
បេក្ខជននាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ថ្លែងនៅលើឆាកដើម្បីឱ្យអ្នកគាំទ្របោះឆ្នោតឱ្យគណបក្សភឿថៃ ជាគណបក្សប្រឆាំងដ៏សំខាន់នៅកីឡដ្ឋាន Thunder Dome ក្នុងខេត្ត Nonthaburi ភាគខាងជើងរដ្ឋធានីបាងកក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ AFP
ប្រទេសថៃ៖ គណបក្ស ភឿថៃ ឬបក្សអាវក្រហមថៃដែលស្និទ្ធនិងលោកថាក់ស៊ីន បានប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីទាំង ៣ រូបរបស់ខ្លួន និងប្រកាសស្ដារយុត្តិធម៌សង្គមថៃឡើងវិញបក្សនេះឈ្នះឆ្នោត។
គណបក្សភឿថៃបានដាក់បញ្ជីបេក្ខភាពនាយករដ្ឋមន្ត្រី ៣ រូបជាផ្លូវការទៅកាន់គណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃនិងបានបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំមួយ កាលពីថ្ងៃទី៥ខែមេសាឆ្នាំ២០២៣។
សារព័ត៌មានថៃផ្សាយថា បេក្ខភាពនាយករដ្ឋមន្ត្រីទាំង៣ រូបរបស់គណបក្សភឿថៃរួមមានអ្នកស្រី Paetongtarn Shinawatra ជាកូនស្រីរបស់លោកថាក់ស៊ីនលោក Srettha Thavisinជាសេដ្ឋីអចលនទ្រព្យថៃ និងលោក Chaikasem Nitisiriដែលកាន់ការជាប្រធានផ្នែកយុទ្ធសាស្ត្រនយោបាយរបស់បក្ស។
គណបក្សភឿថៃបានរៀបចំយុទ្ធការឃោសនាមួយនៅក្នុងកីឡដ្ឋានThunderក្នុងស្រុក Pak Kret ខេត្ត Nonthaburi ដែលជាមូលដ្ឋានសម្បូរទៅដោយអ្នកគាំទ្របក្សអាវក្រហម។
បេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់របស់បក្សភឿថៃ លោក Chaikasem ថ្លែងថា ការអនុវត្តនីតិរដ្ឋមានសារៈសំខាន់ណាស់នៅក្នុងសង្គមដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនិងជួយប្រជាជន។ ទោះជាយ៉ាងណាក៏ដោយ នីតិរដ្ឋ ត្រូវបានប្រើប្រាស់ខុសដោយរដ្ឋាភិបាល(សំដៅដល់ប្រាយុធ) នៅ៨ ឆ្នាំចុងក្រោយនេះ។
លោកបានបន្ថែមថា ការរំលោភបំពានអំណាចក៏បានកើតឡើងដែរដោយមានតែក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានផលប្រយោជន៍។
លោកបញ្ជាក់ថា ៖«មន្ត្រីរដ្ឋាភិបាលមិនបម្រើប្រជាពលរដ្ឋនិងចាត់ទុកពលរដ្ឋទាំងអស់ត្រឹមតែជាអ្នកបង់ពន្ធ»។
លោកបញ្ជាក់ថាប្រសិនបើបក្សភឿថៃជាប់ឆ្នោតឡើងកាន់អំណាចគណបក្សភឿថៃនឹងវិសោធនកម្មច្បាប់ ឬព្យួរច្បាប់ដែលមិនបម្រើប្រយោជន៍ពលរដ្ឋ ព្រមទាំងធានាឱ្យបាននូវភាពយុត្តិធម៌ក្នុងចំណោមប្រជាជន។
បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សភឿថៃម្នាក់ទៀត លោក Srettha Thavisin ថ្លែងកត់សម្គាល់ថា លោកមានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រី១ រូបក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីទាំង៣ របស់គណ បក្សភឿថៃ។លោកអះអាងថា ខ្លួនបានលាឈប់ពីតំណែងប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Sansiriរួចហើយកាលពីដើមសប្ដាហ៍នេះ។លោកបញ្ជាក់ថា លោកនឹងស្ដារសេដ្ឋកិច្ចថៃឡើងវិញបើសិនជាជាប់ឆ្នោត។
លោកមានប្រសាសន៍ថា៖ «ទោះបីជាខ្ញុំមិនអាចឃើញសមភាពក្នុងចំណោមប្រជាជនថៃក៏ដោយ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថាមនុស្សជំនាន់ថ្មីមានគុណភាពជីវិតកាន់តែប្រសើរឡើង។គណបក្សភឿថៃចង់ឃើញប្រជាជនទាំងអស់មានគុណភាពជីវិតកាន់តែប្រសើរឡើង ដោយធានាថាពួកគេនឹងសិទ្ធិនិងសេរីភាពស្មើភាពគ្នា»។
អ្នកស្រី Paetongtarn Shinawatra ដែលគេស្គាល់ថាជាកូនស្រីរបស់លោកថាក់ស៊ីននោះ មានប្រសាសន៍ថា៖ «បើបក្សភឿថៃឈ្នះឆ្នោតភ្លូកទឹកភ្លូកដីហើយឡើងកាន់អំណាចនោះនឹងអាចនាំប្រទេសចេញពីវិបត្តិបាន»។
ក្រៅពីសន្យាចំពោះយុត្តិធម៌សង្គមគណបក្សអាវក្រហមនេះក៏សន្យាចំពោះការធ្វើឱ្យប្រសើរឡើងនូវជីវភាពពលរដ្ឋ តាមរយៈបរិយាកាសអាជីវកម្ម ការធានាប្រាក់ចំណូលសមរម្យនិងការជំរុញវិស័យបច្ចេកវិទ្យាទៀតផង។
ប្រទេសថៃគ្រោងនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី ១៤ ខែឧសភា ដែលជាលើកទីពីរចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០១៤។
មនុស្សជាង ៥២ លាននាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងបោះឆ្នោតដើម្បីជ្រើសរើសបេក្ខជនកាន់កាប់អាសនៈសភាជាន់ទាបចំនួន ៥០០កៅអី។ ការចុះឈ្មោះបេក្ខជន រួមទាំងបេក្ខភាពបក្សសម្រាប់នាយករដ្ឋមន្ត្រីធ្វើឡើងនៅថ្ងៃទី ៤-៧ ខែមេសា។ ការបោះឆ្នោតសកលឆ្នាំ ២០៣២ នៅថៃជាការប្រកួតគ្នាដ៏តានតឹងផ្នែកនយោបាយរវាងគណបក្សដែលគាំទ្រដោយយោធា និងគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ៕