
លោក Phumtham Wechayachai អនុប្រធានគណបក្សភឿថៃ។ BKP
ថៃ៖ កាសែតដឹណេសិនថៃផ្សាយថា មន្ត្រីជាន់ខ្ពស់គណបក្សភឿថៃដែលគេស្គាល់ថាជាបក្សអាវក្រហមថៃ ប្រកាសជាថ្មីថា ខ្លួននឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីហើយអាចបង្កើតរដ្ឋភិបាលតែឯងបាន ដោយមិនចាំបាច់ត្រូវការការគាំទ្រពីបក្ស ការប្រកាសរបស់ Palang Pracharath (PPRP) នោះឡើយ។
អនុប្រធានគណបក្សភឿថៃលោក Phumtham Wechayachai បានមានប្រសាសន៍ថា៖ «គណបក្សភឿថៃបានប្រកាសយ៉ាងច្បាស់តាំងពីដំបូងថា យើងមានបំណងចង់ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដើម្បីយើងអាចបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន»។
ការបញ្ជាក់របស់មេបក្សភឿថៃនេះធ្វើឡើង ១ ថ្ងៃ បន្ទាប់ពីអនុប្រធានគណបក្ស Palang Pracharath លោក Paiboon Nititawan ប្រកាសច្រានចោលឱកាសរួមសម្ព័ន្ធភាពជាមួយគណបក្សភឿថៃ បន្ទាប់ពីការបោះឆ្នោតខែឧសភាខាងមុខ។
មុនដល់យុទ្ធនាការឃោសនាបោះឆ្នោតនៅថៃមានពាក្យចចាមអារ៉ាមជាច្រើនដែលភ្ជាប់ទំនាក់ទំនង រវាងបក្ស ភឿថៃ និងបក្ស Palang Pracharath។
ព័ត៌មានមិនផ្លូវការទាំងនោះលើកឡើងថា បក្សទាំង ២ បានព្រមព្រៀងគ្នាជាសម្ងាត់ដើម្បីចែករំលែកអំណាចបន្ទាប់ពីការបោះឆ្នោត ដើម្បីបើកផ្លូវឱ្យអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា វិលចូលស្រុកវិញទៀតផង។
ទោះជាយ៉ាងណា តំណាងបក្សអាវក្រហមនិងកូនស្រីរបស់លោកថាក់ស៊ីនផង បានចេញមុខបដិសេធព័ត៌មានទាំងអស់នេះ។លោកថាក់ស៊ីនជាស្ថានិករបស់គណបក្សភឿថៃ ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសកំបាំងមុខក្នុងសំណុំរឿងពុករលួយ។
អនុប្រធានគណបក្សភឿថៃលោក Phumtham Wechayachai លើកឡើងថា៖ «ប្រសិនបើចាំបាច់យើងនឹងនាំគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្កើតសម្ព័ន្ធភាព» ដោយអះអាងថា មិនមានហេតុផលណាមួយដែលគណបក្សភឿថៃ ចែករំលែកអំណាចជាមួយ PPRP (គាំទ្រដោយយោធា)នោះទេ។
លោកបានបន្ថែមថា៖ «យើងមានបំណងចង់បានជ័យជម្នះភ្លូកទឹកភ្លូកដីដើម្បីយើងអាចបង្កើតរដ្ឋាភិបាលបាន»។ លោកបន្ថែមថា ថាគាត់មានទំនុកចិត្តថាគណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតប៉ុន្តែមិនប្រាកដថានឹងទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបន្សាបសំឡេងសមាជិកព្រឹទ្ធសភាចំនួន ២៥០ នៅពេលដែលសភាជ្រើសរើសនាយករដ្ឋមន្ត្រី ឬអត់ឡើយ។
រដ្ឋធម្មនុញ្ញថៃឆ្នាំ ២០១៧ អនុញ្ញាតឱ្យព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធាចូលរួមសមាជិកសភាក្នុងការបោះ ឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់រយៈពេល ៨ ឆ្នាំដំបូងរបស់ខ្លួន។ បើគិតចាប់ពីថ្ងៃធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរួចមកនោះបង្ហាញថា សមាជិកព្រឹទ្ធសភាដែលកើតឡើងដោយការតែងតាំងពីសំណាក់ក្រុមយោធានោះ អាចមានសិទ្ធិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីត្រឹមការបោះឆ្នោតលើកនេះទៀតប៉ុណ្ណោះ។
កាលពីការបោះឆ្នោតឆ្នាំ ២០១៩ គណបក្សភឿថៃមានសមាជិកសភាជាប់ឆ្នោតច្រើនជាងគេ ប៉ុន្តែ Palang Prach arath គាំទ្រដោយយោធាបានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សតូចៗចំនួន ១៨ ផ្សេងទៀត រាប់តាំងពីគណបក្សប្រជាធិបតេយ្យរបស់អាភីស៊ីតវាចាជីវ៉ាផង។ សម្ព័ន្ធភាពគាំទ្រដោយយោធានេះជ្រើសតាំងមេរដ្ឋប្រហារឆ្នាំ ២០១៤ ឧត្តមសេនីយ៍ប្រាយុធ ចាន់អូចាជានាយករដ្ឋមន្ត្រី។
អនុប្រធានគណបក្សភឿថៃលោក Phumtham Wechayachai បញ្ជាក់ថា៖ «យើងចង់បានជ័យជម្នះដែលបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនសម្រាប់ការផ្លាស់ប្តូរនៅក្នុងប្រទេស ដែលផ្តល់ឱ្យពួកគេនូវក្តីសង្ឃឹមពីជីវិតកាន់តែប្រសើរ និងអនាគតដ៏ភ្លឺស្វាង»៕