ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងធ្វើការជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមចលនាប្រយុទ្ធដែលគាំទ្រ ដោយរដ្ឋាភិបាលអ៊ីរ៉ង់នៅប្រទេសយេម៉ែន ខណៈដែលសង្គ្រាមនៅក្នុងប្រទេសយេម៉ែននេះ កំពុងបង្កការភ័យខ្លាចដល់ទីផ្សារប្រេង និងបានបំផ្លិចបំផ្លាញប្រទេសក្រីក្របំផុតនៅលើឧបទ្វីបអារ៉ាប់ មួយនេះឱ្យខ្ទេចខ្ទីគ្មានសល់។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ ក្រុមមន្ត្រីអារ៉ាប៊ី សាអ៊ូឌីត បានជួបពិភាក្សាពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយសមាជិកក្រុមប្រឹក្សាប្រធានាធិបតីនៃប្រទេសយេម៉ែននៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត។ នេះបើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍អំពីបញ្ហានេះ។
ជំនួបនេះ កើតឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងប្រទេសអារ៉ាប៊ី សាអ៊ូឌីត និងចលនាប្រយុទ្ធហ៊ូធី (Houthi) ដែលជាចលនាគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់។ ឥឡូវនេះ ក្រុមមន្ត្រី អារ៉ាប៊ី សាអ៊ូឌីត និងអូម៉ង់ កំពុងស្ថិតនៅក្នុងរដ្ឋធានីសាណា (Sanaa) ប្រទេសយេម៉ែនដើម្បីរៀបចំកិច្ចព្រមព្រៀងនេះឡើង។
មួយរយៈចុងក្រោយនេះ អារ៉ាប៊ី សាអ៊ូឌីត បានខិតខំយ៉ាងខ្លាំងក្នុងការបញ្ចប់ជម្លោះនៅយេម៉ែនដែលអូសបន្លាយអស់រយៈពេល ៩ឆ្នាំមកនេះ។ កន្លងមក ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុមចលនាប្រយុទ្ធហ៊ូធី និងការបាញ់គ្រាប់មីស៊ីលជាច្រើនទៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានកម្ទេចរោងចក្រផលិតប្រេងរបស់អារ៉ាប៊ី សាអ៊ូឌីត កាលពីឆ្នាំ ២០១៩ ទៀតផង។
ប៉ុន្តែ អារ៉ាប៊ី សាអ៊ូឌីត តែងតែព្យាយាមបញ្ចប់ជម្លោះមួយនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។
ជាក់ស្ដែង បទឈប់បាញ់ក៏ធ្លាប់ត្រូវបានបង្កើតឡើងម្ដងមកហើយដែរ ប៉ុន្តែបានផុតកំណត់កាលពីខែតុលា ឆ្នាំ ២០២២ កន្លងទៅ។ហើយផែនការរៀបចំកិច្ចព្រមព្រៀងសន្តិភាពថ្មីនេះ អាចនឹងត្រូវបានប្រកាសនៅ ២ សប្តាហ៍ខាងមុខនេះពោល គឺមុនពេលដែលថ្ងៃពិសេសរបស់ជនជាតិមូស្លីមដែលគេហៅថា បុណ្យរ៉ាម៉ាដន កន្លងផុតទៅ។ នេះបើយោងតាមប្រភពសុំមិនបញ្ចេញ ឈ្មោះមួយ។
ប្រភពខាងលើ បានបន្ថែមឱ្យដឹងថា តាមរយៈផែនការនៃការរៀបចំកិច្ចព្រមព្រៀងសន្តិភាពថ្មីនេះ គឺជាការបន្តបទ ឈប់បាញ់សាជាថ្មី ពោលគឺធ្វើឱ្យមានសុពលភាពរយៈពេល ៦ ខែ បន្ថែមទៀត។ ក្រោយកិច្ចព្រមព្រៀងនេះត្រូវបានដាក់ចេញសាជាថ្មី នោះផ្លូវសំខាន់ៗ នឹងត្រូវបានបើកឡើងវិញ ហើយការរឹតបន្តឹងលើជើងហោះហើរ និងកំពង់ផែទាំងអស់នឹងត្រូវបានលុប ចេញវិញ។
ភាគីយេម៉ែនវិញ ក៏នឹងយល់ព្រមចូលតុចរចាក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះដើម្បីពិភាក្សា ពីការរំសាយគ្រឿងសព្វាវុធ បង្កើតគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាប្រធានាធិបតីថ្មី ក៏ដូចជាការបង្រួបបង្រួមធនាគារកណ្តាលឡើងវិញ។
ផែនការទាំងអស់នេះ ទំនងជានឹងត្រូវប្រើរយៈពេល ២ ឆ្នាំ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីអារ៉ាប៊ី សាអ៊ូឌីត និងយេម៉ែន បានបដិសេធផ្ដល់ការធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ។
គួររំឭកដែរថា កិច្ចខិតខំផ្សះផ្សាជាមួយក្រុមចលនាប្រយុទ្ធហ៊ូធីនេះ កើតឡើងបន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាក្នុងការស្ដារទំនាក់ទំនងការទូតឡើង វិញនៅក្នុងកិច្ចចរចាមួយកាលពីខែមុន ដែលមានការសម្របសម្រួលដោយប្រទេសចិន។
យោងតាមទីភ្នាក់ងារព័ត៌មានអារ៉ាប៊ី សាអ៊ូឌីត បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ី សាអ៊ូឌីត លោក Khalid bin Salman បានជួបជាមួយប្រធានាធិបតីយេម៉ែន លោក Rashad Al-Alimi នៅទីក្រុងរីយ៉ាដ កាលពីសប្តាហ៍មុន៕