
នាយករដ្ឋមន្ត្រីចាំផ្ទះលោកប្រាយុធ ចាន់អូចា។ AFP
នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោក ប្រាយុធ ចាន់អូចា បានព្រមានពី គោលនយោបាយរបស់គណបក្សភឿថៃ ដែលសន្យាផ្តល់រូបិយប័ណ្ណឌីជីថលតម្លៃ១០ ០០០ បាត ដល់អ្នកបោះឆ្នោតថា ជាការប្រថុយប្រថានមួយ និងថាគណបក្សភឿថៃត្រូវ «ប្រុងប្រយ័ត្នបំផុត» ចំពោះយុទ្ធសាស្ត្ររបស់ខ្លួន ដែលអាចនាំឱ្យមានបញ្ហាដល់សេដ្ឋកិច្ចជាតិ។ លោក ប្រាយុធ លើកឡើងបែបនេះក្នុងពិធីជួបជុំមួយជាមួយគណបក្សរបស់លោក នាទីក្រុងបាងកក កាលពីល្ងាចថ្ងៃសុក្រ ទី ៧ ខែមេសា។
អតីតមេទ័ពដែលដឹកនាំរដ្ឋប្រហារយោធាទម្លាក់ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ត្រា រូបនេះ ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សUnited Thai Nation Party (UTNP)។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សភឿថៃ បានសន្យាថា នឹងផ្តល់ប្រាក់ចំនួន១ម៉ឺនបាត ជារូបិយប័ណ្ណឌីជីថល ទៅឱ្យពលរដ្ឋថៃគ្រប់រូបដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ប្រសិនបើខ្លួនជាប់ឆ្នោត បានដឹកនាំប្រទេស។
មន្ត្រីជាន់ខ្ពស់គណបក្សភឿថៃប្រកាសថា ទឹកប្រាក់ជារូបបិយបណ្ណឌីជីថលនោះ នឹងត្រូវបានប្រគល់ឱ្យសម្រាប់អ្នកចង់ទទួល ដើម្បីយកទៅចាយវាយទិញទំនិញផ្សេង នៅជិតៗលំនៅឋានរបស់អ្នកទាំងនោះ។
បេក្ខជននាយករដ្ឋមន្ត្រី១ រូបរបស់គណបក្សភឿថៃ លោកSrettha Thavisin បានថ្លែងថា ថវិកាប្រហែល ៥០០ពាន់លានបាតនឹងត្រូវចំណាយលើគោលនយោបាយនានាដែលគណបក្សភឿថៃបានដាក់ចេញដើម្បីដឹកនាំប្រទេស។ ថវិកាទាំងអស់នោះ បានមកពីចំណូលពន្ធ និងការកាត់បន្ថយចំណាយមិនចាំបាច់មួយចំនួនផ្សេងទៀត។
នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុធ បានព្រមានថារូបិយប័ណ្ណឌីជីថលមានហានិភ័យខ្ពស់ណាស់។ លោក បានបន្តថា រូបិយប័ណ្ណឌីជីថល គឺជាអរូបី ហើយមានតែផ្អែកលើការព្រមព្រៀងគ្នារវាងអ្នកប្រើនិងអ្នកផ្តល់សេវាប៉ុណ្ណោះ ទើបអាចដំណើរការចាយវាយបាន។
លោកបញ្ជាក់ថា៖«អ្នកអាចមើលឃើញថា ប្រព័ន្ធរូបិយប័ណ្ណឌីជីថលបានដួលរលំរួចហើយនៅក្នុងប្រទេសមួយចំនួន ដែលប៉ះពាល់ដល់ធនាគារ និងប្រជាជនរបស់ពួកគេ។ ដូច្នេះហើយបានជាយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់»។
លោកបន្ថែមថា គោលនយោបាយរូបិយបណ្ណឌីជីថលនេះ នឹងអាចដំណើរការបានលុះត្រាតែមានការគាំទ្រពីរតនា គារ។
លោកប្រាយុទ្ធ៖ «UTNP(បក្សរបស់គាត់)មានការប្រុងប្រយ័ត្នខ្ពស់នៅពេលនិយាយអំពីថវិកា។ យើងតែងតែធានាថា វាអាចអនុវត្តទៅបាន តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ»។
លោក ប្រាយុធ និយាយផងដែរថា គោលនយោបាយទាំងអស់របស់ UTNP គឺ «អាចអនុវត្តទៅបាន» និង «ចេញពី បេះដូង» ។ លោកថានៅពេលដែលលោកជាអ្នកដឹកនាំប្រទេស លោកបានសម្រេចបាននូវគោលដៅមួយចំនួនដែលបានសន្យារួចហើយ និង គ្រោងនឹងធ្វើការងារបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជនថៃ។
ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតជាសកលដើម្បីជ្រើសតាំងតំណាងរាស្ត្រនិងនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០០៣ ដ៏ខ្លីខាងមុខនេះ៕