​ច្បាស់​នៅ​ឡើយ​ទេ​។ យ៉ាង​ណា​មិញ​ បញ្ហា​ផ្សេង​ៗ​ វា​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាល​ដែល​ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​របស់​ហ្វាំងឡង់ ក្នុង​ការ​សម្រេច​ចិត្ត​ ថា​តើ​ត្រូវ​​ដាក់​​ពង្រាយ​កង​ទ័ព​​ ឬ​សូម្បី​តែ​អាវុធ​នុយក្លេអ៊ែរ​​ពី​​សំណាក់​រដ្ឋ​ជា​សមាជិក​ណាតូ​​​លើ​ទឹក​ដី​ខ្លួន​ ឬ​យ៉ាង​​ណា​នោះ៕